តាមពិត​ដែក​ស្ពាន​បេ​ឡេ​មិនមែនជា​ករណី​លួច​ទេ គឺ​ប្រជាពលរដ្ឋ​ជិះទូក​មក​យក​ដែក​ដែល​សេសសល់ ​ពី​ការសម្អាត​ការដ្ឋាន​

1219
ចែករម្លែក

ដោយៈ​សាវ​រក្ស​​/ ភ្នំពេញ ៖ មន្ត្រី​ជំនាញ​នៃ​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​បាន​បញ្ជាក់ថា  ដោយ​ទទួលបាន​ព័ត៌មាន​ពី​ករណី​លួច​កាត់​យក​ដែក​នៅក្រោម​ស្ពាន​បេ​ឡេ​ឫស្សីកែវ នៅ​ព្រឹក​ថ្ងៃទី​៩​ ខែឧសភា ​ឆ្នាំ​២០១៨​នេះ ក្រុម​វិស្វករ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ និង​វិស្វករ​ការដ្ឋាន​របស់​ក្រុមហ៊ុន OCIC បាន​ចុះ​ពិនិត្យ​តួ​ស្ពាន​នៅ​ទីតាំង​កន្លែងកើតហេតុ ឃើញថា មាន​ករណី ប្រជាពលរដ្ឋ​ជិះទូក​មក​យក​ដែក ​ដែល​សេស សល់​ពី​ការសម្អាត​ការដ្ឋាន និង​ដែក​ការពារ​សុវត្ថិភាព​ការដ្ឋាន​ក្នុងពេល​សាងសង់​កន្លងមក ដែល​ការដ្ឋាន​កំពុង​រុះរើ​សម្អាត​ដឹក​ចេញ ។

​ក្រុមមន្ត្រី​ជំនាញ​បន្តថា ចំពោះ​ដែក​បេ​ឡេ​តួ​ស្ពាន​ទាំងមូល គឺ​មិនមាន​ការបាត់បង់ ឬ​ប៉ះពាល់​ដល់​គ្រោង​ដែក​សំណង់​ស្ពាន​ឡើយ​។ អាស្រ័យ ហេតុនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​ជ្រាប និង​សូម​អញ្ជើញ​ធ្វើចរាចរ​ឆ្លងកាត់​ជាធម្មតា​។​

​សូម​រំលឹកថា តាម​ព័ត៌មាន​បឋម​នៅ​កន្លែងកើតហេតុ ស្ពានដែក​បេ​ឡេ ដែល​សាលា​រាជធានី​ភ្នំពេញ​ទើបតែ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់ កាលពី​ល្ងាច​ថ្ងៃទី​៨ ខែឧសភា ស្រាប់តែ​នៅវេលា ម៉ោង​១០​និង​៣០​នាទីយប់ ស្រាប់តែមានការភ្ញាក់ផ្អើលថា មាន​ជនសង្ស័យ​មួយក្រុម​មាន​គ្នា​ជិត​៣០​ទូក ​បានធ្វើ​សកម្មភាព​លួច​កាត់​ដែក​ក្រោម​ស្ពាន តែ​ត្រូវ​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់ ជា​ជនជាតិ​ឥស្លាម​និង​ទូក​ចំនួន​៣​គ្រឿង ។

​ករណី​នេះ បាន​កើតឡើង​នៅវេលា ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃទី​០៨ ខែឧសភា ឆ្នាំ​២០១៨ ក្រោយពី​ក្រុម​សន្តិសុខ​ដែល​យាម​នៅ​គល់ស្ពាន ប្រទះឃើញ​ជនសង្ស័យ​កំពុង​ធ្វើ​សកម្មភាព​ហើយ​រាយការណ៍​ទៅ​កម្លាំង​សមត្ថកិច្ច ឲ្យជួយ​អន្តរាគមន៍​។​

ក្រោយពេលចេញអន្ដរាគមន៍ សមត្ថកិច្ចក៏ឃាត់ខ្លួនបានជនសង្ស័យចំនួន៤នាក់ គឺ​ជនសង្ស័យ​ទី​១.​មានឈ្មោះ មោះ ម៉ូត ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ឥស្លាម មុខរបរ​នេសាទ​ត្រី ស្នាក់​នៅលើ​ទូក​, ជនសង្ស័យ​ទី​២.​មានឈ្មោះ ម៉ាត់ គ្រី​យ៉ា ភេទ​ប្រុស ជនជាតិ​ឥស្លាម អាយុ​៥៦​ឆ្នាំ មុខរបរ​នេសាទ​ត្រី ស្នាក់​នៅលើ​ទូក ស្រុកកំណើត​នៅ​ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង, ជនសង្ស័យ​ទី​៣​.មានឈ្មោះ ទី ស្មាន់​កោះ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ឥស្លាម មុខរបរ​នេសាទ​ត្រី ស្នាក់​នៅលើ​ទូក , និង​ជនសង្ស័យ​ទី​៤​មានឈ្មោះ ទៀត អាតុ ភេទ​ប្រុស ជនជាតិ​ឥស្លាម មុខរបរ​នេសាទ​ត្រី អាយុ​១៧​ឆ្នាំ ស្នាក់នៅ​សង្កាត់​ជ្រោយចង្វារ ​ខណ្ឌ​ជ្រោយចង្វារ​។​

​បើតាម​ការ​ឲ្យដឹងពី​ក្រុម​សន្តិសុខ​ដែល​យាម​នៅ​គល់ស្ពាន​បានបញ្ជាក់ដឹងថា ទូក​ដែល​មក​ធ្វើ​សកម្មភាព​លួច​កាត់​ដែក​ក្រោម​ស្ពាន គឺមាន​រហូត​២០​ទៅ​៣០​ទូក​ឯណោះ តែ​សមត្ថកិច្ច​ឃាត់​បាន​ភ្លាមៗ​តែមួយ​ទូក​ប៉ុណ្ណោះ និង​មាន​ដែក​ដែល​កាត់​រួច​នៅក្នុង​ទូក​មួយចំនួន ចំណែក​ទូក​ផ្សេង​ទៀតហើយ​គេចខ្លួនបាត់ ។

​ក្រោយពី​កើតហេតុ សមត្ថកិច្ច​នៅតែ​បន្ត​តាមរក​នៅតាម​មាត់ច្រាំង​ទន្លេ​រហូតមកដល់​មុខ​វត្ត​ចាស់ ទើប​ប្រទះ​ឃើញ​​ទូក​ពីរ​គ្រឿង ដែលមាន​ជនសង្ស័យ​បួន​នាក់ ដោយមាន​សង្ស័យ​ទើប​ឃាត់​សួរនាំ​និង​ឆែកឆេរ​ក៏​ឃើញ​ម៉ា​ស៊ី​ន​កាត់​ដែក និង​ដែក​មួយចំនួន ដែល​ជនសង្ស័យ​បោះ​ទំលាក់​ចូលក្នុង​ទឹក នៅក្បែរនោះ រួច​នាំខ្លួន​ជនសង្ស័យ​ទាំងនោះ​យកទៅ​សួរនាំ នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វារ ។

​មកទល់​ត្រឹម​វេលា​៩​ព្រឹក​នេះ ជនសង្ស័យ​ទាំងអស់​កំពុង​ឃុំ​ខ្លូ​​ន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន នគរបាល​ខណ្ឌ​ជ្រោយចង្វា ៕​B