តម្លៃ​ប្រេង​កើនឡើង នៅពេល​អង្គការ OPEC យល់ព្រម​កាត់បន្ថយ​ការផលិត​ប្រេង ១,២ លាន​បារ៉ែល​ក្នុង​មួយថ្ងៃ​ជាមួយ​ដៃគូ​

621
ចែករម្លែក

​សមាជិក​អង្គការ OPEC និង​ប្រទេស​ផលិត​ប្រេង​ចំនួន ១០ ផ្សេងទៀត​រួមទាំង​រុស្ស៊ី​បាន​ឯកភាព​កាលពី​ថ្ងៃ​សុក្រ​ទី​៧​ធ្នូ​ដើម្បី​កាត់បន្ថយ​ទិន្នផល​ប្រេង​ចំនួន ១,២ លាន​បារ៉ែល​ក្នុង​មួយថ្ងៃ​ដើម្បី​ស្រោចស្រង់​ការធ្លាក់ចុះ​តម្លៃ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​។​

​ក្រុម​រដ្ឋមន្ត្រី​ថាមពល​បាន​ឈានដល់​កិច្ចព្រមព្រៀង​នេះ ដែល​នឹង​ចូល​ជា​ធរមាន​ចាប់ពី​ថ្ងៃទី ១ ខែមករា ប៉ុន្តែ​បាន​រុញឱ្យ​តម្លៃ​ប្រេង​កើនឡើង​រួចទៅហើយ​នៅលើ​ទីផ្សារ​ប្រេង​នានា បន្ទាប់ពី​កិច្ចចរចា​រយៈពេល​២​ថ្ងៃ​នៅ​ទីស្នាក់ការ​របស់​អង្គការ OPEC នៅ​ទីក្រុង​វី​យែ​ន​។​

​រដ្ឋមន្ត្រីក្រសួង​ប្រេង​អារ៉ាប់​រួម​អេ​មី​រ៉ា​ត​លោក ស៊ូ​ហា​អ៊ី​ល ម៉ូ​ហា​ម៉េ​ត អាល់​ម៉ាស់​រូ​អ៊ី បាន​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា “​បណ្តា​ប្រទេស​នៃ​អង្គការ OPEC នឹង​រួមចំណែក​កាត់បន្ថយ​ការផលិត​ប្រេង​ចំនួន ៨០០.០០០ បារ៉ែល​ក្នុង​មួយថ្ងៃ ខណៈដែល​ប្រទេស​មិនមែនជា​សមាជិក​អង្គការ OPEC នឹង​រួមចំណែក​ចំនួន ៤០០.០០០ បារ៉ែល​ក្នុង​មួយថ្ងៃ​”​។​

​អង្គការ OPEC និង​ដៃគូ​របស់ខ្លួន​ដែល​ទទួលខុសត្រូវ​ក្នុង​ការផលិត​ប្រេង​ប្រហែល​ពាក់កណ្តាល​លើ​ពិភពលោក បាន​ជួបប្រទះ​នឹង​ការធ្លាក់ចុះ​តម្លៃ​ប្រេង​យ៉ាងខ្លាំង​នៅក្នុង​ទីផ្សារ ពោលគឺ​ធ្លាក់ចុះ​ជាង ៣០ ភាគរយ​ក្នុង​រយៈពេល​២​ខែ​មកនេះ​។​

​លោក​អាល់​ម៉ាស់​រូ​អ៊ី​បាន​និយាយថា ប្រទេស​៣​ត្រូវបាន​អនុញ្ញាតឱ្យ​រួចខ្លួន​ពី​កិច្ចព្រមព្រៀង​នេះ ដោយសារតែ “​កាលៈទេសៈ​ពិសេស​”​។​

​លោក​បាន​បន្ថែមថា “​ប្រទេស​ទាំងនោះ​គឺ​អ៊ីរ៉ង់​និង​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ដោយសារតែ​ការដាក់ទណ្ឌកម្ម​និង​លី​ប៊ី​ដោយហេតុថា​ពួកគេ​ជួន​បិទ​ជួន​បើក​ការផលិត​”​។ លោក​និយាយ​នេះ​គឺ​ចង់​សំដៅ​ទៅលើ​ផលប៉ះពាល់​នៃ​ការបន្ត​ប្រយុទ្ធ​គ្នា​នៅ​លី​ប៊ី​។​

​លោក​អាល់​ម៉ាស់​រូ​អ៊ី​បាន​និយាយថា​ការលើកលែង​នេះ​មានន័យថា​ការកាត់បន្ថយ​ការផលិត​ប្រេង​ដែល​ត្រូវបាន​ណែនាំ​ដោយ​រដ្ឋ​ជា​សមាជិក​ដទៃទៀត​នឹង “​មាន​ខ្ពស់ជាង​កម្រិត​មធ្យម​សម្រាប់​គ្រប់គ្នា​”​។​

​សម្រាប់​រដ្ឋមន្ត្រីក្រសួង​ថាមពល​រុស្ស៊ី លោក អា​ឡិច​សង់​ឌ័​រ ណូ​វ៉ា​ក់ ដែល​ប្រទេស​របស់លោក​ផលិត​ប្រេង​ធំជាងគេ​ទី​២​លើ​ពិភពលោក បាន​និយាយថា កិច្ចព្រមព្រៀង​នេះ​គួរតែ​ជួយ​ឱ្យ​ទីផ្សារ​ឈានដល់​តុល្យភាព ហើយ​បាន​ទទួលស្គាល់ថា ការចរចា “​មាន​ភាពស្មុគស្មាញ​”​។​

​តម្លៃ​ប្រេង​នៅ​ទីផ្សារ Brent របស់​អឺរ៉ុប បាន​កើនឡើង ៤,៤៣ ភាគរយ​កាលពី​ថ្ងៃ​សុក្រ គឺ​ស្មើនឹង ៦២,៧ ដុល្លារ​ក្នុង​មួយ​បារ៉ែល​៕ ដោយ៖ កញ្ញាដាលីស

តម្លៃ​ប្រេង​បាន​ធ្លាក់ចុះ ៣០ ភាគរយ​នៅ​២​ខែ​ចុង​ក្រោយនេះ