តារាចម្រៀង​ខេ​ប៉ុប កាង ដា​នី​ញែ​ល នឹង​យក​ពេល​សម្រាក​ពី​សកម្មភាព​ថត​បទ​ច​ម្រៀ​ង​និង​ផ្សព្វផ្សាយ​ដោយសារ​កើតរោគ​ថប់​បារម្ភ​ធ្ងន់ធ្ងរ​

228
ចែករម្លែក

ទីភ្នាក់ងារ​គ្រប់គ្រង​របស់គាត់​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ (៤ វិច្ឆិកា​) ថា​តារាចម្រៀង​ខេ​ប៉ុប កាង ដា​នី​ញែ​ល នឹង​យក​ពេល​ឈប់សម្រាក​ពី​សកម្មភាព​ថត​បទ​ច​ម្រៀ​ង​និង​ផ្សព្វផ្សាយ​ដោយសារតែ​សុខភាព​ផ្លូវចិត្ត​របស់គាត់​កាន់តែ​អាក្រក់​ទៅៗ ចំពេល​មានការ​ជជែក​វែកញែក​កាន់តែខ្លាំង​ឡើង​អំពី​សម្ពាធ​ដ៏​ខ្លាំងក្លា​ដែល​ពួក​តារា​សិល្បៈ​កូរ៉េខាងត្បូង​កំពុង​ប្រឈម​។​

​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េខាងត្បូង អតីត​សមាជិក​ក្រុម​ចម្រៀង​ប្រុស Wanna One រូបនេះ​បាន​បង្ហោះ​សារ​ជា​បន្តបន្ទាប់​ទៅកាន់​អ្នកគាំទ្រ​អំពី​ការបញ្ចេញមតិ​បែប​ស្អប់ខ្ពើម​និង​ជេរប្រមាថ ដែល​គាត់​ទទួលបាន​ពី​អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត​។​

​ទីភ្នាក់ងារ​របស់​កាង គឺ​ផលិតកម្ម Konnect Entertainment បាន​និយាយថា គាត់​បានទទួល​ការព្យាបាល​ជំងឺ​ធ្លាក់​ទឹកចិត្ត​និង​ភាព​ភ័យ​ស្លន់ស្លោ​។​

​ទីភ្នាក់ងារ​នេះ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​នៅលើ​វេ​ប​សាយ​ផ្លូវការ​របស់​កាង​ថា “​ចាប់ផ្តើម​ពី​ពាក់កណ្តាល​ឆ្នាំនេះ កាង ដា​នី​ញែ​ល បាន​ទៅពិនិត្យ​នៅ​មន្ទីរពេទ្យ​បន្ទាប់ពី​មាន​សុខភាព​ខ្សោយ ដោយសារ​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ​ក៏ដូចជា​ការ​ថប់​បារម្ភ​ខាង​ផ្លូវចិត្ត​។ បន្ទាប់ពី​ការពិនិត្យ​យ៉ាង​ល្អិតល្អន់ គាត់​ត្រូវបានធ្វើ​រោគវិនិច្ឆ័យ​ឃើញ​មាន​ជំងឺ​ធ្លាក់ទឹក​ចិត្ត​និង​ភាព​ភ័យ​ស្លន់ស្លោ​”​។​

​ទីភ្នាក់ងារ​នេះ​បាន​បន្ថែមថា គាត់​កំពុង​ត្រូវបាន​គេ​ផ្តល់​ការព្យាបាល​ចិត្តសាស្ត្រ​និង​ថ្នាំពេទ្យ​៕ ដោយ៖ កញ្ញាដាលីស

កាង ដា​នី​ញែ​ល កើត​ជំងឺ​ធ្លាក់ទឹក​ចិត្ត​និង​កំពុង​ទទួល​ការព្យាបាល