តារាចម្រៀង​មកពី​កូរ៉េ​ទាំង ២ រៀបចំ​ការប្រគុំ​តន្ត្រី​រួមគ្នា​

837
ចែករម្លែក

​តន្ត្រីករ​មកពី​កូរ៉េខាងជើង​និង​កូរ៉េខាងត្បូង​បាន​សម្តែង​រួមគ្នា​នៅ​ទីក្រុង​ព្យុងយ៉ាង​កាលពី​ថ្ងៃ​អង្គារ​ទី​៣​មេសា ដោយមាន​មន្ត្រីជាន់ខ្ពស់​ជាច្រើន​នាក់​មកពី​កូរ៉េខាងជើង​បាន​ចូលរួម​។​

​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន​យ៉ុ​ន​ហាប់​បានឱ្យដឹងថា លោក រី ស៊ុន​ក្វុ​ន ប្រធាន​គណៈកម្មាធិការ​បង្រួបបង្រួម​ជាតិ​របស់​កូរ៉េខាងជើង និង​លោក ប៉ាក់ ជុង​ណាំ រដ្ឋមន្ត្រី​វប្បធម៌​របស់​កូរ៉េខាងជើង បាន​ចូលរួម​ក្នុងការ​ប្រគុំ​តន្ត្រី​នេះ​។​

​សម្រាប់​វគ្គ​ចុងក្រោយ តន្ត្រីករ​មកពី​ប្រទេស​ទាំង​២​បាន​ច្រៀង​បទ “​បំណង​របស់​យើង​គឺ​ការបង្រួបបង្រួម​ឡើងវិញ​”​។​

​កាលពី​ថ្ងៃអាទិត្យ តារាចម្រៀង​កូរ៉េខាងត្បូង​រាប់សិប​នាក់​រួមទាំង​ក្រុម​ចម្រៀង​ស្រី​ល្បី Red-Velvet និង​តារាចម្រៀង​ប៉ុប​ចាស់វស្សា លោក ចូ យ៉ុង​ភី​ល បាន​សម្តែង​នៅក្នុង​ទីក្រុង​ព្យុងយ៉ាង ខណៈ​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន បាន​ចូលរួម​ការប្រគុំ​តន្ត្រី​នោះ​។​

​នេះ​គឺជា​លើកទីមួយ​ហើយ​ដែល​តារាចម្រៀង​ប៉ុប​មកពី​កូរ៉េខាងត្បូង​បាន​សម្តែង​នៅ​កូរ៉េខាងជើង​ចាប់តាំងពី​ឆ្នាំ ២០០៥ ហើយ​ជាការ​កត់សម្គាល់​ជាទូទៅ​អំពី​ភាព​ធូរស្រាល​ខាង​ទំនាក់ទំនង​ទ្វេភាគី​។ ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក មូ​ន ចែ​អ៊ី​ន ដែល​បាន​ឡើងកាន់​អំណាច​កាលពី​ខែឧសភា បាន​ជំរុញឱ្យមាន​ការកាត់បន្ថយ​ភាព​តានតឹង​ទ្វេភាគី​ជុំវិញ​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង និង​សមយុទ្ធ​យោធា​រួមគ្នា​របស់​កូរ៉េខាងត្បូង​ជាមួយ​សហរដ្ឋអាមេរិក​។​

​ការប្រគុំ​តន្ត្រី​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​បាន​បញ្ជូន​អត្ត​ព​លិ​ក​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​រដូវរងា​ក្រុង​ព្យឹ​ង​ចាង​នៅ​ប្រទេស​កូរ៉េខាងត្បូង​កាលពីដើម​ឆ្នាំនេះ បន្ទាប់ពី​ការធូរស្រាល​ភាព​តានតឹង​រវាង​ប្រទេស​អាស៊ី​ទាំង​២​នេះ​។​

​ការប្រគុំ​តន្ត្រី​នេះ​ក៏បាន​ធ្វើឡើង​នៅមុន​ជំនួប​កំពូល​ជា​ប្រវត្តិសាស្ត្រ​រវាង​លោក​គីម ជុង​អ៊ុន និង​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចែ​អ៊ី​ន នៅ​ថ្ងៃទី ២៧ ខែមេសា​ខាងមុខនេះ​៕ ដោយ៖ កញ្ញាដាលីស

តារាចម្រៀង​កូរ៉េ​ទាំង ២ ថតរូប​ជុំគ្នា​កាលពី​ថ្ងៃ​អង្គារ