តារាសម្តែង ស្រេង ឈាងឡេង និងមិត្តរួមក្រុម រួមគ្នាផលិត​ប្រេង កូឡាត្រៀម​ប្រកួតទីផ្សារ​ក្នុងស្រុក

285
ចែករម្លែក

ដោយ៖បញ្ញាសាស្រ្ត/ភ្នំពេញ៖ មិនត្រឹមតែជាតារាសម្តែងប៉ុណ្ណោះទេ ប៉ុន្តែ លោក ស្រេង ឈាងឡេង ក៏ជាអ្នកជំនួញដ៏លេចធ្លោមួយរូបផងដែរ ។ ថ្មីៗនេះ តារាសម្តែង មុខកូនកាត់ចិន និងមិត្តរួមជំនាន់បានពួតដៃគ្នាផលិតប្រេងកូឡា ចេញជាលទ្ធផលគួរជាទីមោទនៈ ជាពិសេសប្រេងកូឡា ដែលលោកនិង​មិត្តរួមក្រុម ផលិតឡើងដោយ ដាក់ ឈ្មោះដែលសម្គាល់ថាជាស្នាដៃរបស់កូន​ខ្មែរ​ពិតៗ។

លោក ស្រេង ឈាងឡេង អ្នកឯកទេសមួយរូប ក្នុងចំណោមអ្នកស្រាវជ្រាវ៣រូប បានប្រាប់ឲ្យដឹងថា ការផលិតប្រេងកូឡា ទម្រាំតែចេញជាលទ្ធផលល្អបែបនេះ លោកនិងមិត្តភក្ដិស្ទើរតែបោះបង់ចោលម្តងៗរួចទៅហើយ ព្រោះតែមានកក្តា​ជាច្រើន ដែលធ្វើឲ្យលោកនិងមិត្តរួមក្រុមស្ទើរតែច្រានចោល​ព្រោះតែ​មានការប្រកួតប្រែជែងផ្នែកទីផ្សារនៃផលិតផលក្រៅស្រុក​ ដែលកំពុងតែចរាចរ​លើទីផ្សារក្នុងស្រុកនេះហើយ ជាហេតុដែលក្រុមរបស់ពិបាកនឹងសម្រេចចិត្ត​ថាធ្វើបែបណា។

យ៉ាងណាមិញ ការចាប់យកការផលិតប្រេងកូឡា នេះ ត្រូវបានលោកបញ្ជាក់​ថា គឺជាការចាប់ផ្តើមមុនការផលិតឱសថផ្សេងៗទៀត ព្រោះតែប្រេងកូឡា មានការចំណាយ ដើមទុនតិចជាងឱសថផ្សេងៗ ដូច្នេះហើយទើបលោក​ច្បាមយកឱកាសនេះមុនសិន ទម្រាំឈានជើងចូលដល់ការផលិតឱសថ​ផ្សេងៗបន្តបន្ទាប់ទៀត។

លោក ស្រេង ឈាងឡេង បន្តថា ក្រុមរបស់លោកបានត្រៀមសុំច្បាប់រត់ការ ដើម្បីចរាចរណ៍ ផលិតផលមួយនេះ នៅលើទីផ្សាររួចហើយ ដោយក្រោយ​ក្រសួង អនុញ្ញាតច្បាប់ ប្រសិនបើមានការគាំទ្រខ្លាំង គឺស្វែងរកដៃគូបង្កើតជា​រោងចក្រ ដែលតាមការប៉ាន់ស្មាន គឺប្រើដើមទុនជាង១លានដុល្លារគឺគ្រប់គ្រាន់។

លោក ស្រេង ឈាងឡេង បន្តថា ក្នុងពេលខាងមុខ លោករំពឹងថា នឹងមាន​កូនខ្មែរ ច្រើនឡើងងាកមកផលិតឱសថ ដើម្បីកាត់បន្ថយការប្រើប្រាស់​ផលិតផល​នាំចូល ក៏ដូចជាដើម្បីឲ្យក្នុងប្រទេសកម្ពុជាទាំងមូល មានផលិតផល​ប្រេងក្រឡា ដែលមានស្ដង់ដារជារបស់ខ្លួន។

សូមជម្រាបថា លោក ស្រេង ឈាងឡេង ជាអ្នកឯកទេសមួយរូប ក្នុងចំណោម​អ្នកស្រាវជ្រាវ៣រូប ដែលត្រូវគេស្គាល់ថាជាតារាសម្ដែងនិង ជាអ្នក​ជំនួញដីធ្លីមុនពេល ប្រឡូកជាតារាសម្ដែង លោកគឺជាអតីតនិស្សិតផ្នែក​ឱសថសាស្ត្រ និងជំនាញកុមារ ទើបលោក និងមិត្តរួមជំនាន់សម្រេចស្រាវជ្រាវ​បង្កើតជាឱសថ ហើយស្រាវជ្រាវ ឃើញ រូបមន្តក្នុងការបង្កើតផលិតផលក្នុងស្រុក​ជាច្រើនមុខ។ ក្រុមរបស់លោក បានសម្រេច ជ្រើសយកការផលិតជាប្រេងកូឡា​មុនគេ ដោយសារតែផលិតផលនេះធៀបនឹងការ ផលិតឱសថផ្សេងៗ គឺចំណាយដើមទុនតិច និងងាយស្រួលរកទីផ្សារ៕/Ha