តម្លៃ​ជ្រូក​រស់​បន្ត​ធ្លាក់ចុះ​ត្រឹម​ជាង​៥​ពាន់ ខណៈ​ពលរដ្ឋ​ថា​កំពុង​ដង្ហើមចង្រិត​ហើយ​

501

(​ភ្នំពេញ​)៖​ពលរដ្ឋ​ជាច្រើន​រស់​ស្រុក​កៀនស្វាយ​ ​ខេត្តកណ្តាល​បាន​ត្អូញត្អែរថា​ពេលនេះ​កំពុង​ស្ថិតនៅ​គ្រា​ពិបាក​បំផុត​ដោយសារ​តម្លៃ​ជ្រូក​​របស់​ពួកគាត់​លក់បាន​កាន់តែ​ទាប​គឺ​មួយ​គីឡូក្រាម​ត្រឹមតែ​៥.៣០០​រៀល​ប៉ុណ្ណោះ​ធ្វើឱ្យ​ខាត​ទាំង​ថ្លៃ​ចិញ្ចឹម​និង​ពលកម្ម​ស្ទើរ​រក​និយាយ​មិនកើត​ទៀតឡើយ​។​

​ក្រៅពី​តម្លៃ​ទាប​ខ្លាំង​ហើយ ពេលនេះ​ទោះ​មាន​ជ្រូក​លក់​ក៏ដោយ​គឺ​គ្មាន​ទាំង​ឈ្មួញ​ចុះមក​ទិញ​ឡើយ​ធ្វើឱ្យ​កសិករ​ចិញ្ចឹម​ជ្រូក​ត្រូវ​ទទួលរង​​ការ​ខាត​ធ្ងន់ធ្ងរ ។​បច្ចុប្បន្ននេះ​អ្នក​ចិញ្ចឹម​ជ្រូក​លក្ខណៈ​គ្រួសារ​របស់​ពួកគាត់​ខ្លះ​ត្រូវ​ជំពាក់​បំណុល​គេ​វ័ណ្ឌ​កឯ​ខ្លះទៀត​ត្រូវ​ផ្លាស់ប្តូរ​មុខរបរ​​ថ្មី​និង​ខ្លះ​ត្រូវធ្វើ​ចំណាកស្រុក​ថែមទៀត​។​

​បើតាម​ពលរដ្ឋ​រស់នៅ​ភូមិ​ដីឥដ្ឋ​ជាច្រើន​គ្រួសារ​បាន​ប្រាប់​ឱ្យដឹងថា​ ​តម្លៃ​ជ្រូក​រស់​របស់​ពួកគាត់​ពេលនេះ​កាន់តែ​ធ្លាក់​ថ្លៃ​ធ្ងន់ធ្ងរ​គឺ​កាលពី​មុន​តម្លៃ​ចាប់ពី​៦០០០​ទៅ​៧០០០​រៀល​ក្នុង​មួយ​គីឡូក្រាម​ប៉ុន្តែ​មកដល់​ខែវិច្ឆិកា​និង​ខែធ្នូ​នេះ​តម្លៃ​បាន​ធ្លាក់​មក​ត្រឹម​៥២០០​រៀល​ទៅ​៥៥០០​រៀល​ក្នុង​មួយ​គីឡូក្រាម​ធ្វើឱ្យ​ពួកគាត់​ត្រូវ​ខាតបង់​បន្តបន្ទាប់​ស្ទើរ​លែង​និយាយ​ចេញ​តែម្តង​។​

​ពួកគាត់​បាន​និយាយ​ផង​ថា ក្រៅពី​តម្លៃ​ជ្រូក​ធ្លាក់​ថ្លៃ​ហើយ ចំពោះ​តម្លៃ​ចំណី​ជ្រូក​បែរជា​ឡើងថ្លៃ​ទៅវិញ​ដែល​នេះ​ជា​បន្ទុក​មួយ​ធ្វើអោយ​ពួក​​គាត់​ត្រូវ​រែកពន់​មួយកម្រិត​ទៀត​។​
​ ​
​កំពុង​ឱ្យ​បាយ​ជ្រូក​នៅ​ភូមិ​ដីឥដ្ឋ ស្រុក​កៀនស្វាយ​ខេត្តកណ្តាល លោក​ប្រាក់​សោ​ភ័​ណ្ឌ​ដែលជា​អ្នក​ប្រក​បរបរ​ចិញ្ចឹម​ជ្រូក​អស់​ជាង​២០​ឆ្នាំ​មក​ហើ​បាន​ប្រាប់ថា​ពេលនេះ​បើ​និយាយ​ពី​ការចិញ្ចឹម​ជ្រូក​តាម​គ្រួសារ​នោះ​ឃើញថា​ខាត​ធ្ងន់ធ្ងរ​បំផុត​ដោយ​ជ្រូក​មួយ​ក្បាល​ខាត​ចាប់ពី​២០​ម៉ឺន​ដល់​៣០​ម៉ឺន​រៀល នេះ​មិន​រាប់ទាំង​កម្លាំង​ពលកម្ម​ផង​។​
​ ​
​បុរស​វ័យ​ខ្ទង់​ជាង​៤០​ឆ្នាំ​រូបនេះ​បាន​ប្រាប់​បន្ថែមថា​“​ឥឡូវនេះ​បើ​និយាយ​ពី​រឿង​ខាត​នោះ​គឺ​ល្វីងមុខ​ស្ទើរ​ដេក​មិន​លក់​ទេ​។​ណាមួយ​ជំពាក់​​គេ ណាមួយ​បើ​បិទ​ទ្រង់​ទៅ​មិនដឹង​រក​អ្វី​បន្តទៀត​ពីព្រោះថា​ខ្ញុំ​ប្រកប​របរ​នេះ​ច្រើន​ឆ្នាំ​មកហើយ មិនដឹង​ទៅ​ប្រកប​របរ​អ្វី​ផ្សេង​ដូច​​គេ​កើត​ទេ​”​។​

​ដោយឡែក​អ្នកស្រី​សារឿន​រស់នៅ​ស្រុក​កៀនស្វាយ​នេះដែរ​បាន​ប្រាប់​ដូចគ្នា​ថា​“​អស់​រយៈពេល​ជាង​មួយឆ្នាំ​មកនេះ​ខ្ញុំ​ខាត​រឿង​ចិញ្ចឹម​ជ្រូក​​មករ​ហូត​។​អ្នក​ចិញ្ចឹម​ជ្រូក​តាម​ផ្ទះ​ស្ទើរ​ទាំងអស់​គឺ​គ្មាន​អ្នក​ចំណេញ​ទេ​មានតែ​ខាតដើម​។​ចិញ្ចឹម​ហើយ​ជ្រូក​ធំ​គ្មាន​ឈ្មួញ​មក​ទិញ​ថែមទៀត​។​កាលពីមុន​សំបូរ​ឈ្មួញ​ដើរ​ទិញ​ណាស់ ប៉ុន្តែ​ចាប់ពី​ជ្រូក​វៀតណាម​ចូល​ច្រើន​មក​គឺ​គេ​ទិញ​ជ្រូក​វៀតណាម​ដឹក​ដល់ៗ​កន្លែង​តែម្តង​”​។​

​ទាក់ទិន​នឹង​តម្លៃ​ជ្រូក​រស់​ចុះថោក​ខ្លាំង​នេះដែរ​ ​លោក​ឆោម​ ​សារ៉ន​ ​អ្នក​ចិញ្ចឹម​ជ្រូក​មួយរូប​ទៀត​នៅ​ស្រុក​កៀនស្វាយ​ប្រាប់ថា​ពេលនេះ​ដោយសារ​តម្លៃ​ជ្រូក​ចុះថោក ហើយ​ចំណី​ឡើងថ្លៃ​ធ្វើឱ្យ​គាត់​ខាត​ថ្លៃដើម​ស្ទើរ​ពាក់កណ្តាល​។​គ្រួសារ​គាត់​ជំពាក់​គេ​រៀងរាល់ខែ ហើយ​នៅ​ថ្ងៃ​ខាង​​មុខ​មិនដឹង​ជីវភាព​ធា្ល​ក់​ដល់​កម្រិតណា​ទៀត​ទេ​។​

​ដោយឡែក​សមាគម​អ្នក​ចិញ្ចឹម​ជ្រូក​កម្ពុជា​លោក​ស្រុ​ន​ពៅ​បានបញ្ជាក់​ប្រាប់​ថាបើ​គិតពី​តម្លៃ​ជ្រូក​ធ្លាក់​ថ្លៃ​យ៉ាងខ្លាំង​ចាប់ពី​ដើមឆ្នាំ​២០១៧​មកដល់ពេលនេះ​ធ្វើឱ្យ​កសិករ​ខ្មែរ​ប្រមាណ​ជិត​ពាក់កណ្តាល​ហើយ​ត្រូវ​បញ្ចប់​អាជីព​ចិញ្ចឹម​ជ្រូក​តាម​លក្ខណៈ​គ្រួសារ​។​កសិករ​ចិញ្ចឹម​ជ្រូក​លក្ខណៈ​គ្រួសារ​ខាត​ធ្ងន់ធ្ងរ​បំផុត​រក​អ្វី​មក​និយាយ​មិន​ចេញ​ទេ​។​

​ជាមួយ​តម្លៃ​ជ្រូក​រស់​ចុះថ្លៃ​ប្រធាន​សមាគម​ចិញ្ចឹម​ជ្រូក​ម្ពុ​ជា​រូបនេះ​ក៏បាន​ធ្វើការ​រិះគន់​ដល់​លំហូរ​នៃ​ការនាំ​ជ្រូក​ពី​ប្រទេស​វៀតណាម​ចូលមក​កម្ពុជា​យ៉ាង​គគ្រឹកគគ្រេង​គ្មាន​ការគ្រប់គ្រង​បាន គឺជា​មូលហេតុ​ចម្បង​ធ្វើឱ្យ​ពលរដ្ឋ​កម្ពុជា​រងគ្រោះ​និង​ខ្លះ​ត្រូវ​ជំពាក់​បំណុល​គេ​វ័ណ្ឌក​។​
​ ​
​ជាការ​ឆ្លើយតប​ទៅនឹង​តម្លៃ​ជ្រូក​ធ្លាក់​ថ្លៃ​នេះដែរ​លោក វេ​ង​សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខ​ប្រមាញ់​និង​នេសាទ​បានបញ្ជាក់​ឱ្យដឹងថា បច្ចុប្បន្ន​កម្ពុជា​មាន​ទី​ផ្សារសេរី​និង​ពិសេស​កម្ពុជា​កំពុង​រៀបចំ​ទីផ្សារ​អាស៊ាន​ហេតុនេះ​យើង​មិនអាច​ទប់ស្កាត់​ចំពោះ​ការនាំ​ចូល​ទំនិញ​ពី​បរទេស​បាន​នោះដែរ​ពីព្រោះថា​កម្ពុជា​ក៏មាន​ការនាំចេញ​នូវ​ទំនិញ​ក្នុងស្រុក​ផងដែរ​។​ហេតុនេះ​បើ​យើង​មានការ​ទប់ស្កាត់​ទំនិញ​ពី​ប្រទេស​គេ​នោះ គេ​ក៏មាន​សិទ្ធិ​ទប់ស្កាត់​យើង​វិញ​ដូចគ្នា​។​

​លោក រដ្ឋមន្ត្រី​បាន​បន្ថែមថា “​ហេតុនេះ​យើង​មានតែ​នាំគ្នា​ចូលរួម​ផលិត​ចំណី​ដែលមាន​លក្ខណៈ​ថោក​ដូច​ប្រទេស​គេ​និង​ពិសេស​នាំគ្នា​ចង​​ក្រង​សមាគម​ឱ្យបាន​រឹងមាំ​ដើម្បី​រួមគ្នា​ទាំង​ផលិត​ចំណី​ក៏ដូចជា​ការលក់​ជ្រូក​សាច់​ចេញទៅ​វិញ​”​។​

​គួរបញ្ជាក់​ថាបើ​តាម លោក សេន​សុវណ្ណ អគ្គនាយកដ្ឋាន សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​បានឱ្យដឹង​កាលពី​មុននេះ​ថា​ការ​ចិ​ញ្ចឹ​ជ្រួក​ជា​​លក្ខណៈ​គ្រួសារ នាពេលនេះ​ជួប​ការលំបាក​ខ្លាំង ដោយសារ​ការទិញ​ចំណី​តម្លៃ​ខ្ពស់​,​ការជ្រើសរើស​ពូជ​មិនទាន់​បានល្អ​និង​ពិសេស​ការ​រក​ទីផ្សារ​ជួប​បញ្ហា​ដោយ​ពឹង​ផ្អែកលើ​ឈ្មួញ​ចុះមក​ទិញ​ដែល​គេ​បន្ថោក​តម្លៃ​តែម្តង​។​ទោះបីយ៉ាងណា​សម្រាប់​តម្លៃ​ពិត​ជាក់ស្តែង​កន្លងមក​តម្លៃ​ជ្រូក​រស់​នោះ​គឺ​ចាប់ពី​៧​ពាន់​រៀល​ដល់​៨​ពាន់​រៀល​ក្នុង​មួយ​គីឡូក្រាម​ផងដែរ​៕​ដោយ​៖​ដេប៉ូ​/sn

​តម្លៃ​ជ្រូក​ធ្លាក់​ថ្លៃ​មក​ត្រឹម​ជាង​៥​ពាន់​រៀល​ធ្វើឱ្យ​ពលរដ្ឋ​អ្នក​ចិញ្ចឹម​ជ្រូក​នៅ​កម្ពុជា​ជាច្រើន​ត្រូវ​បិទ​ទ្រង់​និង​ខ្លះ​ជំពាក់​គេ​វ័ណ្ឌក​(​រូប​៖​ដេប៉ូ​)