តម្លៃ​ពោត​ឡើងថ្លៃ​បន្តិច​កសិករ​មានទឹក​មាត់​លេប​

1906
ចែករម្លែក

(​បាត់ដំបង)៖​កសិករ​នៅតាម​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ​មានស្រុក​សំឡូត កំរៀង ភ្នំព្រឹក​និង​សំពៅ​លូន​មាន​ទឹកចិត្ត​ដាំ ពោត​ឡើងវិញ​ព្រោះ​តម្លៃ​ពោត​នៅ​ចុងឆ្នាំ​នេះ​បាន​ស្ទុះ​ឡើងវិញ​បន្តិច​។​កសិករ​មួយចំនួន​រស់នៅ​ស្រុក​ភ្នំព្រឹក ស្រុក​កំរៀង​និង​ស្រុក​សំពៅ​លូន​បាន​ឲ្យ​ដឹងថា​សព្វថ្ងៃនេះ​តម្លៃ​ពោត​​ក្រហម​បាន​កើនឡើង​ថ្លៃ​ខ្ពស់​បន្តិច​ដែល​ពួកគាត់​អាច​ទទួលយកបាន​ក្រោយពី​ទូទាត់​ថ្លៃ​ភ្ជួរ ថ្លៃ​កាច់ និង​ថ្លៃ​ពូជ​រួច​​រាល់​ហើយ​នៅសល់​ចំណេញ​ខ្លះ​គ្រាន់​ផ្គត់ផ្គង់​ជីវភាព​គ្រួ​សារបាន និង​ជម្រុញ​ទឹកចិត្ត​ឲ្យ​ពួកគាត់​ត្រៀម​ដាំ​ដុះ​នៅ​ឆ្នាំក្រោយ​ទៀត​។

​ពួកគាត់​បាន​បញ្ជាក់ថា​តម្លៃ​ពោតក្រហម​កាលពី​ឃែ​៥​និង​៦​កន្លងមកនេះ​បាន​ធ្លាក់​ថ្លៃ​យ៉ាងគំហុក​មិនអាច​ទទួលយក​បានទេ​ដោយ​ក្នុង​១​គីឡូក្រាម​លក់បាន​តម្លៃ​ត្រឹម​ក្រោម​៣​បាត ទៅ​៣.២០​បាត​តែប៉ុណ្ណោះ​ធ្វើ​ឲ្យ​ពួកគាត់​អស់​ទឹកចិត្ត​លែង​ចង់​ដាំ​ដុះ​បន្ត​។ ប៉ុន្តែ​ក្រោយពេល​ធ្វើបាតុកម្ម​ទាមទា​រ​សុំ​តម្លើងថ្លៃ​រួចមក​នៅ​ដើម​ដើមខែ​សីហា​​នេះ​ពោតក្រហម​ទាំង​ស្នូល​មាន​ហាងឆេង​ឡើង​ខ្ពស់​ទៅដល់​ក្នុង​១​គីឡូក្រាម​តម្លៃ​៣.៩០​បាត ដែល​វា​បាន​ជម្រុញ​ទឹកចិត្ត​ពួកគាត់​ជា​កសិករ​ត្រៀម​ដាំ​ដុះ​បន្តទៀត​នៅ​ចុងឆ្នាំ​និង​ដើម​ឆ្នាំក្រោយ​ទៀត​។​
​ ​
ដោយឡែក​ឈ្មួញ​ដែលជា​ម្ចាស់​ស្តង់​ទទួល​ទិញ​ពោត​នៅក្នុង​ភូមិ​គីឡូ​លេខ​៩ និង​គីឡូ​១៣​ឃុំ​ជ្រៃ​សីមា ស្រុក​សំពៅ​លូន​បាន​ឲ្យ​ដឹងថា​បើតាម​ដែល​លោក​ដើរ​ប្រមូល​ទិញ​ទិន្នផល​ពោត​ពី​ប្រជាកសិករ​នៅ​ចុងឆ្នាំ​នេះ គឺ​​មានការ​កើនឡើង​ខ្ពស់ជាង​ឆ្នាំមុនៗ​បន្តិច ហើយ​ចំពោះ​ការទទួល​ទិញ​ពោត​ទាំង​ស្នូល​ពី​កសិករ​គឺ​ក្នុង​១​គីឡូក្រាម​តម្លៃ​៣.៩០​បាត ខ​ណះ​ប្រមូល​ទិញ​កាលពីដើម​ខែកក្កដា​កន្ល​ង​ទៅក្នុង​១​គីឡូក្រាម​តម្លៃ​ត្រឹមតែ​៣​បាត​ឬ​៣.២០​បាត​តែប៉ុណ្ណោះ​តាម​ការបញ្ជាទិញ​ពី​ឈ្មួញ​ក្រៅប្រទេស ហើយ​ពោត​ដែល​លោក​ប្រមូល​ទិញ​ពី​ប្រជាកសិករ គឺ​បាន​យក​បញ្ចូល​ក្នុង​ស្តង់​គៀប​ប្រឡេះ​យក​គ្រាប់​ដើម្បី​លក់​បន្ត​ចូលទៅ​ប្រទេស​ថៃ​។​

​ពាក់ព័ន្ធ​ករណីនេះ​លោក​ឈឹម វ​ជ្ជ​រា​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តបាត់ដំបង​បាន​ឳ្យ​ដឹងថា​ចំពោះ​ទីផ្សារ​ពោតក្រហម​ដែល​ឈ្មួយ​នាំចេញ​មាន​ទៅកាន់​ប្រទេស​ថៃ​និង​ប្រទេស​ចិន ហើយ​បច្ចុប្បន្ននេះ​ដំណាំ​ពោត​កសិករ​កំពុង​បន្ត​ការប្រមូល​ផល និង​នាំចេញ​ស្ថិតក្នុង​តម្លៃ​មួយ​ដែល​កសិករ​រីករាយ​អាច​ទទួលយក​​បាន ដោយឡែក​ការឡើង​ថ្លៃ​បន្តិច​នេះ ដោយសារ​ការប្រមូល​ផល​ពោត​ស្ថិតក្នុង​ដំណាក់​ចុងដៃ ទើប​ធ្វើ​ឲ្យ​ពោត​មាន​ហាងឆេង​ល្អ និង​ម្យ៉ាងទៀត​ពោត​ត្រូវបាន​បងប្អូន​កសិករ​រៀបចំ​មាន​សំណើម​ក្នុង​កំរិត​ទៅតាម​ដែល​ទីផ្សារ​តម្រូវការ​៕S/​ដោយៈ​គ្រញូង​