តាមរក​ជនសង្ស័យ​មុខសញ្ញា ឃាត់​ប៉ះចំ​ជនសង្ស័យ​គ្រឿងញៀន ឃាត​បាន​២​នាក់ ថ្នាំ​៤​កញ្ចប់​

545
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: ជនសង្ស័យ​២​នាក់ ត្រូវបាន​កម្លាំង​ជំនាញ​ខណ្ឌ​ពោធិ​សែន​ជ័យ កម្លាំង​ប៉ុស្តិ៍​ត្រពាំង​ក្រសាំង​ចាប់​ឃាត់ខ្លួន​បាន រួមជាមួយ​ថ្នាំញៀន​៤​កញ្ចប់ ឧបករណ៍​ជក់ ខណៈដែល​កម្លាំង​តាម​ស្រាវជ្រាវ​ស្វែងរក ជនសង្ស័យ មុខសញ្ញា​លួច តែ​មិន​ជួប​មក​ប៉ះចំ ជនសង្ស័យ​ពាក់ព័ន្ធ​គ្រឿងញៀន​ទៅវិញ កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៩ ស្ថិតនៅ​ផ្ទះសំណាក់ សំណាង មាន​លាភ តាម​ផ្លូវលំ ភូមិ​ត្រពាំង​ក្រសាំង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ​សែន​ជ័យ​។​

​ជនសង្ស័យ​ទាំង​២​នាក់ ឃាត់ខ្លួន​ដោយ​ពាក់ព័ន្ធ​រក្សាទុក​គ្រឿងញៀន ទី​១ ឈ្មោះ ឆូ​យ ណា​ឈី ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ បម្រើ​ការងារ​នៅ​ក្លឹប​ហ្សូ​ម ស្នាក់នៅ ភូមិ​ព្រៃ​ព្រីង​ជើង សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ មាន​ស្រុកកំណើត ភូមិ​កំពង់ហ្លួង ឃុំ​កំពង់ហ្លួង ស្រុក​ពញាឮ ខេត្តកណ្តាល ។ ទី​២ ឈ្មោះ ចាន់ វី ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល ភូមិ​ត្រពាំង​ក្រសាំង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ​សែន​ជ័យ មាន​ស្រុកកំណើត ភូមិ​ច្បារអំពៅ សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ ។​

​ក្នុង​ប្រតិបត្តិ​ការឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ ដកហូត​បាន​ថ្នាំញៀន​៤​កញ្ចប់ ក្នុងនោះ​១​កញ្ចប់​ធំ ឧបករណ៍​ជក់​គ្រឿងញៀន ម៉ូតូ​លេ​ត មួយគ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1CP-6547 ។​

​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ក្រោម​បញ្ជា​ពី​លោក​វរសេនីយ៍ឯក យឹម សារ៉ាន់ អធិការ​ខណ្ឌ​ពោធិ​សែន​ជ័យ ឲ្យ​បង្ក្រាប និង​ទប់ស្កាត់​រាល់​បទល្មើស ផ្សេងៗ​ក្នុង​មូលដ្ឋាន ទើប​កម្លាំង​ជំនាញ​ខណ្ឌ រួមជាមួយ​កម្លាំង​ប៉ុស្តិ៍​ត្រពាំង​ក្រសាំង ស្រាវជ្រាវ​តាម​ស្វែងរក​ជនសង្ស័យ ជា​មុខសញ្ញា​លួច ក្នុង​មូលដ្ឋាន ក្រោយពី​ទទួល​ពត៌មាន បក្ខពួក​ជនសង្ស័យ ធ្លាក់​ចេញចូល ជួល​បន្ទប់​ផ្ទះសំណាក់​ខាងលើ​ដេក ទើប​កម្លាំង​ចុះទៅ តែ​រក​មិន​ជួប បែ​ជា​មកជួប ជនសង្ស័យ​២​នាក់ ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ទៅវិញ ទើប​ចាប់​ឃាត់ខ្លួន​តែម្តង ។​

​ជនសង្ស័យ រួមជាមួយ​វត្ថុតាង សមត្ថកិច្ច​នាំយកទៅ​សាកសួរ​នៅ​ផ្នែក​ជំនាញ អធិការដ្ឋាន​ខណ្ឌ​ដើម្បី​កសាង​សំណុំរឿង តាម​នីតិវិធី​៕