តារាសម្តែង ពឹង ពុទ្ធិស័ក្តនៅ តែអះអាងមិនចោលអាជីពចម្រៀងបើទោះបីការសម្តែងមានភាពលេចធ្លោរខ្លាំង

642
ចែករម្លែក

ដោយ-បញ្ញាសាស្រ្ត
ភ្នំពេញ-
តារាសម្តែង ពឹង ពុទ្ធិស័ក្ត បានប្រកាសជំហរថាទោះបីខ្លួនបន្ថែមអាជីពជា អ្នកសម្តែងមួយទៀត ប៉ុន្តែតារារូបនេះ មិនបានបោះបង់អាជីពចម្រៀងរបស់ខ្លួនឡើយ លោកបានប្រាប់បែបនេះ ក្នុងថ្ងៃពិសេសរបស់ខ្លួនដែលបានប្រារព្វ ធ្វើខួបកំណើតនៅ ភោជនីយដ្ឋានវីហ្វ្រេនបឹងត្របែក កាលពីយប់ថ្ងៃ២១ ឧសភា ២០១៩ ក្រោមវត្តមាន តារាសិល្បៈស្រីប្រុសជាច្រើនរូប។

នេះជាលើកទីមួយ សម្រាប់តារាសម្តែង ពុទ្ធិស័ក្ត ដែលបានធ្វើពិធីខួបកំណើត លក្ខណៈ ធំដុំលើកដំបូង ចាប់តាំងពីតារាវ័យក្មេងរូបនេះ បានឈានជើងចូលប្រឡូក ក្នុង សិល្បៈ។ គោលបំណងដែលតារាសម្តែង ពុទ្ធិស័ក្ត ធ្វើខួបកំណើត លក្ខណៈ បែបនេះ ដោយសារតែលោកចង់រឹត ចំណងអ្នកក្នុងរង្វង់សិល្បៈអោយ កាន់តែស្និទ្ធស្នាលជាងមុន។​

ប្រុសស្អាតជាប់ចំណាត់ថ្នាក់លេខបី ក្នុងកម្មវិធីប្រលងលំដាប់អន្តរជាតិ Mister United continent ២០១៨ ដែលធ្វើឡើងនៅប្រទេសហ្វីលីពីន បានប្រាប់បន្ថែមថា ពីដំបូងឡើយលោកគ្រាន់តែជាតារាចម្រៀង ប្រចាំហាងមួយប៉ុណ្ណោះ ប៉ុន្តែដោយ សារតែខាងផលិតករយល់ថា លោកមានរូបរាងសង្ហា ទើបហៅថតកុន ហើយដោយ មានការជ្រោមជ្រែងពីបណ្ដាផលិតករមួយចំនួនផង ទើបលោកបានសម្ដែងតាំងពីតួ រាយរង រហូតដល់តួឯក នាពេលចុងក្រោយ។ មកទល់ពេលនេះ លោក ត្រូវបាន ផលិតករ ទាក់ទងឲ្យថតភាពយន្ត កាន់តែច្រើន ដោយ៤រឿងត្រូវបានថតរួចរាល់ហើយ ហើយ២រឿងទៀត នឹងថតក្នុងពេលខាងមុខ។

ថ្វីត្បិតតែការងារសម្តែងបានធ្លាក់មកដល់ដៃ ស្ទើរតែរកពេលសម្រាកគ្មាន ប៉ុន្តែ ពុទ្ធិស័ក្ត នៅតែអះអាងថា អាជីពចម្រៀងដែលបានផ្តួច ផ្តើមរូប លោកអោយមកកាន់ វិថីសម្តែង នៅតែជាគោលដៅរបស់លោក ព្រមជាមួយនិងការតាំងចិត្តថា និងគ្រោងផលិត បទចម្រៀង Original Song សម្រាប់ខ្លួនឯងទៀតផង នៅពេលដែលលោករយាលដៃពីការងារសម្តែង៕