តាមរយៈ​កិច្ចព្រមព្រៀង​យោធា វៀតណាម​ទាក់ទាញ​អឺរ៉ុប​មក​ចូលរួម​ជម្លោះ​ដែនទឹក​ដ៏​អឺងកង​នៅ​សមុទ្រ​ចិន​ខាងត្បូង​ ​

557
ចែករម្លែក

​កាលពី​ថ្ងៃ​០៥​សីហា មាន​សញ្ញា​នៃ​ការចាប់​ពន្លក​ទំនាក់ទំនង​អន្តរជាតិ​មួយ ក្នុងពេល​ពិភពលោក​ជួប​អារិភាព​ខាង​ពាណិជ្ជកម្ម រូបិយប័ណ្ណ​និង​កិច្ចការ​ទូត​កាន់តែ​ពុះកញ្ជ្រោល​ឡើង​​គឺថា សហភាព​អឺរ៉ុប​និង​វៀតណាម​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​យោធា​ជា​ប្រវត្តិសាស្ត្រ​មួយ និង​ជា​លើក​ដំបូង​ផង​ដែរ​នៅ​អាស៊ី​។​

​កិច្ចព្រមព្រៀង​នេះ​បើកផ្លូវ​សំរាប់​វៀតណាម​ចូលរួម​ក្នុង​បេសកកម្ម​យោធា​អឺរ៉ុប ប្រតិបត្តិការ​ថែរក្សា​សន្តិ​សភាព​និង​កិច្ចសហការ​យោធា ហើយ​វា​បាន​កើតឡើង​ចំពេល​អឺរ៉ុប​ពង្រីក​​មហិច្ឆតា​យុទ្ធសាស្ត្រ​របស់​ខ្លួន​នៅ​អាស៊ី​ខាងកើត ចំ​ពេល​មាន​ការព្រួយបារម្ភ​អំពី​ការពង្រីក​វត្តមាន​កងទ័ពជើងទឹក​ចិន​ក្នុង​ដែនទឹក​ជម្លោះ​។​

​ទោះ​ជា​ពួក​មហាអំណាច​អឺរ៉ុប​ចង់​រក្សា​ទំនាក់ទំនង​ដ៏​មាំមួន​និង​ប្រកបដោយ​ផ្លែផ្កា​ជាមួយ​ចិន ពួកគេ​ក៏​បង្ហាញ​ចេតនា​អនុវត្ត​អ្វីដែល​ពួកគេ​ថា «​ការរក្សា​សណ្តាប់ធ្នាប់​ផ្អែកលើ​​ច្បាប់​នៅក្នុង​តំបន់​»​។​នៅ​ប៉ុន្មាន​ឆ្នាំ​មកនេះ​អង់គ្លេស​និង​បារាំង​បាន​បង្កើន​វត្ត​មាន​ជើង​ទឹក​របស់​ខ្លួន​នៅក្នុង​ដែនទឹក​ជិតៗ​ចិន​នៅ​ពេល​សហភាព​អឺរ៉ុប​និង​សមាជិក​សំខាន់ៗ​​របស់​ខ្លួន​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​និង​យុទ្ធសាស្ត្រ​ជាមួយ​រដ្ឋ​តូចៗ​ជាង​នៅ​អាស៊ីអាគ្នេយ៍​។​

​ប្រធាន​គោលនយោបាយ​ការបរទេស​អឺរ៉ុប លោកស្រី​ហ្វេ​ដេ​រីកា ម៉ូ​ហ្គេរី​នី​( Federica Mogherini)​ត្រូវបាន​នាយករដ្ឋមន្ត្រី​វៀតណាម​ស្វាគមន៍​នៅ​ក្រុង​ហាណូយ​កាលពី​ថ្ងៃ​៥​សីហា​

​មាន​ហេតុផល​ច្រើន​សំរាប់​អឺរ៉ុប​ចូល​មក​ពាក់ព័ន្ធ​អាស៊ី​ខាងកើត​។​

​ដំបូង វា​មាន​នៅក្នុង​គោលការណ៍​របស់​សហភាព​អឺរ៉ុប​និង​ជា​លទ្ធិ​យុទ្ឌសាស្ត្រ​របស់​ខ្លួន​។​នៅពេល​សហគម​ន៍​មួយ​នេះ​នៅ​រក្សា​អព្យាក្រិតភាព​អំពី​ជម្លោះ​ទឹកដី​និង​ដែន​សមុទ្រ​ក្នុង​​សមុទ្រ​ចិន​ខាងត្បូង យុទ្ធសាស្ត្រ​សកល​ឆ្នាំ​២០១៦​របស់​ខ្លួន​អំពាវនាវ​អោយ​រដ្ឋ​ជា​សមាជិក​«​រក្សា​សេរីភាព​នាវាចរណ៍​» គោរព​ច្បាប់​សមុទ្រ​និង​លើកទឹកចិត្ត​ចំពោះ​ដំណោះស្រាយ​ដោយ​​សន្តិវិធី​នៃ​ជម្លោះ​សមុទ្រ​។​

​ជាងនេះទៀត យុទ្ធសាស្ត្រ​សន្តិសុខ​សមុទ្រ​ឆ្នាំ​២០១៤​របស់ខ្លួន រំពឹង​ថា​កងកម្លាំង​ប្រដាប់អាវុធ​របស់​សមាជិក​សហភាព​អឺរ៉ុប​នឹង​«​ដើរតួនាទី​យុទ្ធសាស្ត្រ​មួយ​នៅ​សមុទ្រ​និង​ចេញពី​​សមុទ្រ​»​ដោយ​ទទួលខុសត្រូវ​ការងារ​សមុទ្រ​ពេញលេញ​។ នេះ​រួមមាន ការគាំទ្រ​សេរីភាព​នាវាចរណ៍ នៅក្នុង​ដែនទឹក​អន្តរជាតិ​និង​រារាំង​«​សកម្មភាព​ខុសច្បាប់​»​។​

​បន្ថែម​លើ​ការប្តេជ្ញា​ចិត្ត​រក្សា​សន្តិសុខ​សមុទ្រ​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង វា​ទំនងជា​ថា​ការចោទប្រកាន់​ថា យោ​ធូប​នីយកម្ម​គ្មាន​ពេល​ថយ​ក្រោយ​របស់​ចិន​ក្នុង​តំបន៉​ជម្លោះ បង្ក​​ការ​គំរាម​ដោយ​ផ្ទាល់​ចំពោះ​តំលៃ​ជា​មូលដ្ឋាន​ទាំងនេះ​។​

​ដូច្នេះ​កិច្ចព្រមព្រៀង​យោធា​របស់​វៀតណាម​ជាមួយ​សហភាព​អឺរ៉ុប បញ្ជាក់​ពី​ការសន្យា​តាំងចិត្ត​របស់​អឺរ៉ុប​ក្នុង​ការជួយ​ប្រទេស​តូចៗ​ការពារ​សិទ្ធិ​អធិបតេយ្យភាព​របស់​គេ​និង​ផល​​ប្រយោជន៍​ស្របច្បាប់​របស់​គេ ព្រមទាំង​«​ការពារ​សណ្តាប់ធ្នាប់​ពហុភាគី​ផ្អែកលើ​ច្បាប់ » នេះ​បើ​តាម​ការអះអាង​របស់​មន្ត្រី​អឺរ៉ុប​ម្នាក់​។​

​តែ​សំរាប់​ភាគី​ចិន វា​ជា​ការ​កៀរគរ​កម្លាំង​ប្រឆាំង​ចិន​ខណៈ​វៀតណាម​នៅ​មិនទាន់​មាន​កម្លាំង​សមល្មម​អាច​តតាំង​ជាមួយ​ចិន​ក្នុង​ការអះអាង​ដណ្តើម​ដែល​ទឹក​ក្នុង​សមុទ្រ​ចិន​​ខាងត្បូង​ជាមួយ​មហាអំណាច​ចិន និង​វា​ក៏​ត្រូវ​នឹង​យុទ្ធសាស្ត្រ​លោកខាងលិច​ក្នុងការ​ទប់​ការ​ងើបឡើង​យ៉ាង​លឿន​របស់​ចិន​។​

​ពេល​នៃ​ការ​ចាប់ដៃ​គ្នា​នេះ​សំខាន់ ដោយសារ​តែ​មួយ​ខែ​មក​នេះ វៀតណាម​និង​ចិន​បាន​ប្រឈម​មុខ​គ្នា​នៅ​សមុទ្រ ដោយសារ​តែ​នាវា​ស្រាវជ្រាវ​ចិន​មួយ​ចូល​មក​ស្រាវជ្រាវ​រក​ប្រេង​​នៅ​តំបន់​ដែល​ប្រទេស​ទាំង​២​អះអាង​ជា​របស់​ផង​ខ្លួន​។​

​សូមបញ្ជាក់​ថា នៅ​មួយ​ទសវត្សរ៍​មក​នេះ វៀតណាម​បាន​បង្កើន​កិច្ចខិតខំ​ការទូត​ក៏ដូចជា​យោធា​ដើម្បី​រារាំង​កុំអោយ​ចិន​ទន្ទ្រាន​ចូលក្នុង​តំបន់​ដែល​វៀតណាម​ថា​ជា​របស់​ខ្លួន​និង​​រំខាន​ការនេសាទ​និង​ការធ្វើ​អាជីវកម្ម​ថាមពល​របស់​ខ្លួន​នៅ​សមុទ្រ​ចិន​ខាងត្បូង​។​ទោះជា​យ៉ាងណា ចិន​តែង​អះអាងថា នាវា​របស់​ខ្លួន​តែងតែ​ធ្វើ​សកម្មភាព​នៅក្នុង​ដែល​អធិប​​តេ​យ្យ​ភាព​របស់​ខ្លួន​តែ​ប៉ុណ្ណោះ​។​

​សហភាព​អឺរ៉ុប​ក៏​មាន​កិច្ចព្រមព្រៀង​ស្រដៀង​គ្នា ជាមួយ​សម្ពន្ធមិត្ត​របស់​អាម៉េរិក ដូចជា​អូស្ត្រាលី ដែល​ក៏​មាន​ការព្រួយបារម្ភ​អំពី​វត្តមាន​ចិន​ដែរ​។​

​កិច្ចព្រមព្រៀង​នេះ​អាច​ជា​ការចាប់ផ្តើម​នៃ​ការពង្រីក​សកម្មភាពរ​បស់​កងកម្លាំង​អឺរ៉ុប​នៅ​អាស៊ី​អាគ្នេយ៍​។​នៅពេល​អាម៉េរិក​និង​ជប៉ុន​បាន​ជួយ​សម្រួល​ដល់​ការ​ល្បាត​របស់​កងកម្លាំ​​ឆ្មាំ​សមុទ្រ​ក្នុងចំណោម​ប្រជាជាតិ​តូចៗ​នៅ​អាស៊ី​អាគ្នេយ៍​អស់​ពេល​១​ទសវត្សរ៍​មក​ហើយ សហភាព​អឺរ៉ុប​អាច​ហក់​ចូល​ក្នុង​ទិសដៅ​ដូចគ្នា​។​ជាមួយ​អង់គ្លេស បារាំង​និង​អាល្លឺម៉ង់ សហ​​ភាព​អឺរ៉ុប​អាច​បន្ត​បង្កើន​ទំនាក់ទំនង​យុទ្ធសាស្ត្រ​ជាមួយ​ប្រទេស​ជិតខាង​ចិន រួមមាន ម៉ាឡេស៊ី ហ្វីលីពីន ឥណ្ឌូនេស៊ី និង​សិង្ហ​បុរី មានន័យថា អាច​នឹង​មាន​កិច្ចព្រមព្រៀង​យោធា​​បន្ថែមទៀត​។​

​អឺរ៉ុប​អាច ហើយ​នឹង​ផ្តល់​ជំនួយ មិន​ថា​ជា​ជំនួយ​យោធា សមយុទ្ធ​យោធា​រួមគ្នា និង​ការហ្វឹកហាត់ ឬ​ការផ្ទេរ​បច្ចេកវិទ្យា ដើម្បី​ធ្វើអោយ​ប្រសើរ​ឡើង​សមត្ថភាព​ស៊ើបការណ៍​និង​សន្តិ​​សុខ​សមុទ្រ​ក្នុងចំណោម​ប្រទេស​ទាំងនេះ​។​

​ប្រទេស​នៅ​អឺរុប​ជាច្រើន​បាន​រុញច្រាន​ការពង្រីក​វត្តមាន​ចិន​នៅក្នុង​សមុទ្រ​អាស៊ី​អាគ្នេយ៍​ដោយ​អង់គ្លេស​និង​បារាំង​តែង​បញ្ជូន​នាវាចម្បាំង​ទៅកាន់​ដែនទឹក​ជិតៗ​ចិន​។​ប្រទេស​​ទាំងពីរ មាន​បង្ហាញ​ការប្តេជ្ញា​ចិត្ត​រក្សា​សេរីភាព​នៃ​នាវាចរណ៍​និង​ការហោះ​រំលង​ដែនទឹក​ជាប់​ចិន​។​

​អង់គ្លេស​បាន​បង្ហាញ​បំណង​បញ្ជូន​នាវា​ដឹក​យន្តហោះ Queen Elizabeth​ទៅកាន់​សមុទ្រ​ចិន​ខាងត្បូង​។ តាមរយៈ​ការបញ្ជូន​កងទ័ព​ជើង​ទឹក​ទៅកាន់​ដែនទឹក​មាន​ជម្លោះ​និង​​កិច្ចព្រមព្រៀង​យោធា​ជាមួយ​ប្រទេស​អាស៊ី​តូចៗ អឺរ៉ុប​បន្ថែម​ភាពស្របច្បាប់​ដល់​ប្រតិបត្តិការ​សេរីភាព​នាវាចរណ៍​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ។​និយាយ​អោយ​ខ្លី​មក អឺរ៉ុប​​និង​អាម៉េរិក បូក​រួម​ទាំង​មហាអំណាច​ជើង​ទឹក​ជប៉ុន ឥណ្ឌា​និង​អូស្ត្រាលី ឥឡូវ​រួមដៃគ្នា​អនុវត្ត​សេរីភាព​សមុទ្រ មានន័យថា​រួម​គ្នា​ទប់ទល់​នឹង​ចិន​៕​ប្រែ​សម្រួល​៖​វាសនា​

#