តារាៗ ក្អួត​ឈាម​មិន​ចេញ ក្រោយ​ផ្ទុះ​រឿងថៅកែ​ដី​ឡូ​តិ៍ អេ​ន​ណា​រីតា ត្រូវ​ចាប់ខ្លួន

659
ចែករម្លែក

ភ្នំពេញ​៖ ក្រោយ​ផ្ទុះ​រឿង​សមត្ថកិច្ច​ចាប់ខ្លួនលោក ឌី​ម សួន​ណាត អគ្គនាយក​ក្រុមហ៊ុន អេ​ន​ណា​រីតា (Enarita) វិនិយោគ​លើ​ការ​ពុះ​ដី​ឡូ​តិ៍លក់ នៅតាម​បណ្ដា​ខេត្ត​មួយចំនួន ពាក់ព័ន្ធ​ករណី​ឆបោក​ប្រជាពលរដ្ឋ និង​ចេញ​សែក​ស្អុយ​មក ក៏​បែកធ្លាយ​មាន​តារាៗ​ជាច្រើនជាប់​ពាក់ព័ន្ធ​រឿង​អូស​ទាញ​ចូល​ទិញ​ដី ឬ​វិយោគ​ចំណេញ​ការប្រាក់​យ៉ាងច្រើន​។

​ការចាប់ខ្លួន​នេះ បានធ្វើ​ឡើងកាលពី​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៩ ដោយ​កម្លាំង​នគរបាលនៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌក្រសួងមហាផ្ទៃ​ តាម​ដីកា​បញ្ជា​ឱ្យចូល​ខ្លួនរបស់លោក កែវ សុធា ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

ជាមួយគ្នា​នោះ ប្រភពព័ត៌មាន​អ្នកសិល្បៈ និង​ក្រុម​តារាៗ បាន​បង្ហើប និង​ខ្សឹបខ្សៀវ​គ្នាឱ្យដឹងថា ក្រុមហ៊ុន​ដី​ឡូ​តិ៍ អេ​នណ​រីតា ដំបូង​ជា​ក្រុមហ៊ុន​លក់​ដី​ឡូ​តិ៍ និង​វិយោគ​លើដី​ធំៗ ក្នុង​តំបន់​អភិវឌ្ឍន៍​និង​បណ្តា​ខេត្ត​ធំៗ ធ្វើឱ្យមាន​ការចាប់អារម្មណ៍​ ​ហើយ​មួយរយៈ​ក្រោយនេះ ក៏មាន​គម្រោង​បោះទុន​វិយោគ ជាមួយ​ក្រុមហ៊ុន​ចំណេញ​ការប្រាក់​រហូតដល់​ច្រើនចំនួន​២០​ភាគរយ ធ្វើឱ្យ​កាន់តែ​ចាប់អារម្មណ៍​។ ក្នុង​នេាះមាន​តារា​ល្បីៗ និង​អ្នកសិល្បៈ​ប៉ុន្មាននាក់លេច​មុខជា​អ្នក​ទីផ្សារ​ចូល​លក់​គម្រោង​ទាំងឡាយ​ឱ្យ​ក្រុមហ៊ុន​។
​ ​
​តាម​ប្រភព​ដដែល បានឱ្យដឹងថា ក្នុងនោះ ក៏មាន​ពួក​តារា​សម្តែង ពិធីករ និង​អ្នកសិល្បៈ ជាច្រើន​ផ្សេងទៀត លង់ខ្លួន​ចាញ់បោក​តាម​គ្នា យកប្រាក់​ទៅ​វិយោគ ដើម្បី​ចំណេញ​ការប្រាក់ ប៉ុន្តែ​ដល់ពេល​ដក​ប្រាក់ក៏​អត់​ប្រាប់​ក្នុង​ធនាគារ​ឡើយ (​សែក​ស្អុយ​) ហើយ​បង្ក​ការភ្ញាក់ផ្អើល និង​បង្ហោះ​សារ​ឱ្យ​ដោះស្រាយ​។ ប៉ុន្តែ​មិនបាន​ដោះស្រាយ​ផង ក៏​ផ្ទុះ​រឿងសមត្ថកិច្ច ចាប់ខ្លួន​លោក លោក ឌី​ម សួន​ណាត អគ្គនាយក​ក្រុមហ៊ុន Enarita ៕ ដោយ​៖ បូ​រិ​ន​/Ha