តារាចម្រៀង​សូល​ប៊ី​ថ្កោលទោស​ការ​សម្លុត​កំហែង​លើ​អ៊ី​ន​ធឺ​ណេ​ត បន្ទាប់ពី​ការស្លាប់​របស់​តារា​ស្រី​ស៊ូ​លី

261
ចែករម្លែក

​នាង​ស៊ូ​លី អតីត​តារា​សម្តែង​និង​តារាចម្រៀង​កូរ៉េខាងត្បូង គឺជា​អ្នក​បំបែក​បម្រាម​ដ៏​កម្រ​មួយរូប​នៅក្នុង​ពិភព​សិល្បៈ​កូរ៉េ ដែល​រាល់​សកម្មភាព​របស់​តារា K-pop គ្រប់រូប​គឺ​ត្រូវបាន​ឃ្លាំមើល​យ៉ាង​តឹងរ៉ឹង​ដោយ​អ្នកគ្រប់គ្រង​របស់​ពួកគេ ប៉ុន្តែ​មរណភាព​របស់​នាង​បាន​លាតត្រដាង​នូវ​ភាព​ងងឹត​នៃ​ឧស្សាហកម្ម​កម្សាន្ត​កូរ៉េ ដែល​ធ្វើឱ្យ​ភ្ញាក់ផ្អើល​ទូទាំង​ពិភពលោក​។​

​នាង​ស៊ូ​លី​លាតត្រដាង​ពី​ទំនាក់ទំនង​ស្នេហា​របស់​នាង​នៅពេល​កំពុង​ល្បី​ខ្លាំង​ក្នុង​អាជីព​របស់​នាង​ក្នុងនាម​ជា​សមាជិក​ក្រុម​ចម្រៀង​ស្រី f(x) និង​បញ្ចេញ​សំឡេងគាំទ្រ​ដល់​ការមិន​ពាក់អាវ​ទ្រនាប់ ដោយ​ផ្គើន​ទាំង​ចំពោះ​ពួក​អ្នកគ្រប់គ្រង K-pop និង​ឥរិយាបថ​សង្គម​បែប​អភិរក្សនិយម​ចំពោះ​នារី​វ័យក្មេង និង បង្កឱ្យមាន​មតិយោបល់​ជេរប្រមាថ​នាង​ពេញ​អ៊ី​ន​ធឺ​ណេ​ត​។​

​មុនពេល​នាង​ទទួលមរណភាព​កាលពី​ថ្ងៃ​ចន្ទ (១៤ តុលា​) នៅ​អាយុ ២៥ ឆ្នាំ នាង​ស៊ូ​លី ដែលមាន​ឈ្មោះ​ពិត​ថា ឆ​យ ជីន​រី និង​ដែល​ប៉ូលិស​និយាយថា​កំពុងមាន​ជំងឺ​ធ្លាក់​ទឹកចិត្ត​ធ្ងន់ធ្ងរ បាន​និយាយ​ប្រឆាំងនឹង​ការ​សម្លុត​កំហែង​តាម​អ៊ី​ន​ធឺ​ណេ​ត​។​

​តារា​សិល្បៈ​និង​ពួក​អ្នកជំនាញ​និយាយថា មរណភាព​របស់​ស៊ូ​លី​បានបង្ហាញ​ពី​ការវាយលុក​ឥតឈប់ឈ​រ​នៃ​សម្តី​ព្យាបាទ​តាម​អន​ឡាញ ដែល​តារា​ស្រី​វ័យក្មេង​កំពុង​ប្រឈម​ជា​សាធារណៈ​។​

​តារាចម្រៀង​កូរ៉េខាងត្បូង​នាង ក្វុ​ន ជី​អាន ដែលមាន​ឈ្មោះ​លើ​ឆាក​ថា សូល​ប៊ី និយាយថា “​នាង​មិន​គ្រាន់តែ​ជា​អ្នក​បំបែក​បញ្ហា​ប៉ុណ្ណោះ​ទេ តែ​ខ្ញុំ​សង្ឃឹម​ផងដែរ​ថា​នាង​នឹង​ត្រូវគេ​ចងចាំ​ជា​សកម្មជន​សិទ្ធិ​ស្ត្រី​ឯករាជ្យ ដែល​អាច​និយាយ​ការពិត​ចេញពី​ចិត្ត​របស់​នាង​”​។​

​ការបង្ហាញ​ខ្លួន​ជា​សាធារណៈ​ចុងក្រោយ​បំផុត​របស់​នាង​ស៊ូ​លី គឺ​នៅក្នុង​កម្មវិធី​ទូរទស្សន៍​មួយ ដែល​ក្នុងនោះ​តារា K-pop ជាច្រើន​ដួង​បាន​និយាយ​អំពី​បទពិសោធន៍​របស់​ពួកគេ​ជាមួយនឹង​ការបញ្ចេញមតិ​បែប​ព្យាបាទ​តាម​អន​ឡាញ​។​

​នាង​ក្វុ​ន អាយុ ៣៥ ឆ្នាំ ក៏​ធ្លា​ប់រង​ការជេរប្រមាថ​តាម​អន​ឡាញ​ក្នុង​ឆ្នាំ ២០០៩ ផងដែរ នៅពេល​នាង​នៅ​ជា​សមាជិក​របស់​ក្រុម​ចម្រៀង Typhoon បន្ទាប់ពី​គេ​ច្រឡំ​ស្មានតែ​នាង​ជាម​នុស្ស​នៅក្នុង​វីដេអូ​សិច ដែល​បែកធ្លាយ​ល្បី​ពេញ​អន​ឡាញ​។

​នាង​ក្វុ​ន​និយាយថា ឧបទ្ទវ​ហេតុនេះ​បាន​បង្ក​ឱ្យ​នាង​កើត​ជំងឺ​ធ្លាក់​ទឹកចិត្ត​ធ្ងន់ធ្ងរ ខ្លាចរអារ​សង្គម​ទាំងមូល និង កើត​ជំងឺ​ភ័យ​ស្លន់ស្លោរ​គ្រប់ពេលវេលា​។

​ក្រោយមក នាង​បាន​ស្វែងរក​ការព្យាបាល និង រៀន​គូរគំនូរ ដើម្បី​រួច​រស់​ពី​ស្ថានភាព​បែបនេះ ហើយ​ឥឡូវ​នាង​ក៏មាន​អាជីព​ជាជាង​គំនូរ​ផងដែរ​៕ ដោយ៖​កញ្ញាដាលីស

តារាចម្រៀង​សូល​ប៊ី (​ឆ្វេង​) និង នាង​ស៊ូ​លី (​ស្តាំ​)