តារា​កំប្លែង​ភេទ​ទី​៣​រ៉ូ​ហ្សា ចូលរួម​ជាមួយ​នាយិកា​រ​ក្រុមហ៊ុន ប៊ុណ្ណា ចែករំលែក​ក្តី​ស្រលាញ់​ដល់​កុមារ​នា​មជ្ឈមណ្ឌល​កូ​លាប​ទី​៤

90
ចែករម្លែក
  • 12
    Shares

ដោយ:បូ​រិ​ន/​ភ្នំពេញ ​៖ តារា​កំប្លែង​ភេទ​ទី​៣ លោក គន់ រៀម​រតនៈ ហៅ រ៉ូ​ហ្សា បាន បង្ហាញ​វត្តមាន​ចូលរួម​សកម្ម​សប្បុរសធម៌​ជាមួយ​លោកស្រី សន សុ​ម៉ា​លីន​ដា នាយិកា ក្រុមហ៊ុន ប៊ុណ្ណា រៀល​ធី​គ្រុប ចុះសួរសុខទុក្ខ ចែក​អំណោយ និង​ចែករំលែក​ក្តី​ស្រលាញ់​ជូន​ដល់​កុមារ​ជាច្រើនរូប​ដែល​កំពុងស្នាក់នៅ​មជ្ឈមណ្ឌល​បូរី​និស្សិត កុមារ​អាស៊ី​អា​ស្ពេ​កា អតីត​មជ្ឈមណ្ឌល​កូ​លាប​ទី​៤​។​

​កាលពី​ព្រឹក​ថ្ងៃទី​១៤​ ខែកុម្ភៈ​ ឆ្នាំ​២០១៩ តារា​កំប្លែង​រូបនេះ​បានឲ្យដឹងថា កុមារ​ដែល​រស់នៅ​ទីនោះ​ប្រមាណ​ជាង​៥០​រូប​ភាគច្រើន​ជា​កុមារកំព្រា​ខ្វះ​ទីពឹង កុមារ​ដែល​រងគ្រោះ​ដោយ​អំពើហិង្សា​និង​អំពើ​នានា កំពុងស្នាក់នៅ និង​ទទួលបាន​ការបណ្តុះបណ្តាល​អប់រំ ថែទាំ​ពី​មជ្ឈមណ្ឌល​។ លោក​មាន​ក្តីរំភើប និង​អួលដើមករ​ពេលដែល លោកស្រី សន សុ​ម៉ា​លីន​ដា ធ្វើតាម​ការសន្យា​របស់​លោកស្រី​មកជួប​កូនៗ​ទាំងអស់គ្នា​នៅទីនេះ​ក្នុង​ឱកាស​នៃ​ទិវា​សេចក្តីស្រលាញ់​ទាំង​១៤​កុម្ភៈ​។

​អ្នកស្រី​បានបញ្ជាក់​ថា អ្នកណា​ក៏ត្រូវ​ការ​ក្តី​ស្រលាញ់​ដែរ​ហើយ​ការ​មាន​វត្តមាន​នៅទីនេះ​គឺ​ដើម្បី​ចែករំលែក​ក្តី​ស្រលាញ់​។ សកម្មភាព​លើក​នេះ​គឺ​អ្នកស្រី​រំលឹក​ដល់​កាល​អ្នកស្រី​ជា​ក្មេង​កំព្រា​ដែល​មិន​ស្គាល់​សូម្បី​មុខ​ឪពុក​របស់ខ្លួន ហើយ​មជ្ឈមណ្ឌល​កូ​លាប​ទី​៤​នេះ​ក៏​ជា​អតីត​ទីកន្លែង​ដែល​អគ្គនាយក​ក្រុមហ៊ុន ប៊ុណ្ណា រៀល​ធី​គ្រុប​ធ្លាប់​មករ​ស់​ស្នាក់​អាស្រ័យ​ផងដែរ​កាលពី​អំឡុង​ឆ្នាំ​១៩៨៥​។ អ្នកស្រី​ផ្តាំផ្ញើ​លើកទឹកចិត្ត​ឲ្យ​កុមារ​ទាំងអស់​កុំ​គិតថា​ខ្លួនឯង​ជា​ក្មេង​កំព្រា កុំ​បាក់​ទឹកចិត្ត ត្រូវមាន​សង្ឃឹម ត្រូវខិតខំ​តស៊ូ​សិក្សា​រៀន​សូត្រ ពង្រឹងសមត្ថភាព ដើម្បី​ជា​បង្អែក​ដល់​ខ្លួនឯង គ្រួសារ និង​សង្គមជាតិ​។ ជាមួយ​គ្នានេះ​អ្នកស្រី​ប្រកាស​ផ្តល់ឱកាស​បទពិសោធន៍ និង​ឱកាស​ការងារ​ជូន​ដល់​យុវជន​ដែល​​ចេញពី​មជ្ឈមណ្ឌល​កុមារកំព្រា​នានា​ផងដែរ​។

​តំណាង​មជ្ឈមណ្ឌល​បូរី​និស្សិត កុមារ​អាស៊ី​អា​ស្ពេ​កា បាន​ថ្លែង​ការកោតសរសើរ​ចំពោះ​សណ្តាន​ចិត្ត លោកស្រី​អគ្គនាយិការ​ក្រុមហ៊ុន ប៊ុណ្ណា រៀល​ធី​គ្រុប ដែល​បាន​ចំណាយ​ពេលវេលា និង​ថវិការ​ធ្វើដំណើរ​មកកាន់​មជ្ឈមណ្ឌល​ផ្ទាល់​ដើម្បី​សាកសួរ​សុខទុក្ខ​ចែក​រំលែក​ក្តី​ស្រលាញ់​ដល់​កុមារ​នៅទីនេះ​។

លោកស្រី​ថា​អ្វីដែល​មិនអាច​កាត់ថ្លៃ​បាន​គឺ​ទឹកចិត្ត​ដ៏​ល្អ​ប្រពៃ​កម្រ​រកបាន ហើយ​សង្ឃឹម​ថា ​ការជួបជុំ​នាឱកាស​នេះ​នឹង​ក្លាយជា​កម្លាំង​ចិត្ត​ធំធេង​សម្រាប់​កុមារ​ ដែល​មកពី​គ្រួសារ​​លំបាក និង​ធ្លាប់​រងគ្រោះ​ដោយ​អំពើ​ផ្សេងៗ​នៅទីនេះ ឲ្យ​ពួកគេ​ជម្នះ ព្យាយាម​តស៊ូ​ក្នុង​ជីវិត​ដើម្បី​អនាគត​ដ៏​ល្អប្រសើរ​។

​សូម​បញ្ជាក់ដែរថា អំណោយ​ដែល​សប្បុរសជន​នាំយកមក​ជូន​ដល់​ប្អូនៗ​កុមារ​នៅ​ពេល​នោះ​មានដូចជា​អង្ករ ទឹកត្រី ប្រេងឆា មី នំ ភួយ កន្សែង​សម្ភារៈ​សិក្សា និង​ថវិកា​មួយ​ចំនួន​សម្រាប់​ពួកគាត់ និង​ថវិកា​មួយចំនួន​សម្រាប់​មជ្ឈមណ្ឌល​ផ្ទាល់​ផងដែរ​៕​B/