តារា​ជាង​៦០​នាក់​មាន​អារម្មណ៍​អន់ចិត្ត​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ​មិនសូវ​គាំទ្រ តន្ត្រី​ជួយ​អ្នករងគ្រោះ​ទឹកជំនន់​

556
ចែករម្លែក

​ដោយ : បូ​រិ​ន​/​ភ្នំពេញ ​៖ តារា​សម្តែង​និង​ចម្រៀង​ជាង​៦០​នាក់ បានបង្ហាញ​អារម្មណ៍​ហាក់​អន់ចិត្ត​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ​ដែលមាន​ធន​ធារ​មិនសូវ​ចាប់អារម្មណ៍​គាំទ្រ​ព្រឹត្តិការណ៍​តន្ត្រី​ទ្រង់ ទ្រាយ​ធំ​មួយ​នៅ​ចុង​សប្តាហ៍​នេះ​ដើម្បី​ស្វែងរក​ជំនួយ​ដល់​ជនរងគ្រោះ​ដោយ​ទឹកជំនន់​នៅ​ខេត្តស្ទឹងត្រែង និង​ខេត្តក្រចេះ ដែល​បាន​ស្ម័គ្រចិត្ត​រួមគ្នា​បង្កើត​។​

​ក្រោយពី​បានប្រកាស និង ស្វែងរក​គា​ទ្រ​មួយរយៈ​មក ទាំង​អ្នកដឹកនាំ​កម្មវិធី និង តារា​ច្រើន​នាំគ្នា​បាន​សម្តែង​ការខកចិត្ត​ជាខ្លាំង​ក្រោយ​ការលក់​សំបុត្រ​តម្លៃ​ត្រឹម​១​ម៉ឺន​រៀល​ក៏​មិនមាន​អ្នក​ជួយ​ទិញ​ច្រើន​ដែល​ធ្វើ​ឲ្យ​ពួកគេ​បាក​ទឹកចិត្ត​។​

​តាម​គម្រោង​កម្មវិធី​ប្រគំ​តន្ត្រី​ ”​ចែករំលែក​ក្តីសង្ឃឹម​” នឹងត្រូវ​ធ្វើ​នៅ​ថ្ងៃទី​១១ ខែសីហា នេះ​ដោយមាន​ការចូលរួម​ពី​សំណាក់​តារា​ប្រុស​ស្រី​ល្បីឈ្មោះ​ជាច្រើន​នៅ​កម្ពុជា​ស្ម័គ្រចិត្ត​ចូលរួម ប៉ុន្តែ​កម្មវិធី​នេះ​ហាក់​មិនមាន​ការចាប់ អារម្មណ៍​ពី​មហាជន​នៅឡើយ​។ មកដល់ពេលនេះ ចំនួន​នៃ​ការលក់​សំបុត្រ​ចូល​ទស្សនា​ការប្រគំ​តន្ត្រី​នេះ មាន​ត្រឹមតែ​ជិត​៣០០​សំបុត្រ ចែក​ការប្រគំ​តន្ត្រី​៣​វេន មាន​អ្នកមើល​មិនបាន​១០០​នាក់​ផង​។ នេះ​បើតាម​ការបញ្ជាក់​របស់​អ្នកសម្របសម្រួល​កម្មវិធី​ខាងលើ​បានបញ្ជាក់​ប្រាប់​។​

​លោក ឈួន សុខ​លីម អ្នកសម្របសម្រួល​កម្ម​វិធី​ប្រគំ​តន្ត្រី​នេះ​បាន​បញ្ជាក់ថា​សម្រាប់​ការងារ​សប្បុរសធម៌​មួយ​នេះ គឺ​ប្រគំ​តន្ត្រី ដើម្បី​លក់​សំបុត្រ​ចូល​ទស្សនា ក្នុង​សំបុត្រ​មួយ ១​ម៉ឺន​រៀល ដែលមាន​ការចូលរួម​ពី​តារា​ល្បីៗ​ជាច្រើន ហើយ​កម្មវិធី​មួយ​នេះ​ត្រូវបាន​ចាត់ទុកថា ជា​កម្មវិធី​សប្បុរសធម៌​ធំជាងគេ​មួយ​សម្រាប់​ឆ្នាំ​២០១៨ ដែល​អ្នកសិល្បៈ​រួមគ្នា​ធ្វើ និង​ជួយ​ដល់​សង្គម​។ ប៉ុន្តែ​មិន​នឹកស្មានថា ការងារ​សង្គម​មួយ​នេះ​បែរជា​មិនមាន​ការគាំទ្រ​ធ្វើ​ឲ្យ​អ្នកសិល្បៈ​ភាគច្រើន​បាក់​ទឹកចិត្ត និង​ចោទ​ជា​សំណួរ​ថា ហេតុអ្វី​បងប្អូន​មិន​គាំទ្រ​ការងារ​សង្គម​មួយ​នេះ មិន​ផ្តល់​កំលាំងចិត្ត​ដល់​អ្នកសិល្បៈ​ឲ្យ​ប្រឹង​បន្តទៀត​។ ថ្មីៗ​នេះ គ្រោះធម្មជាតិ ដែល​បង្កឡើង​ដោយ​ទឹកជំនន់ នៅ​ខេត្តស្ទឹងត្រែង បាន​បណ្ដាល​ឲ្យ​ខូចខាត ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​ខ្មែរ ដែល​រស់នៅ​ទីនោះ អស់​ជាច្រើន​គ្រួសារ ។​

​ការរៀបចំ​កម្មវិធី​សប្បុរសធម៌​មួយ មានការ​ចូលរួម​ដោយ​ស្ម័គ្រចិត្ត​ប្រគំ​តន្ត្រី ដើម្បី​ប្រមូល​មូ​និ​ធិ​ឧបត្ថម​ជនរង​គ្រោះ​​ដោយ​ទឹកជំនន់ ដែល​កម្មវិធី​នេះ​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី ១១/០៨/១៨ មាន​តារា​ចូលរួម​ល្បីៗ​ទាំងអស់​ជាង ៦០​រូប តម្លៃ​សំបុត្រ​ចូល​ទស្សនា ត្រឹមតែ​១​មុ​ឺ​ន​រៀល​ប៉ុណ្ណោះ​។​

សូមបញ្ជាក់ថា យ៉ាងតិច​មាន​តារាចម្រៀង​ប្រុស​ស្រី​ល្បីឈ្មោះ​ចំនួន​៦៦​បាន​ស្ម័គ្រចិត្ត​ចូលរួម​ច្រៀង​ដោយ​មិន​គិត​កម្រៃ​ដើម្បី​ស្វែងរក​ថវិកា​ជួយ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​កំពុង​រងគ្រោះ​ដោយ​ទឹកជំនន់​។ ការប្រគំ​តន្ត្រី​លក់​សំបុត្រ​ក្នុងតម្លៃ​ត្រឹម​១​ម៉ឺន រៀល​នេះ​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​១១​ខែសីហា​នេះ​នៅ​ភោជន​នី​យ​ដ្ឋា​ន​សេ​វេន​ប្រាយ​ជិត​ផ្សារ​មាន់​អាំង​។ ចូលរួម​ជួយ​គាំទ្រ​សិល្បៈ​ខ្មែរ គាំទ្រ​ការងារ​សង្គម ទំនាក់ទំនង​ទិញ​សំបុត្រ​បាន តាមរយៈ​លេខ 015 325 523/098 700 739/016 746 050/011 550 302៕​B

#