តារា​បង្ហាញ​ម៉ូត​ប្រេ​ស៊ី​ល​ប៊ិះ​ត្រូវ​ចាប់ខ្លួន​នៅ​កូរ៉េខាងជើង បន្ទាប់ពី​លួច​មួក​ទាហាន​និង​ថត​ស្រាត​

344
ចែករម្លែក

នាង លី​សៀន គូ​ជា​រ៉េ​ស (Liziane Gutierrez) តារា​បង្ហាញ​ម៉ូត​ប្រេ​ស៊ី​ល ដែល​ប្តឹង​តារាចម្រៀង គ្រី​ស ប្រោ​ន បាន​ផ្គើន​នឹង​ច្បាប់​ដ៏​តឹងរ៉ឹង​របស់​កូរ៉េខាងជើង​ដោយ​លួច​មួក​ទាហាន​និង​ថតរូប​ស្រាត​នៅក្នុង​សណ្ឋាគារ​ព្យុងយ៉ាង​។​

​ខណៈ​ទៅលេង​នៅ​មហា​វិមាន​ភ្នំ​ម៉ាន់​ស៊ូ​ក្នុង​ទីក្រុង​ព្យុងយ៉ាង កន្លែង​ដែលមាន​រូបសំណាក​ធំៗ​របស់លោក​គីម ជុងអ៊ីល​និង​លោក​គីម អ៊ី​ល​ស៊ុ​ង ដែលជា​ឪពុក​និង​ជីតា​របស់​មេដឹកនាំ​បច្ចុប្បន្ន នាង​បាន​ថតរូប​ស៊ែ​ល​ហ្វី ដែល​គេ​ហាមឃាត់​។ ច្បាប់​កូរ៉េខាងជើង​ហាម​ថតរូប​ស៊ែ​ល​ហ្វី​ជាមួយ​រូបចម្លាក់ ឬ ជាមួយ​មេដឹកនាំ​ដាច់ដោយឡែក​ពីគ្នា​។ ទោះយ៉ាងណា នាង​គូ​ជា​រ៉េ​ស អាយុ ៣៣ ឆ្នាំ បាន​ថតរូប​អាក្រាតកាយ​ឆ្លុះ​តាម​កញ្ចក់​បន្ទប់​សណ្ឋាគា​រ​របស់​នាង ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​មហា​វិមាន​នេះ​។​

​នាង​គូ​ជា​រ៉េ​សបាន​ប្រាប់​កាសែត Mirror ថា នេះ​មិន​គ្រាន់តែ​ជា​សកម្មភាព​តែមួយគត់​នោះទេ ដែល​អាច​នាំឱ្យ​នាង​ជាប់ពន្ធនាគារ​នៅ​កូរ៉េខាងជើង​។ នាង​ថែមទាំង​បាន​លួច​មួក​ទាហាន​ម្នាក់​ទាំង​ពេល​នាង​កំពុង​ស្រវឹង នៅពេល​ទាហាន​នោះ​កំពុង​នៅក្នុង​បង្គន់​ក្នុងអំឡុងពេល​ធ្វើដំណើរ​ពី​ប្រទេស​កូរ៉េខាងជើង​ទៅកាន់​ប្រទេស​ចិន ហើយ​នាង​បាន​ពាក់មួក​នោះ​ថតរូប​ស៊ែ​ល​ហ្វី​ទៀតផង​។​

​នាង​គូ​ជា​រ៉េ​សបាន​និយាយថា ទាហាន​មិនដឹងថា​មាន​អ្វី​កើតឡើង​ចំពោះ​មួក​របស់គាត់​ទេ ព្រោះ​នាង​លួច​ពាក់​វា​ថត​ស៊ែ​ល​ហ្វី រួច​ដាក់ចុះ​វិញ មុនពេល​គាត់​ចេញពី​បង្គន់​វិញ ខណៈ​អ្នក​ផ្សេងទៀត​នៅលើ​រថភ្លើង​ហៅ​នាង​ថា​មនុស្ស​ឆ្កួត​។​

​នៅក្នុង​ឃ្លី​ប​វីដេអូ​មួយទៀត ដែល​បាន​ថត​បន្ទាប់ពី​ព្រឹត្តិការណ៍​ទាំងនោះ នាង​បាន​និយាយថា “​ប្រសិនបើ​ខ្ញុំ​មិន​ស្រវឹង​ទេ ខ្ញុំ​នឹងមិន​ធ្វើ​រឿង​ដូច្នេះ​ឡើយ គឺ​មិន​ធ្វើ​នោះឡើយ​”​។​

​នៅពេល​ឆ្លងកាត់​ប៉ូលិសអន្តោប្រវេសន៍​មុនពេល​ចូល​ប្រទេស​ចិន នាង​គូ​ជា​រ៉េ​ស​ភ័យ​ខ្លាំង នៅពេល​ឆ្មាំ​ព្រំដែន​កូរ៉េខាងជើង​ទាមទារ​ពិនិត្យមើល​រូបថត​រប​ស់​នាង មុនពេល​នាង​អាច​ចាក​ចេញពី​ប្រទេស​នេះ ដោយនិយាយ​ថា​នាង​បែកញើស​ប៉ុន​គ្រាប់ពោត នៅពេល​ពួកគេ​កំពុង​មើល​ទូរស័ព្ទ​របស់​នាង​។​

​នាង​និយាយថា “​ខ្ញុំ​ចាប់ផ្តើម​ភ័ន្ត​ភាំង ពីព្រោះ​ខ្ញុំ​មិនបាន​ដឹង​ទេ​រហូតមកដល់​ពេលដែល​រូបភាព​របស់ខ្ញុំ​និង​អ្វីៗ​គ្រប់យ៉ាង ដែល​ខ្ញុំ​បាន​ថត ត្រូវ​ឱ្យគេ​ឆែក​មើល​។ ខ្ញុំ​ពិតជា​ភ័យ​ណាស់​ព្រោះ​ខ្ញុំ​អាច​នឹង​ជាប់គុក​។ ខ្ញុំ​ពិតជា​មានសំណាង​ណាស់​ដែល​ពួកគេ​មិនបាន​ពិនិត្យមើល​អាល់​ប៊ុ​ម​ដែលមាន​រូបភាព​ទាំងអស់នោះ ដែល​ខ្ញុំ​បាន​ថត​នៅ​ទីនោះ​”​។​

​តារា​បង្ហាញ​ម៉ូត​រូបនេះ​ទទូចថា នាង​គ្មាន​ចេតនា​មិន​គោរព​ច្បាប់​កូរ៉េខាងជើង​ទេ​។​

​នាង​និយាយថា “​ខ្ញុំ​ស្រឡាញ់​កូរ៉េខាងជើង​ហើយ​ខ្ញុំ​នឹង​ត្រឡប់​ទៅវិញ ប្រាកដ​ណាស់​។ ប្រជាជន​គឺ​រួសរាយ​រាក់ទាក់​ខ្លាំងណាស់​។ ភេសជ្ជៈ​មានតម្លៃ​ថោក ហើយ​តាម​អ្វីដែល​ខ្ញុំ​បានឃើញ​ពី​ប្រទេស​កូរ៉េខាងជើង វា​ជា​ប្រទេស​ល្អ​ប្រពៃ​ណាស់​”​។​

​ជនបរទេស​អាច​ទៅលេង​នៅ​ប្រទេស​កូរ៉េខាងជើង​បាន​ទាល់​តែមាន​មគ្គុទេសក៍​អមដំណើរ ដោយ​ពួកគេ​បង្ហាញ​តែ​កន្លែង​ដែល​ពួកគេ​ចង់បង្ហាញ​ក្នុងប្រទេស​នេះ​ប៉ុណ្ណោះ និង​ត្រូវបាន​ហាមឃាត់​ការដើរ​រុករក​ក្នុងប្រទេស​នេះ​ដោយ​គ្មាន​អ្នក​អម​ជាមួយ​៕ ដោយ៖ កញ្ញាដាលីស

នាង លី​សៀន គូ​ជា​រ៉េ​ស