តារា​ជាច្រើន​ដួង​នឹង​ត្រៀម​អង្រួន​សង្ក្រាន្ត​ច្បារអំពៅ ​រយៈពេល​បី​ថ្ងៃ​

455
ចែករម្លែក
  • 3
    Shares

ភ្នំពេញៈ ដោយៈ បូរិន: ទាំង​តារាចម្រៀង សម្តែង និងអ្នកសិល្បៈ​ប្រមាណ​ជិត​១០០​នាក់​នឹង​ត្រៀមចូលរួម​កម្មវិធី​សង្ក្រាន្ត​ច្បារអំពៅ​ដើម្បី​ធ្វើឱ្យ​ខណ្ឌ​ច្បារអំពៅ​កក្រើក នា​ថ្ងៃទី​១៤,១៥ និង​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០១៩ ដែល​ធ្វើ​នៅវត្ត​វាល​ស្បូវ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។

លោក ចេង មុន្នី​រ៉ា អភិបាល ខណ្ឌ​ច្បារអំពៅ មានប្រសាសន៍ថា ដោយសារ​ប្រទេសយើង​មាន​សុខសន្តិភាព និង​ការអភិវឌ្ឍ​រីកចម្រើន​គ្រប់​វិស័យ ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែល​ធ្វើឱ្យ​ប្រជាពលរដ្ឋយើង​រស់នៅ​សុខ​ស្រួល និង​ចង់​ទៅណា​មក​ណា ម៉ោង​ណា​ក៏បាន វា​មិន​លំបាក​ចង់ទៅ ចូលរួម​កម្មវិធី​ណាក៏​ស្រួល​ធ្វើដំណើរ​។

លោក​អភិបាល ខណ្ឌ​ច្បារអំពៅ បានបញ្ជាក់​ទៀតថា ដូច្នេះ​ស្របតាម​ទិសដៅ​នៃ​ភាពរីកចម្រើន​របស់​ប្រទេសជាតិ​យើង និង​ដើម្បី​អបអរសាទរ​ក្នុងឱកាស ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី ប្រពៃណី​ខ្មែរ យើង​នេះ​រដ្ឋបាលខណ្ឌ​ច្បារអំពៅ ក៏​បានធ្វើ​កម្មវិធី​រយៈ​ពេល​បី​ថ្ងៃ គឺ​កម្មវិធីសង្ក្រាន្ត​ច្បារអំពៅ និង​មាន​កម្មវិធី​ជាច្រើន​ដូចជា ពិធី​ស្រង់​ព្រះ ពិធីរាប់បាត្រ លេងល្បែង​ប្រជាប្រិយ តំបន់​ត្រជាក់ចិត្ត ការ​រាំលេង​កម្សាន្ត ការប្រគំតន្រ្ដី សម្តែង​ប្លែកៗ មាន​ការដើ​របង្ហាញ​ម៉ូត​ ក្រុម​កំប្លែង និង​តារាចម្រៀង​ល្បីៗ​ចូលរួម​ជាច្រើនរូប​។​

​ដើម្បី​ឲ្យ​ពិធី​នេះ​មាន​ភាព​អធិកអធម​ លោក​អភិបាលខណ្ឌ​រូបនេះ​បាន​គោរព​អញ្ជើញ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ មក​ចូលរួម​កម្មវិធីសង្ក្រាន្ត​ច្បារអំពៅ នេះ​ឱ្យបាន​ច្រើនកុះករ​។
​ ​
ជាមួយគ្នា​នោះ​លោក អ៊ឹម ជីវ៉ា ដែលជា​អ្នកចាត់ចែង​រៀបចំ​កម្មវិធី​ផ្នែក​សិល្បៈ សង្ក្រាន្តច្បារអំពៅ បាន​និយាយថា កម្មវិធី​សិល្បៈ​មាន​ច្រើនទម្រង់​មែនទែន ដែលមាន​ការចូលរួម​ពីសិល្បករ​គ្រប់ផ្នែក​​ក្នុងនោះ​យើង​មានការ​បង្ហាញ​ម៉ូត ទៅតាម​សម័យកាល ហើយ​ការលេង​ល្បែង​ប្រជាប្រិយ​ចាប់ពីព្រឹក​។ ការលេង​នៅ តំបន់​ត្រជាក់ចិត្ត ចាប់ផ្តើម​ពី​ម៉ោង​១​រសៀល ការប្រគំតន្ត្រី និង​ចាប់ផ្តើម​ពី​ម៉ោង​៦ ដល់​ម៉ោង​១០​យប់ និង​មាន​កម្មវិធី​សប្បាយៗ​ជាច្រើន​ទៀតផង​ដែរ​៕/Ha