តារាសិល្បៈជាច្រើនដួងរួមគ្នា ដង្ហែរក្បួនឈុតបុរាណទៅអបអរប្រាសាទសំបូរព្រៃគុក

502
ចែករម្លែក

ដោយ-បញ្ញាសាស្រ្ត
ភ្នំពេញ-
ព្រឹត្តិការណ៍ ដង្ហែរក្បូនឈុតបុរាណ របស់ក្រុមហ៊ុនហុងដា ជួប កៅ ប្រចាំ ខេត្តកំពង់ធំ កាលពីថ្ងៃទី៨ កក្កដា ២០១៩ ត្រូវបានគេមើលឃើញថា មានសកម្មភាព អស្ចារ្យព្រោះតែការរំលេចឈុតបុរាណ ត្រូវបានដង្ហែរចេញពីទីរួមខេត្តកំពង់ធំឆ្ពោះ ទៅប្រាសាទសំបូរព្រៃគុក។ ពិធីដង្ហែរក្បួននេះ ត្រូវដង្ហែរក្បួនដោយម៉ូតូ រថយន្ត និងក្បួនដង្ហែរដោយថ្មើជើងយ៉ាងកក្រើក មិនធ្លាប់មាននៅទីតាំង តំបន់វប្បធម៌បុរាណ មួយនោះ។

លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា បានថ្លែងថា ហេតុផលដែល លោកដឹកនាំសិល្បករកុះករ អោយគ្រងឈុតបុរាណ គឺមានហេតុផលតែមួយគត់ គឺដោយសារតែព្រឹត្តិការណ៍ទិវាវប្បធម៌បេតិកភណ្ឌជាតិ ដែលរៀបចំឡើង ដោយក្រុម ហ៊ុនហុងដា ជាកម្មវិធីលើកស្ទួយ និងទ្រង់ទ្រង់សិល្បៈវប្បធម៌ជាតិ។ នៅក្នុងក្បួន ដង្ហែរនោះលោកថា មានការចូលរួមសុទ្ធសឹងតែសិល្បករអាជីព ដោយមានទាំង រៀមច្បង និងតារាជំនាន់ថ្មី។ ក្នុងនោះក៏មានវត្តមានម្ចាស់ពានទាំង៦រូប របស់គ្រួសារ តារា កម្ពុជាកាលពីឆ្នាំ២០១៨ផងដែរ។

លោក ជួប ចាន់ដារ៉ា ប្រធានហុងដាជួបកៅ ខេត្តកំពង់ធំបានគូសបញ្ជាក់ថា លោកពិតជាមោទនភាពយ៉ាងខ្លាំងដែលក្បួនដង្ហែរឈុតបុរាណក្រោមការរៀបចំរបស់ក្រុមហ៊ុនហុងដាជួបកៅ ក្រោមការចូលរួមសហការពីគ្រួសារតារាកម្ពុជា ក្លាយជា ក្បួនដង្ហែរឈុតបុរាណទ្រង់ទ្រាយធំជាប្រវត្តិសាស្ត្រ នៅប្រាសាទសំបូរព្រៃគុក ដើម្បីអបអរខួប២ឆ្នាំរបស់ប្រាសាទសំបូរព្រៃគុកចូលជាបេតិកភណ្ឌពិភពលោក។ លោកថាក្បួនដង្ហែរឈុតបុរាណ អមដោយសិស្សនិស្សិតមិនតិចជាងខ្ទង់ពាននាក់នេះ ត្រូវបានដង្ហែរចេញពីទីតាំងក្រុមហ៊ុនហុងដាជួបកៅខេត្តកំពង់ធំ ដោយក្បួនរថយន្តឆ្ពោះ ទៅប្រាសាទសំបូរព្រៃគុក និងបន្តដោយថ្មើជើងជាក្បួនវែងមួយផ្សេងទៀត បន្តទៅកាន់ ប្រាសាទ សំបូរព្រៃគុក។ ក្បួននេះ ជាការចូលរួមសហការដោយគ្រួសារតារាកម្ពុជា ទាំងស្រុង ទើបអាចធ្វើអោយក្បួនដង្ហែរដែលរៀបចំដោយក្រុមហ៊ុនហុងដា លើកដំបូង ដែលទើបបញ្ចប់ថ្មីៗមុននេះ ជោគជ័យមិនធ្លាប់មាន៕