តាម​ការ​ផ្សង​របស់​គោ​ឧសភរាជ បាន​បង្ហាញថា ភោគផល​ស្រូវ​ឆ្នាំនេះ​នឹង​បាន​រហូតដល់​៩៥​ភាគរយ​

1790
ចែករម្លែក

ដោយ : វិបុល / ​ស្វាយរៀង ៖ តាម​ការ​ផ្សង​របស់​គោ​ឧសភរាជ បានបង្ហាញ​ឲ្យ​ដឹងថា ការបង្កើន​ផល​នៅ​ឆ្នាំ​២០១៧​នេះ ស្រូវ ពោត និង​សណ្ដែក នឹង​ទទួលបាន​ភោគផល​យ៉ាង​ល្អប្រសើរ ដោយ​គោ​ឧសភរាជ​បាន​បរិភោគ​ស្រូវ​ចំនួន​៩៥​ភាគរយ​, ពោត​៩៥​ភាគរយ​, សណ្ដែក​៨០​ភាគរយ​។ ដោយឡែក​ល្ង ស្មៅ ស្រា និង​ទឹក គោ​ឧសភរាជ​មិន​បរិភោគ​នោះឡើយ ។​

​ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល ក្រោម​ព្រះរាជាធិបតី​ព្រះមហាក្សត្រ​ខ្មែរ ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី នា​ព្រឹក​ថ្ងៃ​សុក្រ ទី​០៣ ខែឧសភា ឆ្នាំ​២០១៨​នេះ ត្រូវបាន​ធ្វើឡើង​តាម​លំ​អាន​ព្រះរាជ​បវេណី​តាមបែប​ព្រហ្មញ្ញសាសនា​ជា​បន្តបន្ទាប់ ដោយ​មានការ​បួងសួង​ដល់​វត្ថុ​សក្ដិ​សិទ្ធ និង​ទេវតា​ថែរក្សា​ចក្រ​វា​ឡ​ពី​ព្រាហ្មណ៍​ព្រះរាជ​គ្រូ ដើម្បី​បួងសួង​ឲ្យ​ការបង្កបង្កើន​ផលរប​ស់​ប្រជាពលរដ្ឋ​ទទួលបាន​ភោគផល​ល្អ និង​សូម​ឲ្យ​ប្រទេស​កម្ពុជា បាន​ជួបតែ​សុខសន្តិភាព និង​រីកចម្រើន ។​

​មិន​ខុស​បណ្តា​ឆ្នាំ​កន្លងទៅ​នោះដែរ​ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល​នា​ព្រឹក​ថ្ងៃនេះ ក៏មាន​ការអញ្ជើញ​ចូលរួម​ពី សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា​, សម្តេច​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា មន្ត្រីរាជការ​តាម​ក្រសួង​ស្ថាប័ន​នានា កងកម្លាំងប្រដាប់អាវុធ ព្រមទាំង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ ។​

​ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល​នៅ​ឆ្នាំនេះ​ធ្វើឡើង​នៅ​ទី​ព្រះ​ស្រែ ក្នុងភូមិ​ស្រះ​វង់ សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង ដែលមាន​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង ធ្វើជា​ស្តេច​មាឃ និង​លោកស្រី ឈុន ណា​រី ធ្វើ​មេ​ហួ​។​

​នៅក្នុង​ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល​នៅក្នុង​ខេត្តស្វាយរៀង ក៏​មិន​ខុសពី​បណ្តា​ឆ្នាំ​កន្លងទៅ​ដែរ នៅ​កន្លែង​ប្រារព្ធ​ពិធី​មានការ​រៀបចំ​តាំង​បង្ហាញ​នូវ​ផលិតផល​កសិកម្ម សិប្បកម្ម​ក្នុងស្រុក ក៏ដូចជា​បង្ហាញ​នូវ​សកម្មភាព​នានា​របស់​ក្រសួង​ស្ថាប័ន​នានា ៕