តម្លៃ​ពោតក្រហម​រដូវប្រាំង​នេះ​ប្រហាក់ប្រហែល​ឆ្នាំមុន​តែ​កសិករ​ពង្រីក​ផ្ទៃដី​ដាំ​ដុះ​បាន​ច្រើនជាង​

604
ចែករម្លែក
  • 6
    Shares

ដោយ​: គង់​ហេង​កំពង់ចាម​: តម្លៃ​គ្រាប់​ពោតក្រហម​ដែល​កសិករ​បណ្តា​ស្រុក​ចំនួន បួន តាម​ដង​ទន្លេមេគង្គ​នៃ​ខេត្តកំពង់ចាម​បាន​ប្រមូល​ផល​ស្ទើរ ១០០​ភាគរយ​លើ​ផ្ទៃដី​ចម្ការ​ចំនួន​ជាង ១.០០០ ហិកតា ដែល​ទទួលបាន​បរិមាណ​ផល​សរុប​ចំនួន​ជិត​៦.០០០ តោន​នោះ គឺ​លក់បាន​តម្លៃ​ប្រហាក់ប្រហែល​រដូវប្រាំង​ឆ្នាំមុន ២០១៨​។​ដោយ​គ្រាន់តែ​ពង្រីក​ផ្ទៃដី​លើស​ឆ្នាំ​កន្លងទៅ​ជាង ៦០០ ហិកតា​។​

​លោក ឈាង បូ​រិ​ន ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តកំពង់ចាម​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី ៨ មីនាឆ្នាំ​២០១៩​នេះ​ថា បច្ចុប្បន្ន​មាន​ឈ្មួញកណ្តាល​ច្រើន​នាក់​បានធ្វើ​ការប្រមូលទិញ​គ្រាប់​ពោតក្រហម នៅតាម​ផ្ទះ និង​តាម​ចម្ការ​របស់​កសិករ​បា​ន​ដាំ​ដុះ​នា​រដូវប្រាំង តាម​ដង​ទន្លេមេគង្គ​ដែល​បាន និង​កំពុង​ប្រមូល​ផល យកទៅលក់​បន្ត​ឲ្យ​ឈ្មួញ​វៀតណាម​។​

​លោក​ប្រធាន​មន្ទីរ​បាន​បន្តថា​ក្នុងនោះ​សម្រាប់​គ្រាប់ពោត​ក្រហម​ដែល​ប្រឡេះ​ហើយ​ហាល​កម្តៅ​ស្ងួត​តម្លៃ​ជាង​៩០០​រៀល​ក្នុង​មួយ​គីឡូក្រាម​និង​តម្លៃ​ក្នុង​មួយ​គីឡូក្រាម​ដូចគ្នា​សម្រាប់​គ្រាប់​ពោតក្រហម​ទាំង​បណ្តូល​មិនទាន់​ប្រឡេះ​តម្លៃ​ជាង​៧០០​រៀល​។​តម្លៃ​នេះ​គឺ​ប្រហាក់ប្រហែល​នឹង​តម្លៃ​កាលពី​រដូវប្រាំង​ឆ្នាំ​២០១៨​ដែរ​និង​ក៏​ជាត​ម្លៃ​មិន​ខុសគ្នា​នឹង​តម្លៃ​គ្រាប់​ពោតក្រហម​ដូចគ្នា​ដែល​លក់​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​ប្រទេស​ថៃ​នោះដែរ​។​

​លោក ស៊ឹម វីរ​: ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ ខេត្តកំពង់ចាម​បាន​ឲ្យ​ដឹង​ដែរ​ថា កសិករ​ដែល​ដាំ​ដុះ​ពោតក្រហម​នា​រដូវប្រាំង​នេះ​មាន​: ស្រុក​កំពង់សៀម​, ស្រុក​កងមាស​, ស្រុក​កោះសូទិន​និង​ស្រុក​ស្ទឹងត្រង់​គឺ​បច្ចុប្បន្ន​ស្ទើរ​បញ្ចប់​ការប្រមូល​ផល​ស្ទើរ​ទាំងស្រុង​លើ​ផ្ទៃដី​សរុប​ចំនួន ១.៤៧៣ ហិកតា និង​ទទួលបាន​ទិន្នផល​សរុប​ចំនួន ៥.៧៩៧ តោន​។​

​លោក វីរ​: បាន​បន្តថា ប៉ុន្តែ​ឆ្នាំ​២០១៩ នេះ​កសិករ​បាន​ពង្រីក​ផ្ទៃ​ដាំ​ដំណាំ​ពោត​ទាំង​ពោតក្រហម និង​ពោតស​សរុប​ជាង​៣.០០០​ហិកតា​គឺ​កើនឡើង​ជាង​ឆ្នាំ​២០១៨​ជិត​២.០០០​ហិកតា​ដោយ​ប្រមូល​ផល​ក្នុង​បរិមាត្រ​សរុប​បាន​ចំនួន​ជាង​១០​ម៉ឺន​តោន​។​

លោក​ធី​ហួយ​ថៃ​ជា​កសិករ​ដាំពោត​ក្រហម​ម្នាក់​នៅ​ភូមិ​កោះ​ប៉ែន​«​គ​» ឃុំ​កោះ​មិត្ត ស្រុក​កំពង់សៀម​បាន​ឲ្យ​ដឹងថា គ្រួសារ​លោក​បាន​ប្រមូល​ផល​ពោតក្រហម​ពី​ចម្ការ​ចំនួន ពីរ ហិកតា បាន​ផល​ទាំង​សម្បក​ចំនួន ១០ គោយន្ត និង​យកមក​ប្រឡេះ​ជា​គ្រាប់​ដាក់​ហាលថ្ងៃ​ចំនួន បី ថ្ងៃ​ទុក​លក់​ឲ្យ​ឈ្មួញ​មក​ទិញ​ដល់ផ្ទះ​បាន​ប្រហែល បី​តោន ដោយ​តម្លៃ​ជាង ៩០០ រៀល​ក្នុង​មួយ​គីឡូក្រាម​។​

​កសិករ​ដែលមាន​វ័យ ៣០ ឆ្នាំ​ម្នាក់នេះ​បាន​បន្ថែមថា តម្លៃ​នេះ​ទាប​ជាង ប្រមាណ​ជាង ១០០ រៀល​កាលពី​ពោតក្រហម​ដដែល​នេះ​ដល់​លើកដំបូង កាលពី​ជាង​មួយខែ​មុន​នោះ​។ ប៉ុន្តែ​គ្រួសារ​លោក ក៏​ដូច​គ្រួសារ​កសិករ​ដទៃ​ផ្សេងទៀត ចាំបាច់​ត្រូវតែ​លក់​ដើម្បី​យកប្រាក់​ធ្វើ​ការដាំដុះ ពោតក្រហម​សម្រាប់​ប្រមូល​ផល​នៅ​រដូវវស្សា​ឆ្នាំ​ដដែល​នេះ មួយលើកទៀត​៕S/