តារាចម្រៀង ឡេង ណា​វ៉ា​ត្រា ចែក​អំណោយ​ជូន​កម្មករសំណង់​ដើម្បី​រំលឹក​អតីតកាល​

321

(​ភ្នំពេញ)​៖ ក្នុងចំណោម​តារាចម្រៀង និង​ម្ចាស់​ផលិតកម្ម​ដែលមាន​កេរ្តិ៍ឈ្មោះ​បោះ​សំឡេង​នៅក្នុង​ពិភព​សិល្បៈ គេ​ចាប់អារម្មណ៍​ថា​មានតែ​តារាចម្រៀង និង​ជា​ផលិតករ លោក​ឡេង ណា​វ៉ា​ត្រា ប៉ុណ្ណោះ ដែល​បានក្លាយ ជាមាន​ជំនួញ​ប្រាក់​វាល់​លាន​តែមួយ​ពព្រិច​ភ្នែក​។ បន្ទាប់ពី​លោក​បាន​ក្លាយជា​អ្នកជំនួញ​ពុះ​ដី​ឡូ​តិ៍លក់ និង​ចុងក្រោយ​បាន​ក្លាយជា​ម្ចាស់​បុរី​រហូតដល់​រាប់រយ​ល្វែង​នោះ​ផង​។

​យ៉ាងណាក៏ដោយ គេ​កត់សម្គាល់ថា​លោក​មិនដែល​ភ្លេច​កំណើត​ដើម​របស់ខ្លួន​នោះទេ ដោយ​លោក​បាន រមែង​រំលឹក​អោយ​មហាជន​បានដឹង​ពី​អតីត​ជា​ពលករ និង​ជា​កម្មករ​របស់លោក​មុន​ក្លាយជា​អ្នក​ក្ដោប​ក្ដាប់ ជំនួញ​វាល់​លាន​នោះ​ជាប្រចាំ ដោយ​លោក​បាន​វេច​លុយ​មួយ​កេស​ធំ​យកទៅ​ចែកចាយ​ដល់​ក្រុមកម្មករ ប្រមាណ​ជាង​៣០០​នាក់​នៅក្នុង​ការដ្ឋាន​សាងសង់​បុរី​របស់ខ្លួន​ធ្វើអោយ​កម្មករ​ម្នាក់​ស្ងើចសរសើរ ពី​ទឹកចិត្ត​របស់លោក​នោះ​ផង​។

​លោក ឡេង ណា​វ៉ា​ត្រា ម្ចាស់​ផលិតកម្ម Galaxy និង​ជា​ម្ចាស់​បុរី​វីឡា​កូនកាត់​ឡេង​ណា​វ៉ា​ត្រា បាន​អះអាងថា នៅពេល​លោក​ចុះទៅ​មើល​ការដ្ឋាន​សាងសង់ ហើយ​លោក​បានឃើញ​ពីស​ភាព​ធ្វើការ​របស់​កម្មវិធី នៅក្នុង​បុរី​បានធ្វើអោយ​លោក​ស្រណោះ​ដល់​អតីត​កាលដែល​លោក​ធ្លាប់​ធ្វើជា​កម្មករសំណង់​ជា​កម្មករ រោងចក្រ និង​ចុងក្រោយ​បាន​ក្លាយជា​ពលករ​នៅក្នុង​ប្រទេស​កូរ៉េ​ជាប់​នឹង​ភ្នែក​តែម្ដង​។​

​លោក​បាន​អះអាងថា​នៅក្នុង​ពេលនោះ សភាព​ក្នុង​ការរស់នៅ​គឺ​មិន​ខុសពី​មាន់​ដែល​ត្រូវ​រស់​ដោយ​មួយ​គេៗ នោះទេ ដោយសារ​ប្រាក់ខែ​លោក​ទទួលបាន​គឺ​សឹងតែ​មិន​គ្រប់​នឹង​ថ្លៃ​ជួល​ផ្ទះ និង​ការហូបចុក​។ ​លោក​ទើបតែ​បាន​រស់​ស្រួល ដោយ​ហូប​ឆ្អែត​គ្រប់គ្រាន់​ក្នុងពេលដែល​លោក​បាន​ចេញទៅ​ធ្វើការ នៅក្នុង ប្រទេស​កូរ៉េ​ប៉ុណ្ណោះ តែ​បណ្ដាលមកពី​លោក​ធ្លាប់​ក្រ​ធ្លាប់​អត់ ហើយ​លោក​តែងតែ​សន្សំ​លុយ​ដែល​បានធ្វើការ ពី​ប្រទេស​កូរ៉េ​យ៉ាង​លំបាក​មក​ទិញ​ដីស្រែ​ស្ដុក​ទុក​តាំងពី​ជំនាញ់​នៅ​ធូរ​ថ្លៃ​ទើប​ធ្វើអោយ​លោក​ចេះ តែមាន​ដើមទុន ហើយ​ឈានដល់​ពុះ​ឡូ​តិ៍​ដាក់លក់​រហូត​ចេះតែ​ពង្រីក​ដើមទុន​បាន​ច្រើន​បន្តិចៗ​ម្ដង មុន​ឈានដល់​ការប្រកាស​ក្រុមហ៊ុន​ជា​ក្រុមហ៊ុន​សង់ផ្ទះ​ល្វែង និង​វីឡា​កូនកាត់​ដាក់លក់​។

​ម្ចាស់​ផលិតកម្ម Galaxy បាន​ប្រាប់ថា​មកទល់ពេលនេះ មិន​រាប់បញ្ចូល​គម្រោង​ដីឡូត៍​របស់លោក​ច្រើន​កន្លែង លោក​មាន​ក្រុម​សង់ផ្ទះ​ល្វែង និង​វីឡា​កូនកាត់​ចំនួន​បី​កន្លែង​ហើយ ដោយ​គម្រោង​ទី​១ និង​ទី​២​រាប់រយ​ល្វែង គឺ​លក់​គ្មាន​សល់​នោះទេ និង​បន្ត​លក់​គម្រោង​ទី​៣​ដែលមាន​ផ្ទះ​ដៃ​ជាង​១០​ហិកតា​បន្តទៀត នៅតាម​បណ្ដោយ ផ្លូវជាតិ​លេខ​៣​។​

​លោ​កថា​អាជីវកម្ម​កាន់តែ​ទទួលជោគជ័យ តែ​លោក​នៅតែ​មិន​ចោល​ផលិតកម្ម​នោះទេ ដោយ​លោក​នឹង​ងាក មក​ផលិត​ចម្រៀង និង​ភាពយន្ត​ដើម្បី​លើកស្ទួយ​ក្នុងពេល​រយាល​ដៃ​បន្តិច​។ ប៉ុន្តែ​អ្វីដែល​លោក​ត្រូវធ្វើ​ពេលនេះ គឺ​ចែករំលែក​ក្ដី​ស្រឡាញ់​ដល់​ក្រុមកម្មករ ដោយសារតែ​លោក​ក៏​ជា​អតីត​ការ​ពលករ​ចំណាកស្រុក និង​ជា​អតីត កម្មករ​ក្នុងស្រុក​ក្នុងពេល​មិនទាន់មាន​អាជីវកម្ម​ក្នុង​ដៃ​ដូចគ្នា​។​

​លោក​បាន​បន្តថា ឲ្យ​តែ​ចុះ​មកដល់​ការដ្ឋាន​លោក​តែង​មមៃ​ឃើញ​ភ្លាមៗ​ថា​រូបភាព​ដែល​លោក​បានឃើញ​នោះ គឺជា​លោក​កាលពី​ប៉ុន្មាន​ឆ្នាំមុន ហើយ​បើទោះជា​គឺ​ថៅកែ​ដែលមាន​ខ្ពស់​ដាច់​ឆ្ងាយ​ពី​ក្រុមកម្មករ​ទាំងនោះ ក៏ដោយ​ក៏​លោក​នៅតែ​បង្ហាញ​ភាព​ជិត​ស្និ​ទ្ធិ​។ ​លោក​ទើបនឹង​បាន​វិច​លុយ​មួយ​កេស​ធំ​យកទៅ​ចែកចាយ​ដល់​ក្រុមកម្មករ​នៅក្នុង​ការដ្ឋាន​របស់ខ្លួន កាលពីពេល​ថ្មី និង​បាន​ជំរុញ​ទឹកចិត្ត​អោយ​ក្រុមកម្មករ​បន្ត​តស៊ូ​កុំអោយ​អស់សង្ឃឹម​ដើម្បី​អាចមាន​ឱកាស ដូច​លោក​នោះ​ផង​។​

​លោក ឡេង ណា​វ៉ា​ត់​ត្រា បាន​ភ្ញាក់ខ្លួន​ព្រើត បន្ទាប់ពី​ការចែក​លុយ​ដល់​ក្រុមកម្មករ​ដែលជា សកម្មភាព យ៉ាង​កម្រ របស់លោក​ត្រូវបាន​គេ​ចែកចាយ​បន្ត ហើយ​ធ្វើអោយមាន​ការចាប់អារម្មណ៍​។ យ៉ាងណាមិញ លោក​អះអាងថា​មានតែ​ការផ្ដល់​កម្លាំងចិត្ត និង​លើកទឹកចិត្ត​ឲ្យ​បណ្ដា​ក្រុម​អ្នកតូច​ទាប​ទាំងនោះ​ប៉ុណ្ណោះ ទើប​អាច​ឲ្យ​ពួកគេ​សប្បាយចិត្ត ហើយ​លោក​ខ្លួនឯង​ក៏​មិន​ខុសពី​បាន​ដាស់តឿន​ខ្លួនឯង​ក្រោយ​ភាពមានបាន កុំ​ឲ្យ​ភ្លេច​អតីត​កាលដែល​ធ្លាប់​លំបាក​ទាំំ​ង​នោះ​៕ ដោយ​៖ បូ​រិ​ន