តាម​វាយោ​! ទ្វារ​បើក ហើយ​ទ្វារ​ក៏​អាច​បិទ

519
ចែករម្លែក

កាលពី​ព្រឹក​ថ្ងៃទី​៤ ខែមីនា​កន្លងទៅ​ក្នុង​ពិធីបើកការដ្ឋាន​អនុវត្តន៍​គម្រោងការ​ពា​រ​ទឹកជំនន់ និង​កែលំអ​ប្រព័ន្ធ​ប្រឡាយ​លូ ក្នុង​រាជធានី​ភ្នំពេញ ជំហាន​ទី​៤ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បានប្រកាស ព្រមាន​បិទទ្វារ មិន​អនុញ្ញាត​ឲ្យ​អតីត​អ្នកតំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​ទេ ក្នុងអំឡុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណីជាតិ នា​ពាក់កណ្តាល​ខែមេសា​ខាងមុខ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាសថា បើសិនជា​អតីត​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅតែ​បន្ត​ព្រងើយកន្តើយ​មិន​ទទួលយក​ឱកាស ដែលមាន ឬក៏​បន្តធ្វើ​ទង្វើ​ណា មិន​គប្បី ពិសេស​គិតតែ​ពី​ទាមទារ​លក្ខខណ្ឌ​នេះ​-​លក្ខខណ្ឌ​នោះ​តទៅទៀត ។ ឱសានវាទ​នោះ នៅមុន ឬ​ក្រោយ​ចូលឆ្នាំ​ខ្មែរ​ខាងមុខ នា​ពាក់កណ្តាល​ខែមេសា​ខាងមុខ​នេះ​។​

​ក្រៅពី​ប្រកាស​ព្រមាន​ជា​សារ​នយោបាយ​ដោយ​ប្រយោល​នោះ សម្តេច​តេ​ជោ​ហ៊ុន សែន ក៏បាន​ប្រកាស​ជំហរ​ដាច់​អ​ហំ​ង្កា​រថា គ្មាន​ឡើយ ការចរចា ឬ​ការសម្របសម្រួល​នយោបាយ ណាមួយ រវាង​សម្តេច និង​អតីត​បក្សប្រឆាំង គឺ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។​

​កាលពី​ថ្ងៃទី​២១​កុម្ភៈ ឆ្នាំ​២០១៩ ក្រសួងមហាផ្ទៃ បានចេញ​សេចក្ដីណែនាំ ស្ដីពី បែបបទ និង​នីតិវិធី នៃ​ការស្នើសុំ​នីតិសម្បទា​ធ្វើ​នយោបាយ​ឡើងវិញ​។ សេចក្តីណែនាំ បាន​រម្លឹក​ឡើងវិញ​នូវ​មាត្រា ៤៥​ថ្មី (​ស្ទួន​មួយ ) នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដោយ​បុគ្គល​ដែល​ត្រូវបាន​តុលាការ​សម្រេច ហាមឃាត់​ការធ្វើ​នយោបាយ នឹង​អាច​ទទួលបាន​វិញ​នូវ​សិទ្ធិ​នយោបាយ​ពេញលេញ ទៅតាម​ករណី ២ ចំណុច ដូចខាងក្រោម​៖ ១.​ការទទួលបាន​សិទ្ធិ​នយោបាយ​ពេញលេញ​ឡើងវិញ ដោយ​ពេញ​ច្បាប់ បន្ទាប់ពី​ផុត​រយៈពេល​នៃ​ការហាមឃាត់​ដែល​កំណត់ដោយ​សាលដីកា​របស់​តុលាការ​កំពូល និង​២.​ការទទួលបាន​សិទ្ធិ​នយោបាយ​ពេញលេញ​ឡើងវិញ​ដោយ​ការផ្តល់​នីតិសម្បទា​ដោយ​ព្រះ មហាក្សត្រ តាម​សំណើរ​របស់​នាយករដ្ឋមន្ត្រី តាម​សេចក្តីស្នើសុំ​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។​

​ក្រសួងមហាផ្ទៃ បាន​លើកឡើងថា ដើម្បី​ធានា​អនុវត្ត​ចំពោះ​ចំណុច​ទី​២ ខាងលើនេះ​ក្រសួងមហាផ្ទៃ បានធ្វើ​ការណែនាំ​អំពី​បែបបទ និង​នីតិវិធី​សម្រាប់​ការផ្តល់​នីតិសម្បទា​ធ្វើ​នយោបាយ​ឡើងវិញ ចំនួន ៥ ចំណុច ដូចតទៅ ក​.​បុគ្គល ដែល​ត្រូវបាន​តុលាការ​សម្រេច​ហាមឃាត់​ការធ្វើសកម្មភាព នយោបាយ ត្រូវដាក់​ពាក្យស្នើសុំ​នីតិសម្បទា​ឡើងវិញ ទៅ​ក្រសួងមហាផ្ទៃ​នៅ​រៀងរាល់​ម៉ោង ធ្វើ​ការងារ​។ ខ​.​ពាក្យស្នើសុំ​ត្រូវមាន​បញ្ជាក់​អំពី​អត្តសញ្ញាណ​របស់​បុគ្គល​ស្នើសុំ​សេចក្តីសម្រេច របស់​តុលាការ ដែល​ហាមឃាត់​ការធ្វើសកម្មភាព​នយោបាយ​ព្រមទាំង​មាន​ផ្តិត​ស្នាម​ម្រាមដៃ នៃ​បុគ្គល​ដាក់ពាក្យ​ស្នើសុំ​។ គ​.​ពាក្យស្នើសុំ​ត្រូវធ្វើឡើង​ដាច់ដោយឡែក​ពីគ្នា ដោយ​បុគ្គល ដែល​ត្រូវបាន​តុលាការ​សម្រេច ហាមឃាត់​ការធ្វើសកម្មភាព​នយោបាយ​។ ឃ​.​បន្ទាប់ពី​បាន​ពិនិត្យ លើ​ពាក្យស្នើសុំ​របស់​បុគ្គល​ម្នាក់ៗ ដែល​បានដាក់​ពាក្យស្នើសុំ ក្រសួងមហាផ្ទៃ​នឹង​លើកសំណើ ជូន​នាយករដ្ឋមន្ត្រី ដើម្បី​ស្នើ​ថ្វាយ​ព្រះមហាក្សត្រ​លើកលែង​បម្រាម​ហាមឃាត់​ធ្វើ​សកម្មភាព នយោបាយ ដោយ​អនុលោម តាម​បទ​ប្បញ្ញត្តិ​មាត្រា ៤៥​ថ្មី ( ស្ទួន​មួយ ) នៃ​ច្បាប់​ស្តីពី​គណបក្ស នយោបាយ​។ ង​.​សាមីខ្លួន នឹង​អាចធ្វើ​សកម្មភាព​នយោបាយ​ឡើងវិញ​បាន​ស្របតាម​ច្បាប់​របស់ ព្រះរាជាណាចក្រ​កម្ពុជា បន្ទាប់ពី​មាន​ព្រះរាជក្រឹត្យ​ពី​ការផ្តល់​នីតិសម្បទា​ឡើងវិញ​។​

​យ៉ាងណាក៏ដោយ គិត​ត្រឹម​ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០១៩ មាន​អតីត​ថ្នាក់ដឹកនាំ​អតីត​គណបក្ស សង្គ្រោះ​ជាតិ​បី​រូប បានធ្វើ​លិខិត ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ហើយ​ត្រូវបាន​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ ត្រាស់បង្គាប់ ផ្តល់​នីតិសម្បទា​ឡើងវិញ តាម​សេចក្តីក្រាបបង្គំទូលថ្វាយ ពីស​ម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន​។​

​អតីត​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ទាំងបី​រូប ដែល​ទទួលបាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ រួមមាន លោក គង់ គាំ អតីត​ទីប្រឹក្សា​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក គង់ បូរ៉ា ​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​ព្រះរាជក្រឹត្យ ផ្តល់​សម្បទា​ឡើងវិញ កាលពី ដើមខែ​មករា ឆ្នាំ​២០១៩​។ ចុងក្រោយ លោក ស៊ឹម សុវណ្ណនី ហៅ ស៊ឹម វ៉ាន់​នី អតីត​សមាជិក គណៈកម្មការ​នាយករ​បស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​នៅ​ខេត្ត​ត្បូងឃ្មុំ ត្រូវបាន​ព្រះរាជក្រឹត្យ ត្រាស់បង្គាប់ ផ្តល់​នីតិសម្បទា ដើម្បី​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ កាលពី​ថ្ងៃទី​០២ ខែមីនា ឆ្នាំ​២០១៩​។ ព្រះមហាក្សត្រ បាន​ប្រទាន​ការលើកលែង​បម្រាម ដោយ​អនុញ្ញាត​ឲ្យ​អតីត​ថ្នាក់ ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​នេះ បានធ្វើ​ឡើង​តាម​សំណើ របស់​នាយករដ្ឋមន្ត្រី និង​តាម​សេចក្តីស្នើសុំ​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បន្ទាប់ពី​មាន​លិខិត ស្នើសុំ​របស់​សាមីខ្លួន​នីមួយៗ​។​

​កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ តុលាការ​កំពូល បានសម្រេច​រំលា​យគណ​បក្ស​សង្គ្រោះ​ជាតិ និង​ចេញ​សាលដីកា​ហាមឃាត់​អ្នកនយោបាយ​ចំនួន ១១៨ នាក់​ជា​អតីត​ថ្នាក់ដឹកនាំ​អតីត​គណបក្ស សង្គ្រោះ​ជាតិ មិន​ឲ្យ​ធ្វើ​នយោបាយ​ក្នុង​រយៈពេល ៥​ឆ្នាំ គិត​ចាប់ពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧​។​

​កាលពី​ចុងឆ្នាំ​២០១៨ រដ្ឋសភា​បានធ្វើ​វិសោធនកម្ម​ច្បាប់ ស្ដីពី គណបក្សនយោបាយ ដើម្បី​បំពេញ ភាពខ្វះ​ចន្លោះ​នៃ​ច្បាប់ ដែល​ចែង​ពី​ការហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ ប៉ុន្តែ​មិនបាន​ចែង​អំពី​នីតិវិធី នៃ​ការលើកលែង​បម្រាម​នោះ​។ នៅ​ថ្ងៃទី​០២ ខែមករា ឆ្នាំ​២០១៩ វិសោធនកម្ម​ច្បាប់​ស្តីពី គណបក្សនយោបាយ បាន​ចូល​ជា​ធរមាន តាមរយៈ​ព្រះ​ក្រម​ឡាយព្រះហស្តលេខា​របស់ ព្រះមហាក្សត្រ​។​

​ដូច្នេះ​គិត​ត្រឹម​ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០១៩ នៅមាន​អតីត​អ្នកនយោបាយ​របស់​អតីត​បក្សប្រឆាំង ១១៥​នាក់​ផ្សេងទៀត​កំពុងស្ថិត​ក្នុង​បម្រាម​ហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​របស់​តុលាការ​កំពូល នៅឡើយ​ទេ​។ ក៏ប៉ុន្តែ​ទ្វារ នៅ​បើកចំហរ អាច​នឹង​ត្រឹមតែ​អំឡុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណីជាតិ នា​ពាក់កណ្តាល​ខែមេសា​ខាងមុខ​ប៉ុណ្ណោះ សម្រាប់​ឲ្យ​អ្នកនយោបាយ ១១៥​នាក់ ដាក់ពាក្យ​ស្នើសុំ សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ដោយ​គោរព​តាម​សេចក្តីណែនាំ​អំពី​បែបបទ និង​នីតិវិធី​សម្រាប់​ការ ផ្តល់​នីតិសម្បទា​ធ្វើ​នយោបាយ​ឡើងវិញ ចំនួន ៥ ចំណុច​ខាងលើនេះ​។​

​អស់ពី​នោះ​ទាល់តែ​ដល់​គម្រប់ ៥​ឆ្នាំ ពោលគឺ​រហូតដល់​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២២ ទើប​ផុត អំណាច​សាលដីកា​របស់​តុលាការ​កំពូល ទើប​អ្នកនយោបាយ​ទាំង ១១៥​នាក់ មាន​សិទ្ធិ ចូលប្រឡូក​ក្នុង​ឆាកនយោបាយ​ឡើងវិញ ពោលគឺ​អាច​ហួសការ​បោះឆ្នោត​ឃុំ​សង្កាត់ នៅ​ឆ្នាំ​២០២២​។​

មាន​ហេតុផល​មួយ ដែល​អ្នកនយោបាយ​ទាំងនោះ នៅ​បង្អែបង្អង់ មិនទាន់​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ ឡើងវិញ គឺអាច​ដោយសារតែ​រយៈ​ពេលនេះ កម្ពុជា​មិនទាន់​ដល់ពេល​បោះឆ្នោត ពោលគឺ​ការ បោះឆ្នោត ២​សំខាន់ គឺ​ការបោះឆ្នោត​ឃុំ​សង្កាត់ នឹងធ្វើ​ឡើង​នៅ​ឆ្នាំ​២០២២ ហើយ​នៅ​ឆ្នាំ​២០២៣ គឺជា​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​។ ដូច្នេះ​អាច​ជិត​ដល់​ការបោះឆ្នោត​ទាំងពីរ​នេះ ទើប​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា មានការ​ប្រែប្រួល​។​
​ ​
ក៏ប៉ុន្តែ​បើតាម​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បានប្រកាស​នាពេលនេះ គឺ​ពេលវេលា​មិនមាន​ច្រើន ទៀត​ទេ សម្រាប់​អតីត​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ចូលរួម​ប្រឡូក​ក្នុង​ឆាក នយោបាយ​ឡើងវិញ ឲ្យ​ទាន់​ការបោះឆ្នោត​សំខាន់​មួយ គឺ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ​សង្កាត់ នៅ​ឆ្នាំ​២០២២​។​
​ ​
សរុបមក ច្រក​សម្រាប់​អ្នកនយោបាយ ដែលជា​អតីត​ថ្នាក់ដឹកនាំ​របស់​អតីត​គណបក្សប្រឆាំង នឹង​អាច​បិទ នៅ​អំឡុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណីជាតិ នា​ពាក់កណ្តាល​ខែមេសា ឆ្នាំ​២០១៩​។ បើសិនជា​ខកខាន មិនបាន​ស្នើសុំ​សិទ្ធិ​ចូលរួម​ធ្វើ​នយោបាយ​ឡើងវិញ នាពេល គឺ​ពួកគេ ត្រូវ​រង់ចាំ រហូតដល់​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២២ ទើប​ផុត​សាលដីកា​របស់​តុលាការ​កំពូល​ហើយ​មាន​សិទ្ធិ ធ្វើ​នយោបាយ​ឡើងវិញ​។​

​ដូច្នេះ​ចង់​វិល​មក​ធ្វើ​នយោបាយ​ឡើងវិញ ឬក៏​ចង់​បន្ត​នៅក្រៅ​ឆាក គឺជា​សិទ្ធិ​របស់​អ្នកនយោបាយ បក្សប្រឆាំង​ទាំងនោះ ដោយ​គេ​មិនអាច​បន្ត​ស្រែក​ពី​ក្រៅ​ស្រុក​មក​ថា រាជរដ្ឋាភិបាល​កម្ពុជា បិទ​សិទ្ធិ ឬក៏​រំលោភសិទ្ធិ​នយោបាយ​របស់​បក្សប្រឆាំង​បានឡើយ​។​ បើសិនជា​ចាំ​អ៊ុត​លទ្ធផល​ពី​សហគមន៍​អន្តរជាតិ ពិសេស​សហភាព​អឺរ៉ុប និង​អាមេរិក ដើម្បី​ដាក់​ការគាបសង្កត់​មកលើ​រាជរដ្ឋាភិបាល​កម្ពុជា ដូច​ការលើកឡើង​រប​ស់​អតីត​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង គឺ​រឹតតែ​គ្មាន​ផ្លូវ​ទៅទៀត​ហើយ​៕ ដោយ​:​ម៉េង​ឆៃ​