តារាហ្វេសប៊ុក Love Riya និងស្វាមី ចេញមុខការពារ ចំណងស្នេហ៍ ក្រោយធ្លាយ ដំណឹងថាលែងគ្នាស្ងាត់ៗ

438
ចែករម្លែក

ដោយ-បញ្ញាសាស្រ្ត-ភ្នំពេញ: តបនឹងព័ត៌មានដែលបានព្រលយថា តារាហ្វេសប៊ុកល្បីឈ្មោះ អ្នកនាង Love Riya និងស្វាមីក្មេង បានលែងលះគ្នា ស្ងាត់ៗ គូស្នេហ៍មួយគូនេះ ទាំងប្ដីទាំង ប្រពន្ធ ចេញមុខប្រតិកម្មព្រមគ្នាតែម្ដង ដើម្បីប្រកាសថា ចំណងស្នេហ៍របស់ខ្លួនរឹងមាំ។ អ្នកទាំងពីរបានទាំងព្រលយថា ដើមចមនៃដំណឹងអកុសលដែលមិនអាចទទួលយកបាននេះ ទំនងបណ្ដាលពី មានអ្នកឈ្នានីសបញ្ចេញព័ត៌មានមិនពិត ឬអាចមានអ្នកជួលឲ្យបង្ខូចឈ្មោះ អ្នកនាង និងស្វាមីនោះផង។

នៅក្នុងម៉ោង Live កាលពីថ្ងៃទី១៨ មិថុនា អ្នកនាង Love Riya ដែលត្រូវគេ​ស្គាល់​ថា ជាអ្នកលក់អនឡាញដ៍ល្បីល្បាញ ជាពិសេសផលិតផលម្សៅ ឡេ ថ្នាំសម្រកទម្ងន់ និងផលិតផលសាច់ស្អាតជាដើម បានបញ្ជាក់ថា រវាងអ្នកនាង និងស្វាមី អត់មានរឿងរ៉ាវមិនចុះសម្រុងនឹងគ្នាក្រោយពេលរៀបការ និងរឹតតែ​មិនមានតែម្ដង សម្រាប់ការបង្ខូចថា ស្វាមីអ្នកនាងដើរដាច់យប់ជាប្រចាំ រហូតដល់ថ្នាក់នាងបណ្ដេញចេញ ហើយស្វាមីរត់ទៅផ្ទះម្ដាយក្មេកនោះទេ។ អ្នកនាងថាកាន់តែហួសចិត្តខ្លាំង ដែលអ្នកនាង ក៏រវល់ ហើយស្វាមីដែលជានិស្សិតពេទ្យ មានការងារចុះស្ដារ និងការងារផ្ទាល់ខ្លួន ត្រូវចេញក្រៅប្រទេសផង​ ក៏រវល់មិនសូវបានដើរទៅណាមកណាក្នុងប៉ុន្មានថ្ងៃ ចុងក្រោយ ស្រាប់តែមានដំណឹងថា អ្នកនាងនិងស្វាមីបែកបាក់គ្នាបែបនេះ។ អ្នកនាងថា នោះគឺជាដំណឹងដែលចង់បង្ខូចឈ្មោះស្វាមីរបស់អ្នកនាង និងធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់ខ្លួនដែលមិនអាចទទួលយកបាន។ យ៉ាងណាមិញអ្នកនាងបង្ហើបថា មិនមានគម្រោងដាក់បណ្ដឹងពីបទបង្ខូចកិត្តិយស និងបំផ្លើសការពិតនោះទេ ដោយសារតែអ្នកនាង រកតែពេលនាំចូល និងផ្សាយ​លក់ផលិតផល របស់អ្នកនាងមិនចង់ទាន់។

លោក ហេន ឌ្រី ស្វាមីអ្នកនាង Love Riya ក៏ចេញមុខប្រតិកម្មដូចគ្នាដែរថា លោកមិនដែលដើរលេងដាច់យប់ និងរឹតតែមិនធ្លាប់មានរឿងមិនចុះ សម្រុង​ជាមួយនឹងភរិយា ដោយមានតែអាណិតភរិយាទ្វេដង ដែលពពោះផង នៅប្រឹងរកលុយតាមអនឡាញយ៉ាងសកម្ម។ លោកថា ខ្លួននៅឆ្ងាយពីភរិយា តែពេលមានធុរៈចុះស្ដារ ពេលរៀនពេទ្យ និងពេលទៅក្រៅម្ដងៗ បើក្រៅពីនោះ គឺមិនដែលនៅឆ្ងាយពីភរិយាឡើយ។ លោកថា អ្នកនាង Love Riya ដ្បិតថា មានវ័យច្រើនជាងលោកបន្តិចមែន ប៉ុន្តែបើលោកក្មេង​តែអាយុ ហើយសង្ហាតែ​រូបរាង តែខ្វះគំនិត ក៏ភរិយារបស់លោកមិនយកធ្វើស្វាមីនោះដែរ។ លោកចាត់ទុកថា ព័ត៌មានដែលបង្ខូចឈ្មោះពីលោក មានបំណងចង់បំបែក បំបាក់ទំនាក់ល្អរវាងខ្លួន និងភរិយា ខណៈដែលគ្រាន់តែចេញដំណឹង​អកុសលនោះភ្លាម អ្នកខ្លះមិនដឹង ក៏មាក់ងាយលោក និងភរិយា ដោយស្មាន​ថាពួកខ្លួនមិនចេះរក្សាចំណងអាពាហ៍ពិពាហ៍ ក្រោយរៀបការ។លោកថាមិនត្រូវការប្ដឹងផ្ដល់នោះទេ ប៉ុន្តែបើមានការបង្ខូចឈ្មោះណាមួយ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសទៀត លោកនិងភរិយា នឹងមានវិធានការ៕/Ha