តារាចម្រៀង​ជើងចាស់ អា​រី​ថា ហ្វ្រែ​ង​គ្លី​ន កំពុង​ឈឺ​ធ្ងន់​នៅ​មន្ទីរពេទ្យ​

892
ចែករម្លែក

​តារាចម្រៀង អា​រី​ថា ហ្វ្រែ​ង​គ្លី​ន (Aretha Franklin) ដែលជា​ម្ចាស់​ជ័យលាភី​ពានរង្វាន់ Grammy ច្រើន​គ្រឿង​តាំងពី​ច្រើន​ទសវត្សរ៍​មក​នោះ កំពុង​ឈឺ​ធ្ងន់​និង​នៅ​ព័ទ្ធ​ហ៊ុមព័ទ្ធ​ជិត​ដោយ​សាច់ញាតិ​។ នេះ​បើ​យោងតាម​អ្នកសារព័ត៌មាន​ម្នាក់ និង​មិត្តភក្តិ​ម្នាក់​បាន​សរសេរ​នៅលើ​វេ​ប​សាយ​របស់​លោកស្រី​កាលពី​ថ្ងៃ​ចន្ទ​ទី ១៣ សីហា​។​

​រា​ជនី​សំឡេង​មាស​អាយុ ៧៦ ឆ្នាំ ដែល​ល្បី​ដោយសារ​បទ Respect (១៩៦៧) និង បទ I Say A Little Prayer (​ឆ្នាំ ១៩៦៨) រូបនេះ កំពុង​ឈឺ​ធ្ងន់​នៅ​ទីក្រុង​ដេ​ត្រ​យ​។ លោក​រ៉ូ​ជើ ហ្វ្រី​ដ​មែន បាន​សរសេរ​នៅលើ​វេ​ប​សាយ Showbiz 411 យ៉ាង​ដូច្នេះ​ថា គ្រួសារ​របស់លោក​ស្រី​សុំ​ឱ្យជួយ​អធិស្ឋាន​និង​សុំ​រក្សា​ភាព​ឯកជន​។

​លោកស្រី​ហ្វ្រែ​ង​គ្លី​ន ដែល​ធ្វើ​រោគវិនិច្ឆ័យ​ឃើញ​កើត​ជំងឺមហារីក​ក្នុង​ឆ្នាំ ២០១០ បាន​សម្តែង​ចុងក្រោយ​កាលពី​ខែវិច្ឆិកា​ឆ្នាំ ២០១៧ សម្រាប់​មូលនិធិ​អេដស៍​របស់លោក​អែល​តុ​ន​ច​ន នៅ​ញូវយ៉ក​។ ការ​ច្រៀង​ជា​សាធារណៈ​ចុងក្រោយ​របស់លោក​ស្រី​គឺ​នៅ​ទីក្រុង​ហ្វី​ឡា​ដែល​ហ្វៀ​ល កាលពី​ខែសីហា​ឆ្នាំ ២០១៧​។​

​លោក​ហ្វ្រី​ដ​មែន​បាន​សរសេរ​ដោយ​ពណ៌នា​ការសម្តែង​នៅ​ទីក្រុង​ហ្វី​ឡា​ដែល​ហ្វៀ​ល យ៉ាង​ដូច្នេះ “​វា​ជាការ​សម្តែង​ប្រកបដោយ​អព្ភូតហេតុ ព្រោះ​អា​រី​ថា​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​អស់កម្លាំង​និង​ការ​ខ្សោះ​ជាតិ​ទឹក​”​។​

​ពេញ​មួយ​អាជីព​ដ៏​យូរ​របស់ខ្លួន លោកស្រី​ហ្វ្រែ​ង​គ្លី​ន​បាន​ប្រមូលយក​ពានរង្វាន់ Grammy ចំនួន ១៨ រួមទាំង​ពានរង្វាន់​មួយ​សម្រាប់​សមិទ្ធផល​ពេញ​មួយជីវិត​របស់គាត់​ទៀតផង​៕ ដោយ៖ កញ្ញាដាលីស

តារាចម្រៀង អា​រី​ថា ហ្វ្រែ​ង​គ្លី​ន