តារា​ថៃ​បង់​ប្រាប់​២​លាន​បាត​ដើម្បី​នៅក្រៅ​ឃុំ ជុំវិញ​រឿងអាស្រូវ​ឆបោក​

1142
ចែករម្លែក

តុលាការព្រហ្មទណ្ឌបានអនុម័តការបង់ប្រាក់ធានាខ្លួននៅក្រៅឃុំសំរាប់តារាវ័យក្មេងថៃលោក ហ្ស៊ីរ៉ាតពីស៊ិត ចារ៉ាវិហ្ស៊ីត( Jiratpisit Jaravijit)ដែលរងការចោទប្រកាន់ថាពាក់ព័ន្ធនឹងគំរោងឆបោកប្រាក់៨០០លានបាត ខណៈប៉ូលិសកំពុងសុំអោយតុលាការចេញដីកាចាប់ខ្លួនមនុស្សមួយចំនួនទៀត។

ហ្ស៊ីរ៉ាតពីស៊ិត ចេញពីតុលាការព្រហ្មទណ្ឌកាលពីថ្ងៃសុក្រ

ក្នុងពេលជាមួយគ្នា ការិយាល័យប្រឆាំងការលាងលុយ ក៏បានបង្កកគណនីធានាគាររបស់ជនសង្ស័យចំនួន៥១ នៅក្នុងការឆបោករូបបិយប័ណ្ណឌីជីថលរាប់លានបាត។ការិយាល័យនេះក៏រឹបអូសយកប្លង់ដីចំនួន១៥មានតំលៃ១៧៦លានបាត ដោយសារវាត្រូវបានគេសង្ស័យថាទិញដោយប្រាក់ខុសច្បាប់។

យោងតាមអ្នកស៊ើបអង្កេត ហ្ស៊ីរ៉ាតពីស៊ិត បងប្រុសរបស់គាត់និងជនសង្ស័យដទៃទៀតជាប់ពាក់ព័ន្ធនឹងការឆបោកបុរសជនជាតិហ្វាំងឡង់ម្នាក់អស់ប្រាក់ជិត៨០០លានបាត។

បងប្រុសរបស់ ហ្ស៊ីរ៉ាតពីស៊ិតដែលកំពុងគេចខ្លួន មានគណនីជាមួយប្រាក់១១១,៩លានបាត ចំណែកបងស្រីមានប្រាក់១៤០,១លានបាតនៅក្នុងគណនី។

ហ្ស៊ីរ៉ាតពីស៊ិត បានប្រាប់អ្នកស៊ើបអង្កេតថា ខ្លួនជាជនស្លូតត្រង់គ្មានកំហុសនិងថាគណនីធនាគាររបស់លោកត្រូវបងប្រុសប្រើ។

ម្ចាស់ប្រាក់ជនជាតិហ្វាំងឡង់លោកAarni Otava Saarimaa ត្រូវបានល្បួងអោយផ្ទេរប្រាក់Bitcoins តំលៃប្រមាណ៨០០លានបាតទៅអោយជនសង្ស័យសំរាប់ការវិនិយោគភាគហ៊ុនក្នុងខ្សែភាពយន្តថៃនិងកាស៊ីណូនៅម៉ាកាវ។តែបុរសនេះបានប្តឹងប៉ូលិសថា ក្រោយផ្ទេរប្រាក់ហើយខ្លួនមិនដែលបានទទួលភាគហ៊ុនទេ៕ដោយ៖វាសនា