តរាយ​ខ្សែភ្លើង​ឆក់​ត្រី​ដើម្បី​ក្រពះ ភ្លាត់ស្នៀត​បែរជា​ឆក់​ស្លាប់​ខ្លួនឯង​ទៅវិញ​

199

(​ភ្នំពេញ​) ៖ នៅវេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​២​ខែមករា​ឆ្នាំ​២០១៨ បុរស​ជា​កម្មករសំណង់​ម្នាក់ ក្រោយ​បញ្ចប់​ពី​ម៉ោង​ការងារ​ឆ្លៀត​​តរាយ​ខ្សែភ្លើង យកទៅ​ឆក់​ត្រី​តែ​បែ​ភ្លាត់ស្នៀត​ខុស​បច្ចេកទេស​ឆក់​ខ្លួនឯង​ស្លាប់​ទៅវិញ​។​ឧ​ប​ទ្ឬ​វ​ហេតុនេះ​បានកើត​ឡើង​នៅក្នុង​​ភូមិ​ត្រពាំង​អណ្តូង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ។​

​ជនរងគ្រោះ​ឈ្មោះ អ៊ឹម ជា ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់​នៅក្នុង​ការដ្ឋាន កន្លែងកើតហេតុ មាន​ស្រុកកំណើត នៅ​ភូមិ​ទួល​ពពេល ឃុំ​ក្រឡា ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ។​

​តាម​ប្រភព​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុន​កើតហេតុ ជនរងគ្រោះ​ក្រោយពី​បញ្ចប់​ម៉ោង​ធ្វើ​ការងារ​សំណង់ ហេតុតែ​ក្រពះ​ពុំបាន​​គិតដល់​ពី​ហានិភ័យ បញ្ហា​គ្រោះថ្នាក់​ដល់​អាយុជីវិត បាន​តរាយ​ខ្សែភ្លើង ពី​កន្លែងធ្វើការ​យកទៅ​ឆក់​ត្រី តាម​ប្រឡាយ ជា​អកុសល​បែរ​​ជា​ឆក់​ស្លាប់​ខ្លួនឯង​ទៅវិញ បង្ក​ឲ្យ​ភ្ញាក់ផ្អើល ប្រជាពលរដ្ឋ សមត្ថកិច្ច​ចុះទៅ​ពិនិត្យមើល​ជាក់ស្តែង​ដល់​កន្លែងកើតហេតុ ។​

​ជនរងគ្រោះ​ក្រោយពី​ជួប​នូវ​ហេតុការណ៍​អាក្រក់​ដល់​ជីវិត សមត្ថកិច្ច​ជំនាញ​ចុះ​ទៅដល់​កន្លែងកើតហេតុ ដើម្បី​ធ្វើការ​ពិនិត្យ កោសល្យវិច័យ ឃើញថា​ជនរងគ្រោះ​ស្លាប់​ដោយសារ​ឆក់​ចរន្ត ភ្លើង​ដោយ​ខ្លួនឯង ហើយ​ទំនាក់ទំនង​ទៅ​ក្រុមគ្រួសារ ក៏ប៉ុន្តែ​មុននឹង​សាច់ញាតិ​មកដល់ សាកសព​ត្រូវបាន​សមត្ថកិច្ច ដឹក​យកទៅ​តំកល់ទុក​នៅ​វត្ត​អរុណ​វ​តី​ដើម្បី​រង់ចាំ​ក្រុមគ្រួសារ​មក​ទទួល​ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​​នៅ​ស្រុកកំណើត ៕​ដោយៈ​ចាន់តូ​/sn​