តាក់ស៊ី​ហោះ​អាច​នឹងមាន​មែនទែន​នៅត្រឹម​ឆ្នាំ​២០២៥

182
ចែករម្លែក
  • 24
    Shares

​យើងទាំងអស់គ្នា​សុទ្ធតែ​ធ្លាប់​សុបិន​ចង់​ហោះ​រំលង​លើ​ចរាចរ​ដ៏​ចង្អៀត មិន​អ៊ីចឹង​?

​យោងតាម​អ្នកជំនាញ​ដែល​ប្រមូលគ្នា​នៅ​សប្តាហ៍​នេះ​នៅ​មហោស្រព South by Southwest នៅ​ទីក្រុង​អូ​ស្ទី​ន រដ្ឋ​តិច​សាស ក្តី​សុបិន​បែប​នោះ​ទំនងជា​នឹង​កើតមាន​ឆាប់ៗ​នេះ ជាមួយ​រថយន្ត​តាក់ស៊ី​ហោះ​ត្រូវគេ​រំពឹងថា​នឹង​ហោះ​លើ​មេឃ​នៅត្រឹម​ឆ្នាំ ២០២៥​។​

​លោក ម៉ៃ​ឃើ​ល ថែ​ក​ឃើ អនុប្រធាន​ប្រតិបត្តិ​ផ្នែក​បច្ចេកវិជ្ជា​និង​ការច្នៃប្រឌិត​នៅ​ក្រុមហ៊ុន Bell បាន​និយាយថា “​មនុស្ស​បាន​សុបិន​អំពី​វា​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​មកហើយ​នៅលើ​ក្រដាស ហើយ​ឥឡូវនេះ​បច្ចេកវិជ្ជា​នេះ​គឺ​កំពុង​នៅទីនេះ​។ សំណួរ​តែមួយគត់​គឺថា​តើ​យើង​នឹងធ្វើ​អ្វី​ជាមួយ​វា​?”​។​

​លោក​ថែ​ក​ឃើ​បាន​និយាយថា ក្រុមហ៊ុន​របស់លោក​បាន​ចូលរួម​ជាមួយ​ក្រុមហ៊ុន Uber និង​ក្រុមហ៊ុន​ផលិត​យន្តហោះ​ជាច្រើន​រួមទាំង​ក្រុមហ៊ុន Safran របស់​បារាំង​ដើម្បី​បង្កើត​នូវ​រថយន្ត​តាក់ស៊ី​ហោះ ដែល​អាច​ហោះ​ឡើង​ត្រង់​និង​ចុះចត​បញ្ឈរ​ត្រង់​បាន (VTOL)​។​

​តាក់ស៊ី​ហោះ​ឈ្មោះ Nexus នេះ​ត្រូវ​បានបង្ហាញ​ជា​លើកដំបូង​ក្នុង​ខែមករា​នៅ​ពិព័រណ៍​គ្រឿង​អេឡិចត្រូនិក​នៅ​ទីក្រុង​ឡាស​វេ​ហ្គាស​។​

​ក្រុមហ៊ុន ២០ ទៅ ៣០ ផ្សេងទៀត​កំពុងធ្វើការ​ងារ​លើ​គំរូ​តាក់ស៊ី​ហោះ​ស្រដៀង​គ្នា​នេះដែរ ក្នុងនោះ​រួមមាន​ក្រុមហ៊ុន​ទើប​បើក​ថ្មីៗ និង​ក្រុមហ៊ុន​ល្បីៗ ដូចជា​ក្រុមហ៊ុន Airbus ដែល​ថ្មីៗ​នេះ​បានបង្ហាញ​យន្តហោះ​អគ្គិសនី CityAirbus​។​

Uber គ្រោង​នឹង​ដំណើរការ​តាក់ស៊ី​ហោះ​ជា​លើកដំបូង​របស់ខ្លួន​នៅ​ទីក្រុង​ឡូ​ស​អ៊ែន​ជេ​ឡេស​និង​ទីក្រុង​ដាល​ឡាស ដែលជា​ទីក្រុង​កកស្ទះ​ចរាចរ​ធំៗ​ទាំងពីរ​របស់​អាមេរិក​។​

​នៅពេល​សួរ​អំពី​ការប្រើ​ឧទ្ធម្ភាគចក្រ​ជា​ជម្រើស​ជំនួស​តាក់ស៊ី​ហោះ លោក​ថែ​ក​ឃើ​និយាយថា តាក់ស៊ី​ហោះ​មាន​លក្ខណៈ​សន្សំសំចៃ​និង​មាន​សំឡេង​ស្ងាត់​ជាង​។​

​លោក​បាន​ព្យាករណ៍​ថា​តាក់ស៊ី​ហោះ​អាច​នឹង​ចាប់ផ្តើម​ដាក់ឱ្យ​ប្រើប្រាស់​នៅ​ឆ្នាំ ២០២៥៕ ដោយ៖ កញ្ញាដាលីស

តាក់ស៊ី​ហោះ Nexus អាច​នឹងដាក់​ឱ្យប្រើ​ក្នុង​ឆ្នាំ ២០២៥