តារា​ចិន​ក្នុង​ក្រុម EXO របស់ K-pop ផ្តាច់​កុងត្រា​ជាមួយ​ក្រុមហ៊ុន Samsung ព្រោះ​ក្រុមហ៊ុន​មិន​គោរព “​គោលនយោបាយ​ចិន​តែមួយ​”

157
ចែករម្លែក

លោក ចាង អ៊ី​ស៊ី​ង (Zhang Yixing) ហៅ​ឡាយ​របស់​ក្រុម​ចម្រៀង EXO បាន​ផ្តាច់​កិច្ចសន្យា​របស់គាត់​ជាមួយ​ក្រុមហ៊ុន Samsung Electronics បន្ទាប់ពី​បានកំណត់​ថា វេ​ប​សាយ​របស់​ក្រុមហ៊ុន​នេះ​មិនបាន​គោរព​តាម “​គោលនយោបាយ​ចិន​តែមួយ​”​។​

“​គោលនយោបាយ​ចិន​តែមួយ​” តម្រូវឱ្យ​ក្រុមហ៊ុន​ទាំងឡាយ​សំដៅលើ​ទឹកដី​ដូចជា​ហុងកុង តៃវ៉ាន់ និង​ម៉ា​កាវ ជា​ផ្នែក​មួយ​នៃ​ប្រទេស​ចិន មិនមែនជា​អង្គភាព​ស្វយ័ត​ទេ​។ ភាព​តានតឹង​ផ្នែក​នយោបាយ​កាន់តែ​ក្តៅគគុក​នាពេល​បច្ចុប្បន្ន​រវាង​ហុងកុង​និង​ចិន​បានធ្វើ​ឱ្យមាន​រលក​ប្រជាជន​ក្នុងប្រទេស​ចិន​ធ្វើការ​ពិនិត្យពិច័យ​លើ​ម៉ាក​យីហោ​អន្តរជាតិ​ដើម្បី​រកមើល​ថា​តើ​ពួកគេ​គោរព​តាម​គោលនយោបាយ​ចិន​តែមួយ​ឬ​អត់​។​

​ទាក់ទង​នឹង​ក្រុមហ៊ុន Samsung Electronics ស្ទូ​ឌី​យោ​របស់​ឡាយ​បានចេញ​សេចក្តីថ្លែងការណ៍​មួយ​នៅលើ Weibo ដោយ​និយាយថា “​បន្ទាប់ពី​ការពិនិត្យ​ដោយ​ខ្លួនឯង​និង​ការប្រាស្រ័យ​ទាក់ទង​យ៉ាង​ម៉ឺងម៉ាត់​ជាមួយ​គ្រប់​ម៉ាក​សញ្ញា​ផ្សាយពាណិជ្ជកម្ម​របស់​យើង​រួចមក ក្រុមហ៊ុន Samsung Electronics ដែល​ចាង អ៊ី​ស៊ី​ង ធ្វើជា​តារា​ម៉ូ​ដែល​តំណាងឱ្យ​នោះ ពុំមាន​និយមន័យ​ច្បាស់លាស់​អំពី​ប្រទេស​និង​តំបន់​នៅលើ​វេ​ប​សាយ​ផ្លូវការ​របស់ខ្លួន​ទេ​។ ភាពមិនច្បាស់លាស់​នៃ​អធិបតេយ្យភាព​និង​បូរណភាព​ទឹកដី​របស់​ចិន​បានធ្វើឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​អារម្មណ៍​ជាតិនិយម​របស់​ជនរួមជាតិ​របស់​យើង ដែល​យើង​ថ្កោលទោស​យ៉ាងខ្លាំង​ហើយ​នឹងមិន​អត់ឱន​ឱ្យ​ឡើយ​”​។

​ជម្លោះ​នេះ​ផ្ទុះឡើង បន្ទាប់ពី​ទស្សនិកជន​ចិន​កត់សម្គាល់ថា ក្រុមហ៊ុន​កូរ៉េ​នេះ​ផ្តល់ជូន​នូវ​ភាសា​៣​ផ្សេងគ្នា​នៅលើ​វេ​ប​សាយ​របស់ខ្លួន​សម្រាប់​អតិថិជន​នៅ​ហុងកុង ចិន និង តៃវ៉ាន់ គឺ​ភាសា​អង់គ្លេស ភាសា​ចិន​សាមញ្ញ និង ភាសា​ចិន​បុរាណ​។ ភាសា​ទាំង​៣​គឺ​បង្ហាញ​នៅក្នុង​បញ្ជី​នៃ “​ក្រុម​ប្រទេស​”​។

​សញ្ញា​ទ្រង់​ជ្រូក​សរសេរថា “#​ចាង​អ៊ី​ស៊ី​ង​ទាត់ចោល​សាម​សុង​” បាន​ល្បី​ខ្ចរខ្ចាយ​ពេញ​បណ្តាញ​សង្គម Weibo របស់​ចិន ជាមួយ​ការប្រកាស​លុបចោល​កិច្ចសន្យា​របស់​ចាង​ជាមួយ​ក្រុមហ៊ុន Samsung ត្រូវបាន​គេ​ចុច​មើល​ដល់​ទៅ ៨៤០ លាន​ដង​ក្នុងពេល​ត្រឹមតែ ២០ ម៉ោង​ប៉ុណ្ណោះ បន្ទាប់ពី​បង្ហោះ​វា​នៅលើ​អន​ឡាញ​៕ ដោយ៖ កញ្ញាដាលីស

ចាង អ៊ី​ស៊ី​ង ផ្តាច់​កុងត្រា​ជាមួយ Samsung ហើយ