តារាបូលីវូត ចូលតុលាការជាថ្មី ជុំវិញការបាញ់សម្លាប់សត្វក្ដាន់

868
ចែករម្លែក

តារាភាពយន្តឥណ្ឌា លោកសាល់ម៉ាន់ ខាន់ បានវិលចូលតុលាការនៅថ្ងៃចន្ទទី៧ឧសភានេះ ចំពោះការដាក់គុកលោក៥ឆ្នាំ ដោយសារការសម្លាប់សត្វក្ដាន់កម្រមួយ។

កំពូលតារាភាពយន្តនៅក្រុមហ៊ុនបូលីវូតរូបនេះបានទៅដល់ ក្រុងចុតពួរ នៅរដ្ឋរ៉ាចាស្ថានភាគខាងលិច កាលពីថ្ងៃអាទិត្យ ក្រោយធ្វើដំណើរតាមយន្តហោះពីក្រុងមុំបៃដើម្បីចូលរួមសវនាការ នេះបើតាមសារព័ត៌មានឥណ្ឌា។

ខាន់ ត្រូវបានដាក់ទោសកាលពីខែមុនចំពោះការបាញ់សត្វក្ដាន់ក្នុងអំឡុងប្រមាញ់កម្សាន្តមួយ ក្នុងពេលចុះថតខ្សែភាពយន្តមួយនៅឆ្នាំ១៩៩៨។លោកត្រូវបានកាត់ទោសដាក់គុក៥ឆ្នាំ និងបច្ចុប្បន្នកំពុងបង់ប្រាក់ធានាខ្លួននៅក្រៅឃុំ ។

ក្នុងសវនាការនៅថ្ងៃចន្ទ មេធាវីរបស់ខាន់ត្រូវគេរំពឹងថានឹងស្នើសុំព្យួរទោស ដោយរង់ចាំឧទ្ធរណ៍មួយ។

សូមបញ្ជាក់ថា លោកសាល់ម៉ាន់ ខាន់ កាលពីខែមុនបានចំណាយពេល២ថ្ងៃនៅក្នុងគុកក្នុងក្រុងចុតពួរ ក្រោយតុលាការរកឃើញកំហុសនិងសំរេចដាក់គុកលោក៥ឆ្នាំ តែត្រូវបានដោះលែងអោយនៅក្រៅឃុំហើយបានវិលទៅកាន់គេហដ្ឋាននៅក្រុងមុំបៃ។

តារាភាពយន្តរូបនេះ បានបដិសេធម្តងហើយម្តងទៀតថា លោកមិនបានសម្លាប់សត្វប្រឈមការផុតពូជទេ និងបានចោទប្រកាន់នាយកដ្ឋានព្រៃឈើរដ្ឋរ៉ាចាស្ថានថាព្យាយាមបង្ខូចឈ្មោះរបស់លោក ខណៈមេធាវីរបស់លោកអះអាងថា សត្វនេះងាប់ដោយធម្មជាតិដោយសារស៊ីច្រើនពេក និងមិនមានភស្តុងតាងបង្ហាញថាវាត្រូវបានគេបាញ់នោះទេ៕ដោយ៖វាសនា

តារាភាពយន្តឥណ្ឌា សាល់ម៉ាន់ ខាន់ បានមកដល់រដ្ឋរ៉ាចាស្ថានកាលពីថ្ងៃអាទិត្យ ដើម្បីចូលរួមសវនាការនៅថ្ងៃចន្ទ