តម្លៃ​ដំឡូង​មី​បាន​ធ្លាក់ចុះ​អាក្រក់​បំផុត ក្រសួងកសិកម្ម​និង​ពាណិជ្ជកម្ម​ទម្លាក់​ការទទួលខុសត្រូវ​លើ​គ្នា​

1792
ចែករម្លែក

(​ប៉ៃលិន​) ៖ តម្លៃ​ដំឡូង​នៅពេលនេះ​បាន​ធ្លាក់​ចុះមក​នៅត្រឹម​១០០​រៀល​ក្នុង​មួយ​គីឡូក្រាម​សម្រាប់​ដំឡូង​មី​ស្រស់ ដែលជា​តម្លៃ​អាក្រក់​បំផុត និង​មិន​ធ្លាប់មាន​នៅក្នុង​ឧស្សាហ​កម្មនេះ ដែល​ជំរុញ​ឲ្យ​កសិករ​បាន​កាត់បន្ថយ​ការដាំ​ដំណាំ​នេះ​ជា​បណ្តើរៗ​។ នេះ​បើតាម លោក សយ សូផាត ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ប៉ៃលិន​បាន​ប្រាប់​អ្នកសារព័ត៌មាន​ឲ្យ​ដឹង កាលពី​ម្សិលមិញ​។​
​ ​
​លោក សូផាត បន្តថា ពេលនេះ​កសិករ​បាន​ពន្យារ​ការ​គាស់​ដំឡូង ចាប់តាំងពី​ដើមរដូវ​នេះ ដោយសារ​តម្លៃ​ធ្លាក់ចុះ កាន់តែ​អាក្រក់​ទៅៗ​។
​ ​
​លោក​បន្ថែមថា នៅ​ដើមរដូវ​នេះ​តម្លៃ​ដំឡូង​ចន្លោះ​ពី​១,២ បាត​ទៅ ១,៣ បាត​ក្នុង​មួយ​គីឡូក្រាម​ហើយ​នៅ​ខែ​នេះ​បាន​បន្ត​ធ្លាក់​ចុះមក​​នៅត្រឹម ០,៩ បាត (​ប្រមាណ ១០០ រៀល​)​។​
​ ​
​លោក​ថ្លែងថា “…​តម្លៃ​នេះ​អាក្រក់​បំផុត​សម្រាប់​កសិករ ដែល​មិនអាច​ទូទាត់​ថ្លៃដើម​បាន​ផង​…​តម្លៃ​ខ្ពស់បំផុត​សម្រាប់​ដំឡូង​កាលពី​ឆ្នាំ ២០១៤ បាន​កើន​ឡើងដល់​២,២​បាត (​ជាង ២៥០ រៀល​)…”​។​
​ ​
​លោក​បន្តថា និន្នាការ​ការដាំដុះ​ដំឡូង​នឹង​ថយចុះ​បន្តិច​ម្ដងៗ​នៅក្នុង​រដូវ​ក្រោយ​ដោយសារ​វា​មិនអាច​ធានាបាន​នូវ​ទីផ្សារ​ដែល​តាម​ការ​​ប៉ាន់ប្រមាណ​កសិករ​ដាំ​ដុះ​ដំឡូង​ធ្លាក់ចុះ​២០ ភាគរយ​នៅ​រដូវ​នេះ​បើ​ធៀប​នឹង​រដូវ​មុន​ដែលមាន​កសិករ ៩០ ភាគរយ​ដាំដំឡូង​។
​ ​
​អ្នកស្រី ខាត់ ឃៀង ជា​កសិករ​ដែល​ដាំ​ដុះ​ដំឡូង​លើ​ផ្ទៃដី​៧​ហិកតា​នៅ​ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹងថា​អ្នកស្រី​ប្រមូល​ផល​បាន​១២០​តោន​នៅ​រដូវ​នេះហើយ​ខាតបង់​ទាំងស្រុង​។​

​លោក ហ៊ាន វណ្ណ​ហន អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម​ឲ្យ​ដឹងថា ក្រសួង​មិនអាច​ធានា​ទីផ្សារ​សម្រាប់​វិស័យ​ដំឡូង​បានទេ​ព្រោះ​វា​ពាក់​​ព័ន្ធ​នឹង​ក្រសួងពាណិជ្ជកម្ម​ក្នុងការ​ទទួលខុសត្រូវ ខណៈ​លោក​ទទួលស្គាល់ថា តម្លៃ​ដំឡូង​បាន​ធ្លាក់ចុះ​ខ្លាំង​។​លោក​បាន​មានប្រសាសន៍​ប្រាប់​កាសែត​ក្នុងស្រុក​មួយ​ថា ៖ “…​យើង​ដឹងថា តម្លៃ​ដំឡូង​ធ្លាក់ចុះ​ខ្លាំង ប៉ុន្តែ​ប្រទេស​កម្ពុជា​ពឹង​ផ្អែកលើ​ទីផ្សារ​ប្រទេសជិតខាង​ដូច្នេះ​​តម្លៃ​តែងតែ​អាក្រក់​ជាង​ប្រទេស​ផ្សេងទៀត​…​យើង​មិនអាច​ដោះស្រាយ​បញ្ហា​ទាំង​អស់នៃ​ទីផ្សារ​សម្រាប់​កសិករ​បា​ន​ទេ​ដោយសារតែ​វា​​ជា​កាតព្វកិច្ច​របស់​ក្រសួងពាណិជ្ជកម្ម​ក្នុងការ​ស្វែងរក​ទីផ្សារ​ឲ្យ​កសិករ​…”​។​
​ ​
​ចំណែក​លោកស្រី សឹង សុ​ផា​រី អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​បាន​ប្រាប់​សារព័ត៌មាន​ដ​ដែលថា​កសិករ​និង​ក្រសួងកសិកម្ម​ត្រូវតែ​ធ្វើ​ការងារ​​ដោយ​វៃឆ្លាត​ក្នុងការ​ប្រមូល​ព័ត៌មាន​ទាំងអស់​ដែលជា​ប់​ពាក់ព័ន្ធ​ជុំវិញ​ការដាំដុះ​របស់​ប្រទេស​ផ្សេងទៀត​និង​ការជ្រើសរើស​ការកំណត់​ពេល​វេលា​សមស្រប​សម្រាប់​ការដាំដុះ​នៅពេល​តម្រូវការ និង​ទីផ្សារ​ត្រូវការ​។
​ ​
​លោកស្រី​ថ្លែងថា ៖ “…​កសិករ និង​មន្ដ្រី​កសិកម្ម​ត្រូវ​សហការគ្នា និង​ធ្វើ​ការងារ​ដោយ​វៃឆ្លាត​ក្នុងការ​ស្វែងរក​ពេលវេលា​ត្រឹមត្រូវ​សម្រាប់​ការដាំដុះ ពេល​តម្រូវ​ការចាំបាច់ បន្ទាប់មក​តម្លៃ​ដំឡូង​នឹងមិន​ប៉ះពាល់​អាក្រក់​ខ្លាំង​ទេ​…​ដើម្បី​ទទួល​តម្លៃបន្ថែម​លើ​ដំឡូង យើង​ចាំបាច់​ត្រូវមាន​ស្ដង់ដារ​គុណភាព និង​បច្ចេកវិទ្យា​នៃ​ការ​ស្ដុក​ទុក​ដំឡូង​សម្រាប់​ដំឡូង​ស្ងួត និង​រោងចក្រ​កែច្នៃ​…”​។​

​ក្រៅពី​ដំណាំ​ដូចជា​ដំឡូង ល្ពៅ ស្វាយ ម្រេច កៅស៊ូ​… ដែល​កសិករ​កម្ពុជា​ផលិត​បានតែ​តំលៃ​ធ្លាក់ចុះ​រក​ចំណេញ​មិនបាន ការចិញ្ចឹម​ជ្រូក​ក៏​​ជាការ​ត្អូញត្អែរ​មួយទៀត​របស់​កសិករ​ដោយសារតែ​ចិញ្ចឹម​មិន​ចំណេញ​ដោយសារ​ជ្រូក​នាំចូល​ច្រើនពេក ច្រើន​ហួស​ចំនួន​កំណត់​របស់​ក្រ​​សួង​កសិកម្ម​។​អ្នក​ចិញ្ចឹម​ជ្រូក​បាន​ស្រែក​ដង្ហោយ​អោយ​អាជ្ញាធរ​ជួយ ជាពិសេស​ក្រសួងកសិកម្ម តែ​ក្រសួង​ថា​ខ្លួន​មិនអាច​ទប់ស្កាត់​ការ​​លួច​នាំចូល​តាម​ច្រក​លួចលាក់​បានទេ​ហើយ​វា​ជា​សមត្ថកិច្ច​របស់​ប៉ូលិស គយ ឬ​កាំកុងត្រូល​នៅតាម​ព្រំដែន​…sic៕

ដំឡូងមីថ្លៃ១០០រៀលក្នុងមួយគីឡូ

ជ្រូកនាំចូលទាំងស្របច្បាប់និងខុសច្បាប់នាំអោយអ្នកចិញ្ចឹមតាមគ្រួសារឈប់ចិញ្ចឹមស្ទើរទាំងស្រុង