តារាចម្រៀង គូ​ម៉ា លេច​វត្តមាន​លើកដំបូង​ក្នុង​ខ្សែភាពយន្ត​ធំ​រឿង “​អង្រឹង​” មានគុណ​ភាពល្អ​ខ្លាំង​

808
ចែករម្លែក
  • 90
    Shares

ដោយ:បូ​រិ​ន​/​ភ្នំពេញ ​៖ ខ្សែភាពយន្ត​បែប​រន្ធត់​ព្រឺព្រួច​ដ៏​ធំ រឿង “​អង្រឹង​” របស់​ផលិត កម្ម LD Picture មាន​វត្តមាន​តារាចម្រៀង​ល្បី​លោក គូ​ម៉ា ជា​លើកដំបូង​ហើយ​ជា​ស្នាដៃ​លោក​ទទួលស្គាល់​មានគុណ​ភាពល្អ​។

​ការដាក់​បញ្ចាំង​ថ្ងៃ​សម្ពោធ​ភ្លាម​អ្នកទស្សនា​បាន​កោតសរសើរ​អំពី​គុណភាព​នៃ​ភាពយន្ត​ថ្មី​មួយ​នេះ ដែល​គេ​រំពឹងថា​នឹង​ឆក់​ទាញ​អ្នកទស្សនា​ជាច្រើន​ចូល​ទស្សនា​។ ប្រកាស​បើកសម្ពោធ​កាលពី​រាត្រី​ថ្ងៃទី​៥ ​ខែកុម្ភៈ​ ឆ្នាំ​២០១៩ ​នេះ​ក្រោម​វត្តមាន​សិល្បករ​និង​អ្នកគាំទ្រ​រាប់រយ​នាក់ នៅ​រោងភាពយន្ត​លេ​ជេន អេ​ដិ​ន​។

​ផលិតកម្ម អិ​ល​ឌី បាន​បើក​ឲ្យ​អ្នកទស្សនា​ភាពយន្ត​រឿង “​អង្រឹង​” រហូតដល់​ទៅ​៣​រោង​ព្រម​គ្នា​។ ក្រោយ​ទស្សនា​ចប់​ទស្សនិកជន​បាន​លាន់មាត់​កោតសរសើរ​ខ្លាំង​ចំពោះ​ភាពយន្ត​មួយ​នេះ​ថា​ជា​ភាពយន្ត​ដែលមាន​រសជាតិ​ថ្មី ស្ថិតក្រោម​ការសម្រិតសម្រាំង​មិន​ធ្វើ​ឲ្យ​អ្នកទស្សនា​ចំណាយពេល និង​ចំណាយលុយ​ទិញ​សំបុត្រ​ចូល​ទស្សនា​ខកចិត្ត​នោះទេ​។ ក្រៅពី​ឈុត​ឆាក​ភ័យរន្ធត់ ភាពយន្ត​នេះ​ក៏បាន​បញ្ចូល​នូវ​ទស្សនីយភាព​នា​តំបន់​ដែលមាន​ទេសភាព​ស្រស់ស្អាត​នៅ​កម្ពុជា​មួយចំនួន​ផងដែរ​។​

​តារាចម្រៀង គូ​ម៉ា បាន​ប្រាប់​ក្រុម​សារព័ត៌មាន​ថា ទោះបីជា​ភាពយន្ត​លើកដំបូង​មែន​ប៉ុន្តែ​លោក​ហាក់​ពេញចិត្ត​ខ្លាំង​នឹង​សាច់រឿង​ថ្មី​ប្លែក អមដោយ​ខ្លឹមសារ​អប់រំ​សំខាន់​ក្នុង​សាច់រឿង កំប្លែង និង​មនោសញ្ចេតនា​ស៊ីជម្រៅ​ផងដែរ​។ ការថត​ភាពយន្ត​បែប​ភ័យ រន្ធត់​ដំបូង​នេះ ​លោក​ក៏​ឆ្លងកាត់​ការលំបាក​ជាច្រើន​ជាមួយ​ក្រុមការងារ​ផលិត​រួមទាំង​ការថត​រហូតទល់​ភ្លឺ ក្នុងព្រៃ ជួប​ភ្លៀង ក៏មាន​ក្រុមការងារ​ខ្លះ​របួស​ផងដែរ​។

​តារាចម្រៀង​រូបនេះ​បាន​រំពឹង​ដែរ​ថា ទស្សនិកជន​ដែល​និយម​ទស្សនា​ភាពយន្ត​ខ្មែរ និង​ភាពយន្ត​បែប​ភ័យរន្ធត់ នឹងចូលរួម​គាំទ្រ​ស្នាដៃ​ដែល​លោក​បាន​ចូលរួម​សម្តែង​។ បើទោះបីជា​ទទួល​បានកា​រ​គាំទ្រ​ច្រើនក្តី​ក៏​តារា​រូបនេះ​បញ្ជាក់ថា​លោក​នឹង​មិនមាន​គម្រោង​ថត​ភាពយន្ត​ខ្នាត​ធំ​ច្រើន​នោះទេ យ៉ាងច្រើន​លោក​ថត​ត្រឹម​មួយឆ្នាំ​មួយ​រឿង​ប៉ុណ្ណោះ​។

​អ្នកដឹកនាំ​សម្តែង និង​ជា​ផលិតករ​វ័យក្មេង លោក អ៊ុន ប៊ុនធឿន បាន​កោតសរសើរ​ខ្លាំង​ចំពោះ​សមត្ថភាព​សម្តែង​ដ៏​ប៉ិនប្រសប់​របស់​តារា​សម្តែង​ទាំងអស់​ដូចជា​អ្នកនាង ស្វែង សុជាតា កញ្ញា សួង ស៊ី​ធឿន លោក អ៊ុ សុវណ្ណ​គិរី ពិសេស​លោក គូ​ម៉ា ដែល​ចូល​តួ​បានល្អ​ទាំង​ឈុត​ឆាក​មនោសញ្ចេតនាកម្សត់​។ រឿងនេះ​ជា​ភាពយន្ត​មាន​រសជាតិ​ថ្មី​ប្លែក​សម្រាប់​អ្នកទស្សនា ដែល​លោក​រំពឹងថា​ នឹង​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​ទស្សនិកជន​។

​សូម​បញ្ជាក់ដែរថា ភាពយន្ត​បែប​ភ័យរន្ធត់ និង​កំប្លែង​រឿង​”​អង្រឹង​”​របស់​ផលិតកម្ម LD Picture នឹង​ត្រូ​ចាក់​បញ្ចាំង​ជូន​ទស្សនា​ចាប់ពី​ថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​គ្រប់​រោងភាពយន្ត​ទាំងអស់​នៅ​កម្ពុជា​។ គេ​ចាំបាន​ដែរ​ថា​ភាពយន្ត​នេះ​ត្រូវបាន​រៀបចំ​ពិធី​ក្រុង​ពាលី​ចេញ​ថត​ចាប់តាំងពី​ក្នុងអំឡុង​ពាក់កណ្តាល​ខែកញ្ញា​ ដំណាលគ្នា​នឹង​ភាពយន្ត​ខ្នាត​ធំ​២​ផ្សេងទៀត​របស់​ផលិតកម្ម​នេះ​គឺ​រឿង “​ជួប​ស៊យ​វគ្គ​២” និង​រឿង​”​ប្រមាញ់​ប្ដី​”​។ ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ​ផលិតកម្ម​នេះ​ក៏​នឹង​បញ្ចេញស្នាដៃ​ថ្មី​គឺ​រឿង​”​ឯណា​ខ្មោច​” ផងដែរ​៕​B/