តារាចម្រៀង​ប៉ុប​អង់គ្លេស អែល​តុ​ន ច​ន ចូលរួម​ការអំពាវនាវ​ឱ្យធ្វើ​ពហិការ​សណ្ឋាគារ​រ​បស់​ព្រុយ​ណេ​

384
ចែករម្លែក
  • 6
    Shares

​តារាចម្រៀង​ប៉ុប​អង់គ្លេស ​លោក​អែល​តុ​ន ច​ន​ បាន​ចូលរួម​ជាមួយ​តារា​សម្តែង​ច​ច គ្លូ​នី ក្នុងការ​អំពាវនាវ​ឱ្យធ្វើ​ពហិការ​សណ្ឋាគារ​ចំនួន ៩ របស់​ព្រុយ​ណេ​ជុំវិញ​ច្បាប់​ការកាត់ទោស​ប្រហារជីវិត​ថ្មី​របស់​រដ្ឋ​ស៊ុ​លត​ង់​មួយ​នេះ​សម្រាប់​ការរួម​ភេទ​និង​ការ​ផិតក្បត់​។​

​ការអំពាវនាវ​នេះ​បាន​កើតឡើង​ខណៈដែល​អ្ន​ក​នយោបាយ​និង​ជន​ល្បី​ជាច្រើន​បាន​បន្ថែម​ឈ្មោះ​របស់​ពួកគេ​ជាមួយ​ពួក​អ្នក​ទាំងឡាយ​ដែល​បាន​ថ្កោលទោស​ច្បាប់​ថ្មី​នេះ​និង​គាំទ្រ​ការធ្វើ​ពហិការ​។​

​តារាចម្រៀង​រូបនេះ​បាន​សរសេរ​នៅលើ Twitter កាលពី​យប់​ថ្ងៃ​សៅរ៍​ទី​៣០​មីនា​ថា “​ខ្ញុំ​សូម​សរសើរ​មិត្តភក្តិ​របស់ខ្ញុំ ច​ច គ្លូ​នី ចំពោះ​ការចាត់វិធានការ​ប្រឆាំង​នឹង​ការរើសអើង​លើ​មនុស្ស​ខ្ទើយ​និង​ភាព​គ្មាន​ធម៌​មេត្តា​ដែល​បាន​កើតឡើង​នៅក្នុង​ប្រទេស​ព្រុយ​ណេ កន្លែង​ដែល​មនុស្ស​ខ្ទើយ​ត្រូវបាន​គេ​ធ្វើបាប​ខ្លាំង​ ឬ​ខ្លាំង​ជាងនេះទៀត តាមរយៈ​ការធ្វើ​ពហិការ​សណ្ឋាគារ​របស់​ស្តេច​ស៊ុ​លត​ង់​”​។​

​តារាចម្រៀង​វ័យ ៧២ ឆ្នាំ ដែលជា​សកម្មជន​សិ​ទិ្ធ​មនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា បាន​និយាយថា ការអាណិតអាសូរ​រប​ស់​គាត់​សូម​ផ្ញើ​ឱ្យទៅ​បុគ្គលិក​ក្នុង​សណ្ឋាគារ​ទាំងនោះ ប៉ុន្តែ​ថា “​យើង​ត្រូវតែ​ផ្ញើ​សារ​ថា​ការប្រព្រឹត្ត​បែបនេះ​មិនអាច​ទទួលយក​បានទេ​”​។​

​សណ្ឋាគារ​ទាំង​៩​ដែល​បាន​រៀបរាប់​ដោយ​លោក​គ្លូ​នី​ គឺមាន​ទីតាំងនៅ​អង់គ្លេស​បារាំង ​អ៊ីតាលី​ និង​សហរដ្ឋ​អាម៉េរិក​។

​លោក​គ្លូ​នី​ បាន​អំពាវនាវ​ឱ្យធ្វើ​ពហិការ​កាលពីដើម​សប្តាហ៍​មុន ដោយ​និយាយថា “​រាល់ពេល​ដែល​យើង​ស្នាក់នៅ​ឬ​ចូលរួម​កិច្ចប្រជុំ​ឬ​ពិសា​អាហារ​នៅ​សណ្ឋាគារ​ណាមួយ​ក្នុងចំណោម​សណ្ឋាគារ​ទាំង​៩ យើង​គឺ​កំពុង​ដាក់​លុយ​ដោយផ្ទាល់​ទៅក្នុង​ហោប៉ៅ​របស់​បុរស​ដែល​ជ្រើសរើស​គប់​នឹង​ដុំថ្ម​និង​វាយ​នឹង​រំពាត់​សម្លាប់​ប្រជាពលរដ្ឋ​ខ្លួនឯង​ ព្រោះតែ​ពួកគេ​ជា​ខ្ទើយ ​ឬ​ត្រូវគេ​ចោទប្រកាន់​ពីបទ​ផិតក្បត់​”៕ ដោយ៖ កញ្ញាដាលីស/Ha

លោក​គ្លូ​នី (​ឆ្វេង​) និង​លោក​អែល​តុ​ន ច​ន