តារា​ជាង ១០០ នាក់ នឹង​ចូល​រូ​ម​សង្ក្រាន្ត ខណ្ឌ​ពោធិ៍​សែន​ជ័យ ឱ្យ​កក្រើក​នូវ​បទ​ប្រពៃណី​

1527
ចែករម្លែក

ដោយ​៖ បូ​រិ​ន/​
​ភ្នំពេញ​៖ សាលាខណ្ឌ​ពោធិ៍​សែន​ជ័យ សហភាព​សហព័ន្ធ យុវជន​កម្ពុជា ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​គ្រួសារ​តារា​កម្ពុជា បានរួម​សហការគ្នា រៀបចំ​ព្រឹ​ត្ត​ការណ៍​សង្ក្រាន្ត ដ៏​ធំ​មួយ ជា​លើក​ទី​៣ ដោយ​ដាក់ឈ្មោះថា «​ពោធិ៍​សែន​ជ័យ​សង្ក្រាន្ត​» ដែល​ព្រឹត្តិការណ៍ នឹង​ចាប់ផ្តើម ពីថ្ងៃ​ទី​២៩ មីនា រហូតដល់​ថ្ងៃទី​២ មេសា ខាងមុខនេះ នៅជាប់​របង​វត្ត​ជន្លង់ម្លូ ស្ថិតនៅ​ចម្ងាយ​ប្រមាណ ជាង​មួយ​គីឡូម៉ែត្រ ពី​រង្វង់​មូល​ចោមចៅ នៅ​ផ្លូវជាតិ​លេខ​៣ ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ព្រឹ​ត្ត​ការណ៍​នេះ ដែល​គេ​រំពឹងថា​មានការ​រៀបចំ ជា​ទ្រង់ទ្រាយ​ធំ​ជាង​មុន និង​គគ្រឹកគគ្រេង​ជាង​មុន​នោះ គឺ​មិន​រាប់បញ្ចូល ព្រឹត្តិការណ៍​លេងល្បែង ប្រជាប្រិយ​ខ្មែរ ការតាំងពិព័រណ៍​ស្នាដៃ​កូន​ខ្មែរ ការប្រណាំង​រទេះ ការបង្ហាញ​ក្បាច់​ប្រដាល់ នៅលើ​សង្វៀន និង​ការប្រឡង​បវរកញ្ញា វ័យ​៦០​ឆ្នាំ ជាដើម​។ គេ​ក៏​នឹង​ឃើញ​មាន ការប្រគំ​តន្ត្រី ដើម្បីឱ្យ​បងប្អូន​ជា កម្មករ កម្មការិនី នៅ​តំបន់​រោងចក្រ នៅ​ទីតាំង​នោះ បាន​រាំលេង ប្រមាណ​ជាង ១០០ នាក់​ឯណោះ ដោយ​វត្តមាន​ដ៏​ច្រើន របស់​ក្រុម​សិល្បករ សិល្បការិនី​នេះ គឺជា​ចំនួន​មួយ​ធំ មិន​ធ្លាប់មាន​សម្រាប់ ព្រឹត្តិការណ៍​មួយ​នេះ កាលពី ២ លើក​មុន​។

​យោងតាម​ប្រកាស​លើ​ផេ​ក «​គ្រួសារ​តារា​កម្ពុជា​» ក្រុម​តារា​សិល្បៈ​មួយក្រុម​ធំ​នេះ នឹង​សហការ​ចូលរួម រំលេច​ព្រឹត្តិការណ៍ «​ស​ង្ក្រា​ន​ពោធិ៍​សែន​ជ័យ​» ក្នុង​ឆ្នាំ​២០១៨​នេះ ឱ្យ​ក្លាយជា​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ ដើម្បី​អបអរ​ពិធីបុណ្យ​ចូលឆ្នាំ​។ ប៉ាណូ​មួយ​ផ្ទាំង ដែល​បាន​បង្ហោះ​ឡើង នៅលើ​ផេ​ក​នេះ បាន​ផ្សព្វផ្សាយ​ថា តារា​សិល្បៈ​ល្បីៗ និង​តារា​ថ្មីៗ មិនតិចជាង ១០០ នាក់​នោះទេ នឹង​បង្ហាញខ្លួន នៅក្នុង​ព្រឹត្តិការណ៍​មួយ​នេះ ក្នុងពេលដែល​ការរៀបចំ ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី ដើម្បី​ចូលរួម​ទៀតសោត ក៏​ប្រកាស​ធ្វើឡើង នៅក្នុង​ទម្រង់ លើកស្ទួយ​សិល្បៈ​បុរាណ​របស់​ខ្មែរ ដោយ​តម្រូវឱ្យ​តារា ចាស់​ក្មេង ទាំង​ល្បី និង​មិន​ល្បី ទាំងអស់ បកស្រាយ​តែ​បទ​ចម្រៀង ជា​ចង្វាក់​ប្រពៃណី​ខ្មែរ និង​តម្រូវឱ្យ​តុបតែង​កាយ ជា​លក្ខណៈ​ខ្មែរ ដើម្បី​បន្សាប​ឥទ្ធិពល បែក​ស្លុយ ដែល​បាន​រាលដាល​។

​នៅលើ​ប៉ាណូ ដែល​បាន​ឃោសនា ក៏​ឃើញតែ​វត្តមាន តារា​ល្បីៗ ដែល​ភាគច្រើន ជា​តារា​ដែលមាន​ទំនោរ ទៅរក​បទ​ចម្រៀង ពី​សម័យ​ដើម ដើម្បី​ធ្វើឱ្យ​សង្ក្រាន្ត នៅ​ពោធិ៍​សែន​ជ័យ ក្លាយជា​ព្រឹត្តិការណ៍​មួយ​ឆ្លុះ បញ្ចាំង​ពី​វប្បធម៌ ទុកជា​គំរូ ដល់​ក្មេងៗ ជំនាន់​ក្រោយ​។

​លោក ផាត់ តារា​រដ្ឋ ស្ថាបនិក «​គ្រួសារ​តារា​កម្ពុជា​» បាន​អះអាងថា បន្ទាប់ពី​បានកត់សម្គាល់ ព្រឹត្តិការណ៍ «​សង្ក្រាន្ត​ពោធិ៍​សែន​ជ័យ​» មាន​លក្ខណៈ​ស្រដៀង​គ្នា នឹង​ព្រឹត្តិការណ៍​សង្ក្រាន្ត​ធំៗ នៅក្នុង​ប្រទេស​កម្ពុជា ជាពិសេស​គឺ​សង្ក្រាន្ត ប្រចាំខេត្ត​មួយចំនួន ទើប​គ្រួសារ​តារា​កម្ពុជា ប្រកាស​ចាប់ដៃ ពេញទំហឹង ក្នុងការ​រៀបចំ ព្រឹត្តិការណ៍​មួយ​នេះ ដើម្បីឱ្យ​ការរៀបចំ របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា របស់លោក ហ៊ុន ម៉ា​នី និង​សាលាខ័ណ្ឌ​ពោធិ៍​សែន ដែល​មានបំណង​លើកស្ទួយ វប្បធម៌ អរិយធម៌ និង​ដើម្បី​ញុំ​ា​ង​ឱ្យ​បងប្អូន ប្រជាពលរដ្ឋ បាន​សប្បាយរីករាយ នៅមុខ​ឱកាស​បុណ្យចូលឆ្នាំថ្មី នាពេលខាងមុខ កាន់តែ​អធិកអធម​។

​លោក​បាន​និយាយថា តារា​សិល្បៈ រួមមាន តារាចម្រៀង​ល្បីៗ តារា​កំប្លែង ពិធីករ ពិធី​ការិនី​ឆ្នើមៗ និង​តារាចម្រៀង មកពី​កម្មវិធី Cambodian Idol , The Voice Cambodia, និង​ម្ចាស់​បទ Original Song របស់​ក្រុម​ខ្លួន រហូតដល់​ជាង ១០០ នាក់​ឯណោះ បាន​ស្ម័គ្រចិត្ត ចូលរួម​នៅក្នុង​ពិធី​នេះ​។ តារា​ទាំងនោះ ក៏បាន​ត្រៀមខ្លួន​បង្ហាញ នូវ​ទម្រង់​វប្បធម៌​សំខាន់ៗ បន្ថែម​ពីលើ ការ​ច្រៀង​សប្បាយៗ ដើម្បីឱ្យ​បងប្អូន​បាន​រាំលេង​។

​លោក​បាន​និយាយថា «​គ្រួសារ​តារា​កម្ពុជា​» នឹងចូលរួម​ជាមួយ ព្រឹត្តិការណ៍​សង្ក្រាន្ត​នេះ តែ ៣ ថ្ងៃ​ប៉ុណ្ណោះ គឺ​ថ្ងៃទី​៣០ និង ៣១ ខែមីនា និង​ថ្ងៃទី ១ មេសា ចំណែក ១​ថ្ងៃ​បើក និង​១​ថ្ងៃ​បិទ គឺ​កម្មវិធី​មួយ​ផ្សេង ដែល​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា នឹង​ចាត់ចែង ដោយផ្ទាល់​។ កម្មវិធី​នេះ ត្រូវបាន​លោក​ប្រកាសថា ធ្វើឡើង​នៅជាប់​របង​វត្ត​ជន្លង់ម្លូ ស្ថិត​ចម្ងាយ​ប្រមាណ ជាង​មួយ​គីឡូម៉ែត្រ ពី​រង្វង់​មូល​ចោមចៅ នៅតាម​បណ្ដោយ ផ្លូវជាតិ​លេខ​៣​។

​ព្រឹត្តិការណ៍​សង្ក្រាន្ត ក្នុងឆ្នាំនេះ ក៏​រំពឹងថា នឹងមាន​មនុស្ស ចូលរួម​ទស្សនា តាំងពី​កម្មវិធី​ពេលព្រឹក រហូតដល់​រំលងអធ្រាត្រ យ៉ាង​កកកុញ ផងដែរ ដោយសារតែ​ទីតាំង​នោះ ជា​ប្រជុំជន​រោងចក្រ ជាពិសេស គឺ​ក្រុមកម្មករ រស់នៅ​តំបន់​ចោមចៅ តែម្ដង​៕V


#