តារា​ទូរទស្សន៍ រហស្សនាម “​ប៉ារីស ហ៊ីលតុន រុស្ស៊ី​” ប្រកាស​ឈរឈ្មោះ​ប្រជែង​តំណែង​ប្រធានាធិបតី ជាមួយ លោកពូ​ទីន​

415

​តារា​ទូរទស្សន៍​រុស្សី ដែល​គេ​ពណ៌នា​ថា​ជា នាង ប៉ារីស ហ៊ីលតុន របស់​រុស្ស៊ី បាន​និយាយថា នាង​នឹង​ឈរឈ្មោះ​ប្រជែង​តំណែង​ប្រធានាធិបតី​ជាមួយ លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន​។​

​នាង ក្សេ​នៀ សប់​ឆាក់ (Ksenia Sobchak) និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​១៨​តុលា​ថា នាង​គ្រោង​នឹង​ឈរឈ្មោះ​នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​នៅ​ឆ្នាំក្រោយ​។​

​ការស្ទង់មតិ​បានបង្ហាញ​ថា លោកពូ​ទីន​នឹង​ឈ្នះ​ការបោះឆ្នោត​ជា​ប្រធានាធិបតី​ម្តងទៀត​យ៉ាង​ងាយស្រួល ប្រសិនបើ​លោក​សម្រេចចិត្ត​ស្វែងរក​អាណត្តិ​ទី ៤ របស់លោក​នៅ​ខែមីនា​ខាងមុខ ដូចដែល​ក្រុម​អ្នកជំនាញ​រំពឹងទុក​នោះ​។​

​ក្រុម​អ្នកបោះឆ្នោត​សេរី​ខ្លះ​ចោទប្រកាន់​លោកពូ​ទីន​ថា​មើល​ការខុសត្រូវ​លើ​ប្រព័ន្ធ​ពុករលួយ ដែល​បាន​ផ្តាច់​រុស្ស៊ី​ពី​ពិភពលោក​ខាងក្រៅ ហើយ​ភាគច្រើន​នៃ​ពួកគេ​បាន​ចូលរួម​ក្នុងការ​តវ៉ា​ដ៏​ធំ ដែល​រៀបចំឡើង​ដោយ​អ្នក​រិះគន់​លោកពូ​ទីន គឺ​លោក អា​ឡិច​សី ណា​វ៉ាល់​នី (Alexei Navalny)​។​

​ប៉ុន្តែ​ក្រុមមន្ត្រី​រុស្ស៊ី​បាន​និយាយថា លោក​ណា​វ៉ាល់​នី មិនមាន​សិទ្ធិ​ឈរឈ្មោះ​ប្រជែង​តំណែង​ប្រធានាធិបតី​ទេ ដោយសារតែ​ការផ្តន្ទាទោស​ព្រហ្មទណ្ឌ ដែល​លោក​និយាយថា ត្រូវបាន​គេ​ប្រឌិត​ឡើង​នោះ​។​

​នាង ក្សេ​នៀ សប់​ឆាក់ ដែល​ត្រូវបាន​ពណ៌នា​ដោយ​ទស្សនាវដ្ដី Vogue ថា​ជា​នាង​ប៉ារីស ហ៊ីលតុន របស់​រុស្ស៊ី បាន​និយាយថា នាង​បាន​សម្រេចចិត្ត​ឈរឈ្មោះ​ប្រជែង​តំណែង​ប្រធានាធិបតី ពីព្រោះ​នាង​ធុញទ្រាន់​នឹង​អ្នកនយោបាយ​មុខ​ដដែលៗ ដូចជា លោក ពូ​ទីន ជាដើម បន្ទាប់ពី​ឈរឈ្មោះ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។​

​នៅក្នុង​វីដេអូ​ឃ្លី​ប​មួយ ដែល​បង្ហោះ​នៅលើ​បណ្តាញ​អ៊ី​ធឺ​ណេ​ត​កាលពី​ល្ងាច​ថ្ងៃ​ពុធ នាង ក្សេ​នៀ សប់​ឆាក់ អាយុ ៣៥ ឆ្នាំ​បាន​និយាយថា នាង​មាន​សិទ្ធិ​ឈរឈ្មោះ​សម្រាប់​ការងារ​នយោបាយ​កំពូល​របស់​ប្រទេស​រុស្ស៊ី នៅក្រោម​រដ្ឋធម្មនុញ្ញរ​បស់​ប្រទេស ដែល​ចែងថា​បេក្ខជន​ទាំងអស់​ត្រូវតែមាន​អាយុ​ចាប់ពី ៣៥ ឡើងទៅ​។​

​នាង ក្សេ​នៀ សប់​ឆាក់ និយាយថា “​ខ្ញុំ​បានសម្រេច​ចិត្ត​អនុវត្ត​សិទ្ធិ​នោះ​ហើយ ពីព្រោះ​ខ្ញុំ​នឹង​ប្រជែង​ជាមួយ​អ្នក​ទាំងនោះ ដែល​តែងតែ​អនុវត្ត​សិទ្ធិ​ទាំង​នេះដែរ​។ នៅពេល​ខ្ញុំ​មាន​អាយុ ១៨ ឆ្នាំ និង​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន បាន​ក្លាយជា​ប្រធានាធិបតី​រុស្ស៊ី​។ កូន​ណា​ដែល​កើត​នៅ​ឆ្នាំ​នោះ នឹង​ទៅ​បោះឆ្នោត​នៅ​ឆ្នាំនេះ​។ សូម​គិតតែ​អំពី​រឿងនេះ​បាន​ហើយ​”៕ ដោយ៖ កញ្ញាដាលីស

នាង ក្សេ​នៀ សប់​ឆាក់ នឹង​ឈរឈ្មោះ​ប្រជែង​តំណែង​ប្រធានាធិបតី​ជាមួយ​លោកពូ​ទីន​នៅ​ឆ្នាំក្រោយ
នាង ក្សេ​នៀ សប់​ឆាក់ នឹង​ឈរឈ្មោះ​ប្រជែង​តំណែង​ប្រធានាធិបតី​ជាមួយ​លោកពូ​ទីន​នៅ​ឆ្នាំក្រោយ