តារាចម្រៀង សយ រតនា មក​ជំនួស​កន្លែង ប៊ុត សីហា ក៏​ផ្ទុះ​បទ​ចម្រៀង​ពីរ​បទ​ល្បី​ភ្លាម

1014
ចែករម្លែក
  • 83
    Shares

ដោយ:បូ​រិ​ន/​ភ្នំពេញ ​៖ ក្រោយ​ផ្ទុះ​រឿងអាស្រូវ​តារាចម្រៀង​លោក ប៊ុត សីហា ត្រូវបាន​ផលិតកម្ម​មរតក​មេ​ឌា បញ្ឈប់​ការងារ​និង​លែង​ទទួលស្គាល់​លោក​ទៀត​មក ក៏​សម្រាប់​តារាចម្រៀង​វ័យក្មេង​មួយទៀត​មក​ជំនួស​កន្លែង​នោះ​ភ្លាម​គឺ លោក សយ រតនា ដោយមាន​បទ​ផ្ទាល់​គឺ “​មួយជីវិត​” និង “​បង​មិន​យំ​ទេ​គ្រាន់តែ​ហូរ​ទឹកភ្នែក​” ទទួល​ការគាំទ្រ​ពី​មហាជន​។

​ផ្ទុះ​ព័ត៌មាន​ផលិតកម្ម​ប្រកាស​មិន​ទទួលស្គាល់ ប៊ុត សីហា ព្រោះ​រឿង​ប្រើប្រាស់​គ្រឿងញៀន​មួយ​ប្រាវ ស្រាប់តែ​លេចចេញ​តារាចម្រៀង​ជាច្រើន​ក្នុង​ដំបូល​ផលិតកម្ម​ថ្មី​មួយ​នេះ​ជា​បន្តបន្ទាប់​។ សយ រតនា ត្រូវបាន​ផលិតកម្ម​ចាត់ទុកថា​ជា​គ្រាប់ពេជ្រ​ថ្មី​ដែលមាន​និស្ស័យ និង​ជំនាញ​ខ្ពស់​លើ​វិស័យ​និពន្ធ និង​ច្រៀង​បានល្អ​។

​លោក លុខ លីម​រក្សា ដឹកនាំ​ផលិតកម្ម​រូបនេះ​បាន​បញ្ជាក់ថា លោក សយ រតនា ក៏បាន​ចូលរួម​និពន្ធ និង​ច្រៀង​សម្រាប់​ផលិតកម្ម មរតក​មេ​ឌា ចាប់តាំងពី​កកើត​ដំបូង​កាលពី​ចុងឆ្នាំ​២០១៨​នោះ​ម្ល៉េះ តាមរយៈ​បទ​”​តណ្ហា​”​ហើយ​ប្រជាប្រិយភាព​របស់គាត់​បា​ន​កើនឡើង​ក្រោយពី​លោក​បាន​ច្រៀង​បទ​ចម្រៀង​ដែល​និពន្ធ​ផ្ទាល់ខ្លួន​ដូចជា​បទ​”​បង​មិន​យំ​ទេ​គ្រាន់តែ​ហូរ​ទឹកភ្នែក​” ដែលជា​បទ​ឆ្លើយឆ្លង​ជាមួយ កញ្ញា លីន សោមា​និង​បទ​”​ខ្ញុំ​ស្រលាញ់​នាង​តាំងពី​នាង​ស្រលាញ់​ឯង​” ចុងក្រោយ​នេះ​គឺ​បទ​”​មួយជីវិត​” ដែល​បទ​នេះ​គេ​យកទៅ​ចាក់​តាម​កម្មវិធី​មង្គលការ​ផ្សេងៗ​ផងដែរ​។

​លោក​បាន​បន្ថែមថា ក្រោយ​ផ្ទុះ​ការគាំទ្រ​ខ្លាំង​តារាចម្រៀង​រូបនេះ​ចាប់ផ្តើម​មាន​ទីផ្សារ​លើក​ម្ម​វិធី​ចេញ​ច្រៀង​តាម​ការប្រគំ​តន្ត្រី​តូចធំ​ជាច្រើន​បន្តបន្ទាប់​។ វត្តមាន​របស់​អ្នកនិពន្ធ​ដែល​វិវឌ្ឍន៍​ខ្លួន​មកជា​តារាចម្រៀង​រូបនេះ មិនមែនជា​ការជំនួស​តំណែង​ណាមួយ​របស់​ប៊ុត សីហា​ទេ ប៉ុន្តែ​ជា​គឺជា​ជា​ឱកាសល្អ និង​កើតឡើង​ពី​ការប្រឹងប្រែង​របស់គាត់​ផ្ទាល់​ផងដែរ ។

​លោក​ក៏​ស្នើ​មិន​រំលឹក​រឿងរ៉ាវ​ប្រកាស​មិន​ទទួលយក​ប៊ុត សីហា សម្រាប់​ផលិតកម្ម​លោក ប៉ុន្តែ​លោក​បាន​សរសើរ​តារាចម្រៀង​សយ រតនា​ដែល​គោរព​ពេលវេលា តួនាទី មានចំណេះ ជំនាញ ទេពកោសល្យ ដែល​ក្រៅពី​ការងារ​ជា​អ្នកនិពន្ធ និង​ច្រៀង​គេ​ក៏​ជា​វេជ្ជបណ្ឌិត​វ័យក្មេង​ម្នាក់​គួរ​ឲ្យ​គោរព​ផងដែរ ហើយ​បច្ចុប្បន្ន​លោក​ក៏​នៅតែ​ជា​អ្នកនិពន្ធ​បទ​ចម្រៀង​ប្រចាំ​ផលិតកម្ម​ថោ​ន​ដដែល​។​

​លោក​បាន​ប្រាប់ទៀតថា សម្រាប់​ផលិតកម្ម​នៅតែ​បន្ត​ជួយ​ជំរុញ​លើកទឹកចិត្ត និង​ផ្តល់ឱកាស​ដល់​គ្រប់​តារាចម្រៀង​រួម​ដំបូល​ទាំងអស់ ​ដោយ​មិន​ប្រកាន់​បក្សពួក ល្បី​ឬ​មិន​ល្បី សំខាន់​ជាង​នេះ​គឺ​ការគោរព​ការងារ ពង្រឹងសមត្ថភាព​ខ្លួនឯង​បន្ថែម ​ដើម្បី​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​ទស្សនិកជន ខណៈដែល​ផលិតកម្ម​នៅតែ​បន្ត​ឆន្ទៈ​ក្នុង​ការជួយជ្រោមជ្រែង​លើកមុខ​មាត់​បង្កើត​ឱកាស​ការងារ​ឲ្យ​អស់ពី​លទ្ធភាព​៕B/