តម្លៃ​ស្រូវ​​ឡើង​រើបៗ​នៅតាម​រោង​ម៉ាស៊ីន​នានា ខណៈ​ដែល​នៅតាម​តំបន់​ជនបទ​តម្លៃ​នៅ​បន្ត​ធ្លាក់​ថ្លៃ​

718
ចែករម្លែក
  • 19
    Shares

ដោយ​: គង់​ហេង / កំពង់ចាម​: តម្លៃ​ស្រូវ​របស់​ប្រជាកសិករ ដែល​បាន​ដឹក​ជ​ញ្ជួ​ន មក​លក់​នៅតាម​បណ្តា​រោង​ម៉ាស៊ីន​នានា ប្រមាណ ២៥​កន្លែង នៅក្នុង​ខេត្តកំពង់ចាម ហាក់​បាន​កម្រើក​រើបៗ ឡើង​បន្តិច​នៅពេលនេះ​។ ប៉ុន្តែ​ងាក​ទៅខាង​តាម​តំបន់​ជនបទ​វិញ គឺ​តម្លៃ​បាន​នៅតែ​បន្ត​ធ្លាក់​ថ្លៃ​ដដែល​។​

​លោក ឈាង បូ​រិ​ន ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តកំពង់ចាម បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃទី ១៥ កុម្ភៈ​នេះ​ថា នៅថ្ងៃនេះ​លោក​បានទទួល​ព័ត៌មាន​ពី​តាម​បណ្តា​រោង​ម៉ាស៊ីនកិនស្រូវ​ថា ប្រភេទ​ស្រូវប្រាំង​ដែល​កសិករ​កំពុង​ប្រមូល​ផល​ដឹក​មក​លក់​ឲ្យ​ខាង​រោង​ម៉ាស៊ីន​ជាទូទៅ គឺ​កើន​ជាង​រាល់​ថ្ងៃមួយ​គីឡូក្រាម​ពី ២០ ទៅ ៣០ រៀល​។​

​លោក​ប្រធាន​មន្ទីរ​បាន​បន្តថា ក្នុងនោះ​យើង​មាន​រោង​ម៉ាស៊ីនកិនស្រូវ​ចំនួន ២៥​កន្លែង​រង់ចាំ​ទទួល​ទិញស្រូវ​ពី​បងប្អូន​កសិករ​ជា​អ្នក​ផលិត​ស្រូវ​។ ភាគច្រើន នៃ​ម៉ាស៊ីនកិនស្រូវ​ដែល​ទទួល​ទិញស្រូវ​បាន​ច្រើន និង​ទិញ​បាន​រាប់រយ​តោន​ក្នុង​មួយថ្ងៃ នៅជាប់​នឹង​ផ្លូវជាតិ​លេខ​៦ និង​លេខ​៧ ក្នុងស្រុក​ជើងព្រៃ​, ស្រុក​ព្រៃឈរ​, និង​ស្រុក​កំពង់សៀម​ជាដើម​។​

​លោក អៀក ហេង ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ ដ៏​ធំ​មួយ​នៅ​ភូមិ​តា​សែន ឃុំ​សូ​ទិ​ព ស្រុក​ជើងព្រៃ​បាន​ឲ្យ​ដឹងថា រោង​ម៉ាស៊ីន​របស់លោក​ប្រមូល​ទិញស្រូវ ពី​កសិករ​ដែល​បាន​ដឹក​មក​លក់​ដល់​រោង​ម៉ាស៊ីន គឺជា​មធ្យម​ក្នុង​មួយថ្ងៃ​ពី ១៥០ ទៅ ២០០ តោន​។ សម្រាប់​តម្លៃ​ថ្ងៃទី ១៥ ខែកុម្ភ​:​នេះ គឺ​ស្រូវ​ប្រភេទ​អ៊ី​អែ​របាយ​រឹង​មួយ​គីឡូក្រាម​តម្លៃ ៧៣០ រៀល​, ប្រភេទ​ស្រូវ​អ៊ី​អែ​របាយ​ទន់​មួយ​គីឡូក្រាម​តម្លៃ ៧៨០ រៀល និង​ប្រភេទ​ស្រូវ​សែន​ក្រអូប​មួយ​គីឡូក្រាម​តម្លៃ ១.០០០ រៀល​។​

​ម្ចាស់​រោង​ម៉ាស៊ីន​រូបនេះ​បាន​បន្តថា តម្លៃ​នេះ​បាន​ងើបឡើង​តម្លៃ​បន្តិច​ជាង​កាលពី​កំឡុង​មុន​បុណ្យចូលឆ្នាំ​ចិន និង​ក្រោយនេះ​ពីមួយ​គីឡូក្រាម​ចន្លោះ​ពី ១០ ទៅ ៣០ រៀល គឺ​តម្លៃ​ស្រូវ​បច្ចុប្បន្ន​ប្រៀប​នឹង​ទឹករលក ឡើង​ចុះៗ ដូច្នេះ​ដែរ​។​

​លោក ស៊ុ ស្រ៊ាង អាយុ ៣៧ ឆ្នាំ​នៅ​ភូមិ​ដំណាក់​ពង្រ ឃុំ​មៀន ស្រុក​ព្រៃឈរ បាន​បញ្ជាក់ថា ថ្ងៃនេះ​លោក​ដឹង​ជ​ញ្ជួ​ន​តាម​គោយន្ត​នូវ​ស្រូវ​ប្រភេទ ៦៦​ចំនួន ១២ បេ មក​លក់​ឲ្យ​រោង​ម៉ាស៊ីន​ឈ្មោះ ម៉ៅ ស៊ី​ផន នៅ​ភូមិ​អូរ​ដារ ឃុំ​ត្រពាំង​ព្រះ ស្រុក​ព្រៃឈរ​ដែរ គឺ​បាន​មួយ​គីឡូក្រាម​តម្លៃ ៨០០ រៀល​។ ប៉ុន្តែ​តម្លៃ​នេះ​ទាប​ជាង​កាលពី​មួយខែ​មុខ ១០០ រៀល​។​

​លោក អុល វិ​ន វ័យ ៥៦ ឆ្នាំ​នៅ​ភូមិ​កំ​ផ្លាក ឃុំ​បារាយណ៍ ស្រុក​ស្រី​សន្ធរ បាន​ឲ្យ​ដឹង​ដែរ​ថា តម្លៃ​ស្រូវ​ប្រភេទ ៦៦ នៅ​ថ្ងៃទី ១៥ ខែកុម្ភ​:​នេះ​ឈ្មួញកណ្តាល​ប្រមូល​ទិញ​យកទៅលក់​ប្រទេស​វៀតណាម មួយ​គីឡូក្រាម​តម្លៃ ៧៧០ រៀល គឺ​ទាប​ជាង​តម្លៃ​កាលពី​ថ្ងៃទី ១២ កុម្ភ​:​ដដែល​ចំនួន ១០ រៀល​ដែល​ថ្ងៃនោះ​លោក​លក់បាន​ចំនួន ប្រាំ តោន​។ ប៉ុន្តែ​នៅ​ចំនួន ប្រាំ តោន​ទៀត​ទើបបាន​ប្រមូល​នេះ គឺ​មិន​លក់​ទេ​រក្សាទុក​រង់ចាំ​តម្លៃ​ស្រូវ​ឡើង​សិន​។​

​គួរ​បញ្ជាក់ថា តម្លៃ​ស្រូវ​ប្រភេទ​ដូច​បាន​រៀបរាប់​ខាងលើ់​កាលពី​នៅក្នុង​រង្វង់​មុន​ថ្ងៃបុណ្យ​ចូលឆ្នាំ​ចិន គឺ​តម្លៃ​បាន​ធ្លាក់ចុះ​ពី ៣០ ទៅ ១០០ រៀល គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​គ្រួសារ​កសិករ​ជា​អ្នក​ផលិត​ស្រូវ​។ ដោយ​ទើបតែ​ពេលនេះ​ហាក់​កម្រើក​តម្លៃ​ឡើងវិញ គឺអាច​ឲ្យ​កសិករ​ដែល​កំពុង​ប្រមូល​ផល​ស្រូវ​រដូវប្រាំង​ហាក់​មានសង្ឃឹម​ឡើងវិញ​៕