តារា​បង្ហាញ​ម៉ូត​ប្រចាំ​ក្រុមហ៊ុន Chanel នាំមុខគេ​ក្នុងការ​គោរព​វិញ្ញាណក្ខន្ធ​កំពូល​អ្នក​ច្នៃ​ម៉ូត កាល់ ឡា​ហ្គើ​ហ្វេ​ល ដែល​ទទួលមរណភាព​នៅ​អាយុ ៨៥ ឆ្នាំ​

300
ចែករម្លែក

តារា​បង្ហាញ​ម៉ូត​របស់​ក្រុមហ៊ុន Chanel នាង​ដេ​ន គ្រូ​ជើ នាង​កេ​រ៉ា ណៃ​លី និង​នាង​លី​លី រ៉ូ​ស​ដេ​ប បាន​នាំមុខ​តារាៗ​ដទៃទៀត​ដើម្បី​សម្តែង​ការគោរព​ដល់​កំពូល​អ្ន​ក​ច្នៃ​ម៉ូត​ទើប​ស្លាប់ទៅ លោក កាល់ ឡា​ហ្គើ​ហ្វេ​ល (Karl Lagerfeld) បន្ទាប់ពី​គាត់​បានទទួល​មរណភាព​ដោយសារ​ជំងឺមហារីក​លំពែង​កាលពី​ថ្ងៃ​អង្គារ​ទី​១៩​កុម្ភៈ នៅ​អាយុ ៨៥ ឆ្នាំ​។​

​នៅក្នុង​ផុស​ដ៏​ឈឺចាប់​មួយ នាង​ដេ​ន គ្រូ​ជើ​បាន​លាតត្រដាង​ថា នាង​កំពុង​នាំ​កូនស្រី​អាយុ ៤ ខែ​របស់​នាង​ទៅ​ជួប​គាត់​នៅ​ប្រទេស​បារាំង ប៉ុន្តែ​បាន​សារភាពថា “​ខ្ញុំ​យឺត​ពេល​ទៅហើយ​” ខណៈពេលដែល​នាង​កេ​រ៉ា បាន​និយាយ​ជាមួយ Yahoo! Movies អំពី​ការ​ខូចចិត្ត​របស់​នាង​។​

​ប្រភព​នានា​របស់​ក្រុមហ៊ុន​រចនា​ម៉ូដ​សម្លៀកបំពាក់ Chanel បាន​បញ្ជាក់ថា លោក​កាល់​បាន​ស្លាប់​នៅក្នុង​ទីក្រុង​ប៉ារីស​។ នាយក​សិល្បៈ​របស់​ក្រុមហ៊ុន Chanel រូបនេះ​មើលទៅ​មាន​ភាពទន់ខ្សោយ​ខ្លាំង​ឡើង​នៅ​ប៉ុន្មាន​រដូវ​កាល​ចុងក្រោយ​នេះ និង​មាន​បញ្ហា​សុខភាព​ខ្លាំង​នៅ​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​។​

​នៅក្នុង​ផុស​របស់​នាង​ដេ​ន​ដើម្បី​រំលឹក​គុណ​ដល់​កំពូល​អ្នក​ច្នៃ​ម៉ូត​រូបនេះ នាង​បាន​បង្ហើប​ឱ្យដឹងថា​នាង​គ្រោង​នឹងធ្វើ​ដំណើរ​ទៅ​ប្រទេស​បារាំង​នៅ​សប្តាហ៍​នេះ​ដើម្បី​ណែនាំ​លោក​កាល់​ឱ្យ​ស្គាល់​កូនស្រី​របស់​នាង ខណៈ​នាង​សរសេរថា “​កាល់​…​ខ្ញុំ​មិនអាច​ប្រាប់​លោក​បានទេ​ថា​តើ​លោក​មានន័យ​ប៉ុនណា​ចំពោះ​ខ្ញុំ​និង​តើ​ខ្ញុំ​នឹក​លោក​កម្រិតណា​…​។ ខ្ញុំ​នឹងមិន​បំភ្លេច​អំពើ​ល្អ​របស់លោក សំណើច​របស់លោក និង​ការ​ស្រមើល​ស្រមៃ​របស់លោក​ចំពោះ​ខ្ញុំ​បានទេ​។ ខ្ញុំ​មក​ប្រទេស​បារាំង​ដើម្បី​ជួប​លោក​នៅ​សប្ដាហ៍​នេះ ហើយ​ណែនាំ​លោក​ឱ្យ​ស្គាល់​កូនស្រី​ខ្ញុំ​…​ខ្ញុំ​ឈឺចិត្ត​ណាស់​ដែល​ខ្ញុំ​មក​យឺត​ពេល​។ សូម​ទៅកាន់​សុខ​គតិ​ភព​។ ខ្ញុំ​ស្រលាញ់​លោក​”៕ ដោយ៖ កញ្ញាដាលីស