តារា​ម៉ូ​ឌែ​ល​ដើរ​ម៉ូត​បណ្តើរ​បំបៅ​ដោះ​កូន​បណ្តើរ បង្កឱ្យមាន​ការជជែក​ដ៏​ក្តៅគគុក​

783
ចែករម្លែក
  • 1
    Share

តារា​ម៉ូ​ដែល​ជនជាតិ​អាមេរិក ម្នាក់​បានធ្វើឱ្យ​មហាជន​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង ដោយសារ ហ៊ាន​ដើរ​បង្ហាញ​ម៉ូត​បណ្តើរ​បំបៅ​ដោះ​កូនតូច​បណ្តើរ​នៅលើ​ឆាក​ក្នុង​ក្រុង​ម៉ៃ​អា​មី (Miami) សហរដ្ឋអាមេរិក ពីព្រោះ​ទង្វើ​នេះ​ពិតជា​គួរឱ្យភ្ញាក់ផ្អើល​ណាស់​នៅក្នុង​ប្រទេសមួយ​នេះ ដែល​ស្ត្រី​ជាច្រើន​នៅតែមាន​អារម្មណ៍​មិន​ស្រណុកចិត្ត​ដែល​បំបៅ​ដោះ​កូន​នៅ​ទីសាធារណៈ​។​

​ពេល​ដល់​វេន​នាង ម៉ា​រ៉ា ម៉ា​ទីន (Mara Martin) ត្រូវ​ចេញមុខ​ដើរ​បង្ហាញ​ម៉ូត​នាង​ក៏​ដើរ​ចេញមក ក្នុង​ឈុត​ហែល​ទឹក​ពណ៌​មាស​ចែងចាំង ទាំង​ដៃ​បីកូន​ស្រី​របស់​នាង​ឈ្មោះ អា​រៀ (Aria) អាយុ ៥ ខែ​ដែល​ពាក់​កាស ហើយ​បំបៅ​ដោះ​កូន​យ៉ាង​រំភើយ​លើ​ឆាក​ដែល​រៀបចំឡើង​ដោយ​ទស្សនាវដ្ដី​កីឡា Sports Illustrated កាលពី​ថ្ងៃអាទិត្យ​ចុង​សប្តាហ៍​កន្លងទៅនេះ​។

​ទង្វើ​របស់​នាង បាន​បង្កឱ្យមាន​ការជជែក​វែក​ដេញដោល​យ៉ាង​ក្តៅគគុក​ដោយ​ខ្លះ​សរសើរ​ទឹកចិត្ត របស់​នាង​ក្នុងនាម​ជា​ម្តាយ ដែល​សុខចិត្ត​កាត់​កេរ្តិ៍ខ្មាស​ដើម្បី​កូន ហើយ​ខ្លះ​រិះគន់​នាង​ថា​ធ្វើ​នេះ មិន​សមរម្យ​។

​នៅក្នុង​សារ​បង្ហោះ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម Instagram មួយថ្ងៃ​ក្រោយមក នាង ម៉ា​រ៉ា ម៉ា​ទីន បាន​ថ្លែងអំណរគុណ​ចំពោះ​ការឆ្លើយតប​វិជ្ជមាន​ច្រើន​លើសលប់​របស់​សាធារណជន​៕ ប្រែ​សម្រួល​: ខុម​