តារាល្បីៗជាង៥០ដួងចេញ MV លើកទឹកចិត្តដល់គ្រូពេទ្យដែលកំពុងប្រយុទ្ធជាមួយវីរុសកូរ៉ូណានៅវូហាន

376
ចែករម្លែក

រឿងវាយតប់បែបកំប្លែង Enter The Fat Dragon របស់ដូននី យ៉េន គ្រោងនឹងដាក់បញ្ចាំងនៅតាមរោងកុនចិននៅថ្ងៃទី១៤កុម្ភៈ។ ប៉ុន្តែខណៈរោងកុនជាច្រើនត្រូវបិទទ្វារដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូរ៉ូណា ភាពយន្តនេះបានចាប់ផ្តើមដាក់បញ្ចាំងតាមអនឡាញកាលពីថ្ងៃទី១កុម្ភៈជំនួសវិញ។

យ៉ាងណាក្តីបេះដូងរបស់ដូននី យ៉េនគឺស្ថិតនៅជាមួយអ្នកដែលរងផលប៉ះពាល់ដោយការផ្ទុះឡើងនៃវីរុស។

នៅក្នុងវីដេអូចម្រៀងមួយចំណងជើងថា “វូហានតើអ្នកសុខទុក្ខយ៉ាងម៉េចដែរ?” តារាក្នុងរឿង Ip Man រូបនេះបានសម្តែងការគាំទ្រសម្រាប់បុគ្គលិកពេទ្យជួរមុខរួមជាមួយតារាល្បីៗ៥០នាក់ផ្សេងទៀត ដែលមួយចំនួនក្នុងនោះជាតារាល្បីខ្លាំងនៅចិន ហុងកុង និងតៃវ៉ាន់ មានដូចជា លី ពីងពីង, សៀវ វៃ, ចូវ ស៊ុន, អាឡាន់ តាំ, ជែកគី ចាន់, នីកូឡាស សែ និងជេ ចូវ។

តារាទាំង៥០នាក់នោះបានច្រៀងបន្ទររួមគ្នាយ៉ាងដូច្នេះ “វូហាន សូមស៊ូទ្រាំនៅទីនោះ!”។

វីដេអូចម្រៀងរបស់តារាទាំងនេះបានបញ្ចូលជាមួយឃ្លីបវីដេអូដ៏រំភើបចិត្តនៃក្រុមគ្រូពេទ្យធ្វើការយ៉ាងក្លាហាននិងមិនខ្លាចនឿយហត់ដើម្បីទប់ទល់នឹងមេរោគនេះ។

បទចម្រៀង ដែលបញ្ចេញកាលពីថ្ងៃទី១កុម្ភៈនេះ គឺសម្តែងដោយតារាចិនដូចជា ចាង សីឡី, ឌូឌូ, លី សៀន និង ជូ យីឡុង ដែលកើតនៅវូហាន។ បទចម្រៀងនេះគឺបង្ហាញក្តីបារម្ភនិងការដឹងគុណចំពោះវីរបុរសវេជ្ជសាស្ត្រលាក់មុខ ដែលបានលះបង់អាយុជីវិតពួកគេដើម្បីវូហាន៕ ដោយ៖ កញ្ញាដាលីស

តារាល្បីៗជាង៥០ដួងចេញបទចម្រៀងវីដេអូសម្តែងការដឹងគុណដល់គ្រូពេទ្យនៅវូហាន