តារា​កំប្លែង ស៊ុន ណា​រី​ម៉ូ​នី​កា និង “​គ្រួសារ​តារា​កម្ពុជា​” យកលុយ​ជិត​១​ម៉ឺន​ដុល្លារ ពី​ព្រឹត្តិការណ៍​ន័​រ​តុ​ន ជូន​គន្ធបុប្ផា

544

(​ភ្នំពេញ​)៖ កាលពី​ព្រឹក​ថ្ងៃ​ពុធ​ទី​១២ ខែតុលា ឆ្នាំ​២០១៧ តារា​កំប្លែង​ល្បី ស៊ុន ណា​រី​ម៉ូ​នី​កា ស្ម័គ្រចិត្ត​ដឹកនាំ​ក្រុម “​គ្រួសារ​តារា​កម្ពុជា​” រួមជាមួយ ថ្នាក់ដឹកនាំ និង​និស្សិត​សាកលវិទ្យាល័យ​ន័​រ​តុ​ន បាន​យក​ថវិកា​ចំនួន​ជិត​១​ម៉ឺន​ដុល្លារ​ដែល​ទទួលបាន​ពី​ព្រឹត្តិការណ៍​​តាំងពិព័រណ៍​ស្នាដៃ​និស្សិត និង​ការប្រគំ​តន្ត្រី​ដែលមាន​ឈ្មោះថា​ព្រឹត្តិការណ៍​កម្រាលព្រំ​សប្បុរសធម៌​កាលពី​ថ្ងៃទី​២៩ កញ្ញា ឆ្នាំ​២០១៧ ជូន​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​។​

​ក្នុង​ពិធី​ប្រគល់​លុយ​នោះ ក្រៅពី​តំណាង​ន័​រ​តុ​ន ក៏មាន​តារាៗ​ចូលរួម​ប្រគល់​ដូចជា អ្នកនាង ស៊ុន ណា​រី​ម៉ូ​នី​កា កញ្ញា នី​និច្ច កញ្ញា​ណា​តា​ហ្សា​ តួឯក​ស្រី​កំណត់ហេតុ​នាង​នាថ កញ្ញា ពេជ្រ អា​វី​ហ្សា កញ្ញា មាស អា​លី​ស កញ្ញា ពេជ្រ ចរណៃ លោក​MC លី​ហេង លោក​វង្ស ថា​ណាន់ លោក ស៊ីឡូ លោក មាស សៀវ​ប៉ាយ និង​តារាៗ​ជា​សមាជិក​របស់​គ្រួសារ​តារា​កម្ពុជា ជាច្រើនរូប​ទៀត​។

​នេះ​ជា​ថវិកា​ដែល​ទទួលបាន​ពី​ការ​រ៉ៃ​អង្គាស​ដោយផ្ទាល់​ដៃ​របស់​និស្សិត​សាកលវិទ្យាល័យ​ន​រ័​តុ​ន និង​ការ​រ៉ៃ​អង្គាស​របស់​តារា​សិល្បៈ​ដោយផ្ទាល់ ខណៈដែល​ថវិកា​មួយចំនួនធំ​គឺ​បាន​ពី​ការលក់ដូរ​របស់​និស្សិត​គ្រប់ផ្នែក​នៅក្នុង​ព្រឹត្តិការណ៍​ទាំងមូល​ទើប​ទទួលបាន​ថវិកា​ក្នុង​ចំនួន​មួយ​ច្រើន​យ៉ាងនេះ​។

​លោក​ផាត់ តារា​រដ្ឋ ស្ថាបនិក “​គ្រួសារ​តារា​កម្ពុជា​” បាន​អះអាងថា​នេះ​ជា​ឆ្នាំ​ទី​២​ដែល​សាកលវិទ្យាល័យ​ន័​រ​តុ​ន​និង​គ្រួសារ​តារា​កម្ពុជា​បាន​រៀបចំ ព្រឹត្តិការណ៍​កម្រាលព្រំ​សប្បុរ​ធម៌ ដើម្បី​មន្ទីរពេទ្យ​គន្ធបុប្ផា​តែ​ជា​លើក​ទី​១​ដែល​កម្មវិធី​នេះ​ទទួលជោគជ័យ​ព្រោះ​អត់​រំខាន​ដោយ​ភ្លៀង ហើយ​មានការ​ចូលរួម​ដោយ​តារា​ល្បីៗ​លំដាប់​ប្រដាប់​ប្រទេស​រហូតដល់​ជាង​៨០​រូប​បង្ហាញខ្លួន​។ សូម​រំលឹកថា ការប្រគំ​តន្ត្រី​កាលពី​ឆ្នាំមុន​ត្រូវបាន​រំខាន​ដោយ​ភ្លៀង ។​ថវិកា​កាលពី​ឆ្នាំមុន​គឺ​បាន​ចំនួន​ជាង​៤​ពាន់​ដុល្លារ​ខណៈ​ឆ្នាំនេះ​ទទួល​បាន​ថវិកា​រហូតដល់​៩៨៨៣​ដុល្លារ ហើយ​សរុប​ទាំង​ថវិកា​ដែល​បរិច្ចាគ​បន្ថែម​ក្នុង​ម៉ោង​ប្រគល់​នោះ គឺ​ទទួលបាន​ចំនួន ៩៩២៣,៣ ដុល្លារ​សហរដ្ឋអាមេរិក​៕​ដោយ បូ​រិ​ន​/sn​