តារា​គ្រី​ឃី​ក​ប្រែជា​មេបក្ស​ប្រឆាំង​នៅ​ប៉ា​គី​ស្ថាន រិះគន់ ដូ​ណា​ល់ ត្រាំ ថា​ជា “​មនុស្ស​ល្ងង់ខ្លៅ និង រមិលគុណ​”

480

​តារា​គ្រី​ឃី​ក (Cricket) ដ៏​ល្បីល្បាញ​ប្រែ​មកជា​មេដឹកនាំ​បក្សប្រឆាំង​របស់​ប៉ា​គី​ស្ថាន លោក អ៊ី​ម​រ៉ា​ន់ ខាន់ (Imran Khan) បាន​រិះគន់​លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ ថា​ជា “​មនុស្ស​ល្ងង់ខ្លៅ​និង​រមិលគុណ​” បន្ទាប់ពី​មេដឹកនាំ​អាមេរិក​រូបនេះ​បាន​ចោទប្រកាន់​រដ្ឋាភិបាល​ក្រុង​អ៊ី​ស្លា​ម៉ា​បាដ ថា​ផ្តល់​ជម្រក​ដល់​ក្រុម​ភេរវជន​។​

​លោក​ខាន់​ក៏បាន​ចម្អក​ឱ្យ​រដ្ឋបាល​ត្រាំ កាលពី​ថ្ងៃ​ពុធ​ទី​៣​មករា ដោយ​បបួល​ប្រធានាធិបតី​អាមេរិក​រូបនេះ​ឱ្យ​បកស្រាយ​ថា​ហេតុដូចម្តេច​បានជា “​មនុស្ស​ពីរ​បី​ពាន់​នាក់ ឬ ហៅថា​ពួក​ហាក់​កា​នី (Haqqani សម្ព័ន្ធមិត្ត​របស់​ពួក​តា​លី​បង់​) នៅក្នុង​ប្រទេស​ប៉ា​គី​ស្ថាន​ដែល​គេ​ចោទ​នោះ ត្រូវបាន​សន្មត​ថា​ជា​មូលហេតុ ដែល​កង​កម្លាំងយោធា​បំពាក់អាវុធ​ល្អ​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​…​មិនអាច​ទទួលបាន​ជោគជ័យ​” នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​។​

​ធ្វី​ត (Tweet) របស់លោក​ខាន់​ក៏បាន​រិះគន់​ការចូលរួម​របស់​ប៉ា​គី​ស្ថាន​នៅក្នុង​សង្គ្រាម​ប្រឆាំង​ភេរវកម្ម​ដឹកនាំ​ដោយ​អាមេរិក​ផងដែរ ដែល​ក្នុងនោះ រដ្ឋាភិបាល​ក្រុង​អ៊ី​ស្លា​ម៉ា​បាដ​គឺជា​សម្ព័ន្ធមិត្ត​របស់​ស​ហ​រដ្ឋ​អាមេរិក​។ លោក​បាន​និយាយថា លោក​ជំទាស់​នឹង​សង្គ្រាម​លើ​ភេរវកម្ម​តាំងពី​ដំបូង​ម្ល៉េះ​។​

​អតីត​កំពូល​កីឡាករ​គ្រី​ឃី​ត​កី ដែលមាន​កេរ្តិ៍ឈ្មោះ​ជាតា​រា​ភ្លេ​ប៊​យ (Playboy) លើ​ឆាក​អន្តរជាតិ និង​ក្នុង​ប៉ា​គី​ស្ថាន​ជា​អ្នក​អភិរក្សនិយម​អ៊ីស្លាម​រូបនេះ មាន​មហិច្ឆតា​ចង់​ក្លាយជា​នាយករដ្ឋមន្ត្រី​បន្ទាប់​របស់​ប្រទេស​ប៉ា​គី​ស្ថាន​៕ ដោយ៖ កញ្ញាដាលីស

លោក អ៊ី​ម​រ៉ា​ន់ ខាន់ រិះគន់​លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ ថា​ជា “​មនុស្ស​ល្ងង់ខ្លៅ​និង​រមិលគុណ​”