តារាស្រីប្រុសជាច្រើនដួង ចូលរួម សម្ពោធភាពយន្តរឿង «ដើម្បីកូន»

167
ចែករម្លែក

ដោយ៖បញ្ញាសាស្រ្ត/ភ្នំពេញ៖ រឿង «ដើម្បីកូន» បានដាក់សម្ពោធជាផ្លូវការហើយ កាលពីល្ងាចថ្ងៃច័ន្ទ ទី២៧ មករា ២០២០ នៅរោងភាពយន្ត Major Cineplex By Smart ជាមួយវត្តមាន តារាសម្តែងស្រី-ប្រុសយ៉ាងច្រើនកុះករ។

លោក ហ៊ុយ យ៉ាឡេង ដែល​ជា​អ្នក​និពន្ធ ដឹកនាំ និង​សម្ដែង​ខ្លួន​ឯង​ផង បាន​ឲ្យ​ដឹង​ថា សាច់​រឿង គឺ​លោក​ដក​ស្រង់​ពី​ជីវិត​ពិត​របស់​អ្នក​ធាក់​ស៊ីក្លូ​ម្នាក់ យក​មក​ធ្វើ​ចេញ​ជា​ភាពយន្ត។ លោក​ចង់​ឲ្យ​យុវវ័យ បាន​យល់​កាន់​តែ​ច្បាស់​ពី​ពលិកម្ម​របស់​បុគ្គល​ជា​អាណាព្យាបាល​ម្នាក់​ៗ តស៊ូ លះបង់​ខ្លាំង​ប៉ុណ្ណា ទើប​អាច​បីបាច់​កូន​ៗ​រហូត​ដល់​ពេល​វ័យ អាច​រក​អនាគត​បាន។

តារាសម្តែង កញ្ញា មាន សូនីតា បានអោយដឹងថា សម្រាប់សាច់រឿងនេះ គឺនាងជា កូនស្រីដែលមានបានប្រឆាំងនិង ការតាំងចិត្តលោកឳពុក ដែលមានគំនិតខ្វែងគ្នា។ កញ្ញា ប្រាប់ថា សម្រាប់រឿង មួយនេះ គឺមានអត្ថន័យច្រើនសម្រាប់អប់រំ នាងបានផ្ញើរ សារ ដល់យុវវ័យថា តើខ្លួនឯង បានធ្វើអ្វីខ្លះសម្រាប់ឳពុកម្តាយហើយឬនៅ ? បើមិន ទាន់ទេ សូមទស្សនា រឿងនេះ រួចត្រិះរិះពិចារណា ព្រោះរឿង «ដើម្បីកូន» ក្រោយ ពេល ទស្សនាហើយ មិនមែនចប់តាមសាច់រឿង គឺរឿងមួយនេះ ក្រោយមើលចប់និង បានគំនិតល្អយកទៅអនុវត្ត នូវចំនុចល្អៗ ដែលអ្នកនិពន្ធ បានរំលេចក្នុងសាច់រឿង។

តារាស្រីសំដីស្រាល រូបនេះ បញ្ជាក់ថា រឿងនេះ ពិតជាបង្កប់ន័យអប់រំ ព្រោះនាង មិនមែនចេះតែទទួលសម្តែងទេ លុះត្រាណា តែនាងបានអានសាច់រឿងជាមុនសិន ទើបនាងសម្រេចចិត្តសម្តែង។ ជាក់ស្តែងដូចរឿងនេះ អីចឹង គឺនាងបានអានល្អិតល្អន់ ទើបព្រមចុះកុងត្រា សម្តែងអីចឹងកុំខកខាន មកទស្សនាទាំងអស់គ្នា ដើម្បី ទទួល បានគំនិតអប់រំបែបល្អៗដែលបាននៅក្នុងសាច់រឿង «ដើម្បីកូន»។

គួរ​បញ្ជាក់​ថា​មុន​ថ្ងៃ​សម្ពោធ​ដាក់​បញ្ចាំង​រឿង​ “ដើម្បីកូន” ផលិតករ និង​ជា​ចាងហ្វាង​ផលិតកម្ម​ខាង​លើ​បាន​ប្រកាស​លក់​ស៊ីក្លូ​មាន​អាយុកាល​៨០​ឆ្នាំ ក្នុង​តម្លៃ​១លាន​ដុល្លារ​ ដើម្បី​យក​ថវិកា​ទៅ​ជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា។ កន្លង​ទៅ​លោក ទើប​នឹង​បរិច្ចាគ​ថវិកា​១០០០ដុល្លារ​ទៅ​មន្ទីរ​ពេទ្យ​កាល​ពី​ដើម​ខែ និង​គ្រោង​កាត់១០%លើ​ប្រាក់​ចំណេញ​បន្ថែម​ផ្ដល់​ជូន​មូលនិធិ​ទៀត។

រឿង “ដើម្បីកូន” នឹង​ដាក់​បញ្ចាំង​ជា​ផ្លូវ​ការ​នៅ​គ្រប់​រោង​ភាពយន្ត​ទំនើបៗ​ទាំង​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​នៅ​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០២០ ខាង​មុខ​នេះ​ហើយ៕