តារា​កីឡាកាស ជេ​ហ្វ ហាត​ឌី ត្រូវ​ប៉ូលិស​ចាប់ខ្លួន​ពីបទ​បើកបរ​ទាំង​ស្រវឹង​ទៅបុក​រនាំង​ដែក​ការពារ​ខូចខាត ១៣.០០០​ដុល្លារ មុន​ការប្រកួត​ធំ​នឹង​មកដល់​មួយខែ​ទៀត​

615

អ្នក​កីឡាកាស​អាជីព​ឈ្មោះ ជេ​ហ្វ ហាត​ឌី (Jeff Hardy) ត្រូវបាន​ចាប់ខ្លួន​ដោយសារតែ​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង​។ នេះ​បើ​យោងតាម​មន្ត្រី​នៅ​រដ្ឋ​ន័​រ​ខា​រ៉ូ​លី​ណា​។​

​តារា​កីឡាកាស​ក្របខណ្ឌ WWE វ័យ ៤០ ឆ្នាំ​រូបនេះ​បាន​បើករថយន្ត​របស់គាត់​បុក​រនាំង​ដែក​ការពារ​នៅ​ទីក្រុង​កុន​កដ (Concord) កាលពី​ថ្ងៃ​សៅរ៍ ទី​១០​មីនា វេលា​ម៉ោង​ប្រហែល ១០ និង ៣០ នាទី​យប់​។ នេះ​បើតាម​ការបង្ហាញ​លើ​របាយការណ៍​ចាប់ខ្លួន​រូបគាត់​។

​គាត់​បាន​បើករថយន្ត​រេ​ចេញពី​ផ្លូវ​ជ្រុល​ទៅខាង​ស្តាំ​ដៃ បុក​រះ​រនាំង​ដែក​ការពារ​ប្រវែង ៣២ ម៉ែត្រ មុនពេល​រថយន្ត​នេះ​ធ្លាក់​ទៅ​ផ្លូវ​ខាងឆ្វេង​បែរ​គូទ​ចុះក្រោម​ក្នុង​មុំ ៩០ ដឺ​ក្រេ​។​

​កំណត់ត្រា​របស់​តុលាការ​ខា​បា​រូស (Cabarrus) បង្ហាញថា គាត់​នឹង​បង្ហាញខ្លួន​នៅ​ចំពោះមុខ​ចៅក្រម​នៅ​ថ្ងៃទី ១៦ មេសា ហើយ​ត្រូវបាន​ដកហូត​បណ្ណ​បើកបរ​យ៉ាងតិច ៣០ ថ្ងៃ​។​

​យោងតាម​ការប៉ាន់ស្មាន​របស់​ប៉ូលិស​ដែល​រាយការណ៍​ដោយ​វេ​ប​សាយ CBSSports ថា ឧបទ្ទវ​ហេតុនេះ​បណ្តាលឱ្យ​ខូចខាត​ចំនួន ៨.០០០ ដុល្លារ​សម្រាប់​រថយន្ត Cadillac ស៊េរី​២០១៦ របស់គាត់ និង ៥.០០០ ដុល្លារ​សម្រាប់​រនាំង​ដែក​ការពារ​។​

​ហើយ​ការប្រកួត​ធំ​របស់គាត់ គឺ WrestleMania 34 នឹង​មកដល់​នៅ​ថ្ងៃទី ៨ ខែមេសា​ខាង​មុននេះ​នៅ​រដ្ឋ​ញូ​វ​អ័​រ​លែ​ន​៕ ដោយ៖ កញ្ញាដាលីស

ជេ​ហ្វ ហាត​ឌី នឹង​បង្ហាញខ្លួន​នៅ​ចំពោះមុខ​ចៅក្រម​នៅ​ថ្ងៃទី ១៦ មេសា