តាក់ស៊ី ឬ បង្គន់​? ស្ត្រី​ចិន​ម្នាក់​បត់ជើងធំ​ក្នុង​កាត់​ស៊ី បង្ក​ការកកស្ទះ​ចរាច​រណ៍​ក្នុង​ក្រុង​បាងកក​

1448
ចែករម្លែក

នេះ​ជា​អ្វី​ដែល​អ្នក​រត់​តាក់ស៊ី​ត្រូវ​បន្ថែម​ចូល​ក្នុង​បញ្ជី​ចងចាំ​របស់ខ្លួន​អំពី​អ្វី​ដែល​មិន​អាច​ធ្វើ​ក្នុង​រថយន្ត​របស់​ខ្លួន​គឺ ប្រើ​វា​ជា​បង្គន់​។​

​ទោះជា​មាន​ការតវ៉ា​ថា​វា​មក​ដោយ​មិន​បាន​ប្រាប់​ជាមុន ក៏​អ្នក​នៅ​តែ​មិន​អាច​ទទួលយកបាន​។​ជាក់ស្តែង ស្ត្រី​ចិន​មិន​ត្រូវ​បាន​បញ្ចេញ​អត្តសញ្ញាណ​ម្នាក់​បាន​លេច​អាចម៍​​ក្នុង​តាក់ស៊ី​ក្រុង​បាងកក​មួយ​កាលពី​ថ្ងៃ​ពុធ​ទី​២៨​មីនា​កន្លង​ទៅ តែ​មិន​ព្រម​បង់ថ្លៃ​សម្អាត​ទេ ហើយ​នៅតែ​ចចេស​អោយ​តាក់ស៊ី​ជូន​ខ្លួន​ទៅ​កាន់​គោលដៅ​តាម​រថយន្ត​​ដែល​ប្រឡាក់​ស្អុយ​។​

​អ្នកទេសចរ​ចិន​វ័យ​៣០​ឆ្នាំ​រូប​នេះ​បាន​ឡើង​ជិះ​តាក់ស៊ី​និង​ប្រាប់​អោយ​ជូន​ខ្លួន​ទៅ​កាន់​ផ្លូវ​Ratchadapisek Soi 7​។​ក្នុងពេល​ធ្វើដំណើរ នាង​បាន​ប្រាប់​អ្នក​បើក​តាក់ស៊ី​ថា​នាង​​ត្រូវការ​បន្ទប់ទឹក តែ​អ្នក​បើក​មិន​អាច​បត់​ចូល​ស្ថានីយ​ឥន្ធនៈ​មួយ​ដើម្បី​រក​បន្ទប់ទឹក ដោយសារ​ចរាចរណ៍​កកស្ទះ​ពេក​។​

​ដោយសារ​មិន​អាច​រង់ចាំ នាង​ក៏​សំរេច​ការងារ​របស់​នា​ង​នៅលើ​តាក់ស៊ី​តែម្តង​។​មក​ដល់​ត្រឹម​នេះ អ្នកបើក​តាក់ស៊ី រក​អ្វី​និយាយ​មិន​ចេញ​ទេ តែ​បាន​សុំ​ប្រាក់​សំរាប់​សេវា​​លាង​សម្អាត​រថយន្ត តែ​ស្ត្រី​នេះ​មិន​ព្រម ហើយ​គិតតែ​ប្រាប់​អោយ​គាត់​បន្តដំណើរ​ទៅ​កាន់​គោលដៅ​របស់​នាង​។​

​អ្នកបើក​តាក់ស៊ី​បាន​តេ​ហៅ​ប៉ូលិស តែ​ប៉ូលិស​ក្រោយ​មក​ដល់​ឃើញជាក់ស្តែង​ក៏​បាន​ប្រាប់​អ្នកបើកបរ​ថា ខ្លួន​មិន​អាច​ដោះស្រាយ​បាន​ទេ​ព្រោះ​មិនមាន​ច្បាប់​ជាក់ស្តែង​​អំពី​«​ការ​ជុះអាចម៍​ដោយ​ចៃដន្យ​នៅក្នុង​រថយន្ត​»​។​

​ទីបំផុត ស្ត្រី​ចិន​បាន​ចុះ​ដើរ​ធ្វើ​ព្រងើយ និង​អ្នក​បើក​ត្រូវ​សម្អាត​រថយន្ត​ខ្លួនឯង​៕​ដោយ​៖​វាសនា​