តារា​កូរ៉េ​ម្នាក់​ទៀតហើយ​ចូលនិវត្តន៍​ពី​វិស័យ K-pop ខណៈ​រឿងអាស្រូវ​ផ្លូវភេទ​កាន់តែ​ផ្ទុះ​រាលដាល​

199
ចែករម្លែក
  • 25
    Shares

​រឿងអាស្រូវ​ផ្លូវភេទ​ក្នុង​វិស័យ K-pop ដ៏​គួរឱ្យភ្ញាក់ផ្អើល​បាន​ផ្ទុះ​កក្រើក​ជា​លើក​ទី​ពីរ ខណៈ​តារាចម្រៀង​ម្នាក់ ដែល​ជាប់​លេខ​ពីរ​ក្នុង​កម្មវិធី​បង្ហាញ​ទេពកោសល្យ​កំពូល​របស់​កូរ៉េខាងត្បូង បាន​សារភាពថា លួច​ថត​វីដេអូ​ខ្លួន​កំពុង​រួមភេទ​ជាសម្ងាត់​រួច​ចែករំលែក​វីដេអូ​នោះ​។​

​ជុង ជុន​យ៉ុង (Jung Joon-young) អាយុ ៣០ ឆ្នាំ​បានប្រកាស​ចូលនិវត្តន៍​ភ្លាមៗ​ពី​វិស័យ​សិល្បៈ ចំពេល​មានការ​ចោទប្រកាន់ថា គាត់​បាន​ថត​និង​ចែករំលែក​រូបភាព​សិច​ដោយ​គ្មាន​ការយល់ព្រម​ពី​ដៃគូ​របស់គាត់​។​

​គាត់​បាន​និយាយថា “​ខ្ញុំ​សារភាព​ចំពោះ​បទឧក្រិដ្ឋ​ទាំងអស់​របស់ខ្ញុំ​”​។​

​តារា​រូបនេះ​បាន​បន្ថែម​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​បានចេញ​ផ្សាយ​កាលពី​ល្ងាច​ថ្ងៃ​អង្គារ​ទី​១២​មីនា​ថា “​ខ្ញុំ​បាន​ថត​ស្រីៗ​ជាច្រើន​ដោយ​គ្មាន​ការយល់ព្រម ហើយ​បាន​ចែករំលែក​វា​នៅក្នុង Chatroom ហើយ​ខណៈពេលដែល​ខ្ញុំ​ធ្វើ​ដូច្នេះ ខ្ញុំ​មិនបាន​អារម្មណ៍​ថា​មានទោស​កំហុស​នោះទេ​”​។​

​ជុង​គឺជា​សិល្បករ​ម្នាក់​ក្នុងចំណោម​សិល្បករ​៣​នាក់​នៅក្នុង Chatroom កន្លែង​ដែល​សមាជិក​ខ្លះ​បាន​ចែករំលែក​វីដេអូ​សម្ងាត់​នៃ​ការ​រួមភេទ​ជាមួយ​ស្ត្រី​យ៉ាងហោចណាស់ ១០ នាក់​។ នេះ​បើ​យោង​ទូរទស្សន៍​ក្នុងស្រុក SBS ។​

SBS បាន​ផ្សាយ​ថា តារាចម្រៀង K-pop សៀង​រី សមាជិក​ក្រុម​ចម្រៀង​បុរស​ដ៏​ជោគជ័យ BIGBANG ដែល​បានប្រកាស​ពី​ការចូលនិវត្តន៍​របស់​គាត់​ពី​វិស័យ​សិល្បៈ​កាលពី​ថ្ងៃ​ចន្ទ​ចំពេល​កំពុងមាន​ការស៊ើបអង្កេត​បទល្មើស​រកស៊ី​ផ្លូវភេទ​នោះ ក៏​ជា​សមាជិក​ម្នាក់​នៃ Chatroom នោះដែរ​។​

​តារា K-Pop ជាទូទៅ​បាន​សាបព្រោះ​រូបភាព​ស្អាតស្អំ​និង​ត្រូវបាន​ផ្សព្វផ្សាយ​យ៉ាងសកម្ម​ដោយ​រដ្ឋាភិបាល​កូរ៉េខាងត្បូង​សម្រាប់​ជាការ​នាំចេញ​វប្បធម៌​ដ៏​សំខាន់ ហេតុដូច្នេះ​រឿងអាស្រូវ​បែបនេះ​កើតឡើង​គឺ​កាន់តែ​ធ្វើឱ្យមាន​ការភ្ញាក់ផ្អើល​។​

​ក្នុង​ឆ្នាំ ២០១៦ ជុង​ត្រូវបាន​ចោទប្រកាន់​ពីបទ​ថត​វីដេអូ​ជាមួយ​ដៃគូ​រួមភេទ​ដោយ​គ្មាន​ការយល់ព្រម​និង​មិនបាន​ឱ្យ​នាង​ដឹង ប៉ុន្តែ​រដ្ឋអាជ្ញា​បាន​ទម្លាក់ចោល​ករណីនេះ ដោយសារ​ខ្វះ​ភស្តុតាង បន្ទាប់ពី​នាង​បាន​ដក​ការចោទប្រកាន់​របស់​នា​ង​វិញ​។​

​មន្ត្រី​ម្នាក់​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ថា ភ្នាក់ងារ​ប៉ូលិស​ក្រុង​សេ​អ៊ូ​ល​នឹង​សួរចម្លើយ​គាត់​នៅ​ចុង​សប្តាហ៍​នេះ​៕ ដោយ៖ កញ្ញាដាលីស