តារាចម្រៀង K-pop ត្រូវបាន​ចាប់ខ្លួន​ ក្នុង​រឿងអាស្រូវ​ផ្លូវភេទ

276
ចែករម្លែក

​តារាចម្រៀង K-pop ជុង ជុន​យ៉ុង ត្រូវបាន​ចាប់ខ្លួន​ក្នុងប្រទេស​កូរ៉េខាងត្បូង ​ជុំវិញ​ការចោទប្រកាន់ថា​លោក​បាន​ចែកចាយ​វីដេអូ​អាសអាភាស​ដោយ​ខុសច្បាប់​នៃ​នារី​ជាច្រើន​នាក់ ដែល​លួច​ថត​ដោយ​គ្មាន​ការយល់ព្រម ឬមិនឱ្យ​ពួកនាង​ដឹង​។​

​តុលាការក្រុង​សេ​អ៊ូ​ល​បានចេញ​ដីកាចាប់ខ្លួន ជុង ជុន​យ៉ុង នៅ​ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​រូបគេ​បាន​បង្ហាញមុខ​នៅ​សវនាការ​មួយ និង​បាន​សុំទោស​ដល់​ជនរងគ្រោះ​ទាំងអស់ និងចំពោះ​មនុស្ស​គ្រប់គ្នា​ដែល​បានបង្ហាញ​ការស្រឡាញ់​ចំពោះ​រូបគេ​។​

​ក្រោយមក ជុន​យ៉ុង​ត្រូវបាន​នាំខ្លួន​ទៅ​ប៉ុស្តិ៍​ប៉ូលិស​នៅ​កណ្តាល​ទីក្រុង​សេ​អ៊ូ​ល​ទាំង​ដៃ​ជាប់​ខ្នោះ​។​

​មនុស្ស​ដែលជា​ប់​ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​ផ្លូវភេទ​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​តែងតែ​ធ្វើការ​សុំទោស​ជា​សាធារណៈ ទោះបី​ពួកគេ​នៅតែ​រក្សា​ភាព​គ្មាន​កំហុស​ក៏ដោយ​។​

​ជុន​យ៉ុង ​ត្រូវបាន​សាកសួរ​ដោយ​ប៉ូលិស​ជា​លើកដំបូង​កាលពី​សប្តាហ៍​មុន​អំពី​ការចោទប្រកាន់ថា​គាត់​បាន​ថត​វីដេអូ​រួមភេទ​ជាសម្ងាត់​ជាមួយ​នារី​ជាច្រើន ​រួច​ចែករំលែក​វីដេអូ​ទាំងនោះ​នៅក្នុង Group Chat លក្ខណៈ​ឯកជន​ជាមួយ​មិត្តភក្តិ​របស់គាត់​។​

​ប៉ូលិស​ក៏​កំពុង​ស៊ើបអង្កេត​តារា K -Pop ម្នាក់ទៀត​ផងដែរ គឺ​សៀង​រី ដែល​ល្បីល្បាញ​ក្លាយជា​តារា​អន្តរជាតិ​ក្នុងនាម​ជា​សមាជិក​នៃ​ក្រុម​ចម្រៀង Big Bang ជុំវិញ​ការសង្ស័យថា គាត់​ប៉ុនប៉ង​រៀបចំ​សេវា​ផ្លូវភេទ​ខុសច្បាប់​សម្រាប់​វិនិយោគិន​នៅក្នុង​មុខ​ជំនួញ​របស់គាត់​។​

​ទីភ្នាក់ងារ​ប៉ូលិស​ក្រុង​សេ​អ៊ូ​ល​បាន​ស្នើសុំ​ដីកាចាប់ខ្លួន​លោក​ជុន​យ៉ុង​ កាលពី​ថ្ងៃ​ចន្ទ​ តាមរយៈ​រដ្ឋអាជ្ញា​។​

​រឿងអាស្រូវ​នេះ​បាន​បណ្តាលឱ្យមាន​ភាព​រំ​ជើ​ប​រំជួល​ជាខ្លាំង​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង កន្លែង​ដែល​ស្ត្រី​ច្រើនឡើង​កំពុងនិយាយ​ប្រឆាំងនឹង​អ្វីដែល​ពួកនាង​ពណ៌នា​ថា​ជា​វប្បធម៌​នៃ​ការប្រព្រឹត្ត​ខុសសីលធម៌​ជាមួយ​ការរីក​រាលដាល​នៃ​វីដេអូ​និង​រូបថត​ផ្លូវភេទ ដែល​លួច​ថត​ដោយ​កាមេរ៉ា​លាក់កំបាំង ដែល​ពួកនាង​និយាយថា​បានធ្វើឱ្យ​ស្ត្រី​រស់នៅក្នុង​ក្តី​ព្រួយបារម្ភ​និង​ទុក្ខព្រួយ​គ្រប់ពេលវេលា​៕ ដោយ៖ កញ្ញាដាលីស/Ha

ជុង ជុន​យ៉ុង ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ព្រហស្បតិ៍