តារា​ចិន ហ្វា​ន ពីង​ពីង ស្ថិតក្រោម​ការស៊ើបអង្កេត​ពី​អាជ្ញាធរ​ពន្ធ​

617

អាជ្ញាធរពន្ធចិននៅទីបំផុតបានឆ្លើយតបចំពោះករណីកំពូលតារាចិន នាងហ្វាន ពីងពីង បាត់មុខពីសាធាណជនអស់ពេលជាង៣ខែ ចំពេលមានរបាយការណ៍ថានាងគេចវេះពន្ធសំរាប់ចំណូលពីការសម្តែងរាប់លានដុល្លាររបស់នាង ,នេះបើតាមរបាយការណ៍ក្នុងសារព័ត៌មានChina Press ។

បើតាមសារព័ត៌មានខាងលើ នាយកដ្ឋានពន្ធដាខេត្តជាំងស៊ូ បាននិយាយថាការស៊ើបអង្កេតបាននិងកំពុងធ្វើហើយអាជ្ញាធរនឹងចេញសេចក្តីថ្លែងការណ៍អំពីលទ្ធផលនៃការស៊ើបអង្កេតនេះ។

ហ្វានត្រូវបានគេនិយាយថានាងនៅផ្ទះ តែមិនត្រូវអនុញ្ញាតអោយទាក់ទងអ្នកផ្សេងឡើយ។ទោះជាយ៉ាងណា ទីកន្លែងស្នាក់នៅរបស់នាងមិនត្រូវបានមនុស្សទូទៅដឹងទេ ខណៈក្រុមរបស់នាងមិនបានឆ្លើយតបចំពោះសំណួរជាច្រើនពីបណ្តាអង្គភាពសារព័ត៌មាន។

ការបាត់មុខរបស់នាងមិនត្រឹមតែបង្កការចាប់អារម្មណ៍នៅចិនប៉ុណ្ណោះទេ តែនៅទូទាំងពិភពលោក។នៅថ្ងៃខួបកំណើតទី៣៧ឆ្នាំរបស់នាងកាលពីថ្ងៃ១៦កញ្ញាកន្លងទៅតារារូបនេះបានបង្ហាញមុខក្នុងបណ្តាញសង្គមចិនWeiboមួយភ្លែត នៅមុនពេលសារជូនពរខួបកំណើតរបស់នាងត្រូវបានលុបចេញភ្លាមៗ។

ហ្វាន ត្រូវបានគេចោទថា បានចុះកិច្ចសន្យា”yin-yang”ដើម្បីគេចពន្ធ ។វាជាកិច្ចសន្យាខុសច្បាប់ដោយឯកសារនៃកិច្ចសន្យាសំរាប់ផ្ញើទៅអាជ្ញាធរពន្ធដាក់តំលៃឈ្នួលទាប តែកិច្ចសន្យាមួយទៀតដាក់ថ្លៃឈ្នួលថតពិតគឺទទួលបានប្រាក់ជាក់ស្តែងខ្ពស់ជាងក្នុងឯកសារសំរាប់បង់ពន្ធ៕ដោយ៖វាសនា