តារា​បង្ហាញ​ម៉ូត​ប្រេ​ស៊ី​ល ដែល​ចោទ​នី​ម៉ា​ពីបទ​រំលោភ​សេពសន្ថវៈ ត្រូវបាន​ប៉ូលិស​ចោទ​ពីបទ​ឆបោក​និង​ជំរិត​ទារប្រាក់​

249
ចែករម្លែក

តារា​បង្ហាញ​ម៉ូត​ប្រេ​ស៊ី​ល​ម្នាក់ ដែល​ចោទ​តារាបាល់ទាត់​នី​ម៉ា​ពីបទ​រំលោភ​នោះ ត្រូវបាន​ចោទប្រកាន់​ពីបទ​ឆបោក​និង​ជំរិត​ទារប្រាក់​។​

​នាង ណា​ជី​ឡា ទ្រី​ន​ដា​ដេ បានដាក់​ពាក្យបណ្តឹង​ពីបទ​រំលោភ​សេពសន្ថវៈ​ទៅ​ប៉ូលិស​ក្រុង​សៅ​ប៉ូ​ឡូ នៅពេល​នាង​វិលត្រឡប់​ពី​ដំណើរ​ទៅកាន់​ទីក្រុង​ប៉ារីស​កាល​ពី​ខែឧសភា ដែល​ក្នុងនោះ​នាង​បាន​និយាយថា​នាង​ត្រូវបាន​ចាប់រំលោភ​ដោយ​តារាបាល់ទាត់​របស់​ក្រុម Paris St-Germain បន្ទាប់ពី​ការ​ណាត់​ជួបគ្នា​មួយ​។​

​ចៅក្រម​បាន​ច្រានចោល​ករណីនេះ​កាលពី​ខែសីហា​ដោយ​សំអាង​លើ​ភស្តុតាង​មិន​គ្រប់គ្រាន់​។​

​បន្ទាប់ពី​ព័ត៌មាន​នេះ នី​ម៉ា​និយាយថា “​ខ្ញុំ​សូម​និយាយ​តាម​ត្រង់ ខ្ញុំ​នឹងមិន​និយាយថា​ខ្ញុំ​សប្បាយចិត្ត​ទេ ប៉ុន្តែ​ធូរទ្រូង​ខ្លាំងណាស់​។​” នៅក្នុង​សារ​បង្ហោះ​លើ Instagram ។​

​ប៉ុន្តែ​កាលពី​ថ្ងៃ​អង្គារ​ទី​១០​កញ្ញា​ប៉ូលិស​ក្រុង​សៅ​ប៉ូ​ឡូ​បាន​និយាយថា ពួកគេ​បាន​ចោទប្រកាន់​តារា​បង្ហាញ​ម៉ូត​រូបនេះ​ពីបទ​ឆបោក បរិហារកេរ្តិ៍ និង​ជំរិត​ទារប្រាក់​។​

​អតីត​ដៃគូ​របស់​នាង ឈ្មោះ អេ​ស្ទី​វិ​ន អាល់​វ៉េ​ស ក៏​ត្រូវបាន​ចោទប្រកាន់​ផងដែរ​ពីបទ​បញ្ចេញ​មាតិកា​អាសអាភាស ដែល​ក្រោយមក​បាន​បង្ហោះ​លើ​អន​ឡាញ​។

​សេចក្តីសម្រេច​ចុងក្រោយ​អំពី​ថា​តើ​នឹងត្រូវ​កាត់ទោស​នាង​ណា​ជី​ឡា​ដោយ​របៀប​ណា​នោះ គឺ​ទុកឱ្យ​លោក​ចៅក្រម​ជា​អ្នកចាត់ការ​៕ ដោយ៖ កញ្ញាដាលីស

នាង ណា​ជី​ឡា ទ្រី​ន​ដា​ដេ ត្រូវបាន​ចោទប្រកាន់​ពីបទ​ឆបោក បរិហារកេរ្តិ៍ និង​ជំរិត​ទារប្រាក់
#