តម្លៃ​ដីធ្លី​នៅ​ក្រុងកែប​មាន​កំណើន​ខ្ពស់​ចន្លោះ​ពី​២០​ទៅ​៣០​ភាគរយ​

314

(​ភ្នំពេញ​)៖ តម្លៃ​ដី​នៅក្នុង​ក្រុងកែប​កើនឡើង​យ៉ាងគំហុក​នៅ​ឆ្នាំនេះ​ដោយសារតែ​កំណើន​បានកើត​ឡើង​ចន្លោះ​ពី​២០​ទៅ​៣០​ភាគរយ​​នា​ឆ្នាំនេះ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។​
​ ​
​អគ្គនាយក​ក្រុមហ៊ុន​Easy Property Investment​លោក​ម៉ម សិរី​បញ្ញា​បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​រសៀល​ថ្ងៃទី​៧ ខែធ្នូ​នេះ​ថា សកម្មភាព​នៃ​ការទិញ​លក់​ដី​នៅ​ក្រុងកែប និង​តំបន់​ជុំវិញ​បាន​កើនឡើង​ចន្លោះ​ពី​៣០​ទៅ​៤០​ភាគរយ ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ដែល​ធ្វើ​ឲ្យ​តម្លៃ​ដីធ្លី​នៅ​ខេត្ត​នេះ ក៏បាន​កើនឡើង ប្រហាក់ប្រហែលគ្នា​នេះ​ផងដែរ​។​លោក​បន្តថា​បច្ចុប្បន្ន​ដី​នៅ​តំបន់ឆ្នេរ​ក្នុង​ខេត្ត​នេះ​មាន​​តម្លៃ​ចន្លោះ​ពី​២០០ ទៅ​៤០០​ដុល្លារ​អាមេរិក តំបន់ភ្នំ​មានតម្លៃ​ក្រោម​១០០​ដុល្លារ​និង​តំបន់​ជាយៗ​មានតម្លៃ​ចន្លោះ​ពី​៥​ទៅ​៨០​ដុល្លារ​​អាមេរិក​ក្នុង​មួយ​ម៉ែត្រការ៉េ អាស្រ័យ​លើ​ទីតាំង សណ្ឋាន​ដី និង​ទំហំ​ដី​ជាក់ស្តែង​។
​ ​
​លោក​បន្តថា “​ខ្ញុំ​គិតថា​ដី​នៅក្នុង​ខេត្ត​នេះ ពិសេស​តំបន់​ក្នុង​ក្រុង​នឹង​កើនឡើង​ខ្ពស់​បន្ថែមទៀត​នាពេល​អនាគត​ដោយសារ​ខេត្ត​​នេះ​មាន​ភាព​អំណោយផល​លើ​បរិស្ថាន ជា​តំបន់​ប្រវត្តិសាស្ត្រ​និង​អាច​ក្លាយជា​តំបន់​លំហែកាយ​បែប​ឯកជន​របស់​ពពួក​អភិជន​បរទេស​នាពេល​អនាគត​”​។​

​លោក​បន្តថា “​ក្រុងកែប ស័ក្តិ​សមជា​តំបន់​លំហែកាយ​អភិវឌ្ឍ​ជា​រមណីយដ្ឋាន និង​វីឡា​ប្រណីត​បែប​ឯកជន​ដូច​កោះ​បាលី​និង​កោះ​ភូ​កេ​ត​​ជាដើម​”​។​
​ ​
​លោក​ម៉ម សិរី​បញ្ញា​បាន​បន្តថា ខេត្ត​កែប មិនអាច​ធៀប​ជាមួយ​ខេត្ត​ព្រះសីហនុ​ទេ ប៉ុន្តែ​ខេត្ត​នេះ​មាន​សក្តានុពល​ខុសៗ​គ្នា​ហើយ​ដីធ្លី​​ក្នុង​ខេត្ត​ព្រះសីហនុ​ក៏​កំពុង​ឡើងថ្លៃ​ផងដែរ ដោយសារ​កំនើន​នៃ​ការវិនិយោគ របស់​អ្នកវិនិយោគ​មកពី​ប្រទេស​ចិន​។​
​ ​
​កាលពីពេល​ថ្មីៗ​នេះ ខេត្ត​កែប​បានទទួល​ពានរង្វាន់​ពី​គណៈកម្មការ​វាយតម្លៃ​ទីក្រុង​ស្អាត​របស់​អាស៊ាន​ដែល​បានផ្តល់​ឲ្យ​ខេត្ត​នេះ​​នូវ​សូចនាករ​ចំនួន​បី គឺ​ដី​ស្អាត ខ្យល់​ស្អាត និង​ទឹកសមុទ្រ​ស្អាត​។ ក្នុងចំណោម​រាជធានី ខេត្ត​ទាំង​២៥ មានតែ​ខេត្ត​កែប​មួយ​ប៉ុណ្ណោះ ដែលមាន​ឧទ្យាន​ជាតិ​កណ្តាល​ក្រុង​។​
​ ​
​លោកស្រី​ឆាយ ស៊ីវ​លីន​ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​ថ្លែងថា ខេត្ត​កែប​ពិត​ជាមាន​លក្ខណៈពិសេស​ជាច្រើន ដែល​ពេល​យើង​ទៅដល់ មិន​ចង់​ត្រលប់​មកវិញ​នោះទេ ដោយសារតែ​ខេត្ត​នេះ​មាន​បរិស្ថាន​ល្អប្រសើរ មាន​ព្រៃឈើ​ដ៏​ស្រស់ស្អាត មាន​អាហារ​សមុទ្រ​ដ៏​មាន​ឳ​ជា​រស ធៀប​ជាមួយ​ខេត្ត​ដទៃទៀត​។​
​ ​
​លោកស្រី​បន្តថា “​ខ្ញុំ​រំពឹងថា​ខេត្ត​កែប មិនមាន​ការ​ស៊ី​ណូ​នោះទេ ហើយ​ការអភិវឌ្ឍ​ខេត្ត​នេះ គួរ​កុំ​ឲ្យ​មាន​កាស៊ីណូ និង​ថែរ​រក្សា​ឲ្យ​បាន​នូវ​បរិស្ថាន​ដ៏​ល្អ​របស់​ខេត្ត​នេះ​”​។​
​ ​
​ចំណែក​ប្រធាន​សហ​ព័​ន្ឋ​ទេសចរណ៍​កម្ពុជា​លោក​ធួន ស៊ីណាន​ដែល​បាន​វិនិយោគ​លើ​វិស័យ​បដិសណ្ឋារកិច្ច​ក្នុង​ខេត្ត​នេះ​បាន​ថ្លែងថា ការឡើង​តំលៃ​ដី​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លំហូរ​វិនិយោគ​ទៅកាន់​ខេត្ត​នេះ ជាក់ស្តែង​មាន​អ្នកវិនិយោគ​ជាច្រើន​បាន​ចាកចេញ ដោយសារ​ពួកគេ​មិនមាន​ទុន​គ្រប់គ្រាន់​សំរាប់​វិនិយោគ​។​

​លោក​បន្តថា “​ការឡើង​ថ្លៃ​តំលៃ​ដីធ្លី ជាការ​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​មូលដ្ឋាន​ក្តី ប៉ុន្តែ​ការឡើង​ថ្លៃ​ជ្រុល​ហួសហេតុ​ធៀប​នឹង​សកម្មភាព​សេដ្ឋកិច្ច​ដែលមាន វា​ជា​រឿង​ធ្វើ​វិទ​ង្ស​នា​សេដ្ឋកិច្ច ដែល​មិនគួរ​ឲ្យ​កើតមាន​នោះទេ​”៕​ដោយ​:​ច្រាយ ចំណាន​/sn

​ក្រុងកែប ជា​ក្រុង​កំពុង​ទទួលបាន​ការចាប់​អារម្មណ៍​ពី​អ្នកវិនិយោគ​(​រូបថត​ឯកសារ​)​