តារា​លេចធ្លោ​បី​រូប ជា​គណៈកម្មការ​ជ្រើសរើស​មនុស្ស​ធាត់ យកទៅ​កែ​សម្ផស្ស​

503

(​ភ្នំពេញ​)៖ ពិតជា​មិនធម្មតា និង​ប្លែក​ផងដែរ នៅពេល​មជ្ឈមណ្ឌល​កែ និង​ថែរក្សា​សម្ផស្ស​មួយ យីហោ “Xeno” (​ហ្សី​ណូ​) ដែលជា​របស់​តារា​សម្តែង សា​រ៉ា​យ ស​ក្ខ​ណា​បាន​បង្កើត​កម្មវិធី ប្រឡង​យក​មនុស្ស​ធាត់ មក​កែ​ប្រែជា​មនុស្ស​ថ្មី​ស្រស់ស្អាត​ឱ្យ​ខុស​ពីមុន​។ ជាមួយគ្នា​នោះ តារា​លេចធ្លោ​បី​រូប កញ្ញា ឌុ​ច លីដា កញ្ញា ជី​មមី និង​កញ្ញា ទឹម រដ្ឋា បាន​ជាប់​គណៈកម្មការ និង​ជា​អ្នក​រើស​បេក្ខភាព​មនុស្ស​ធាត់​ទាំងប្រុស ទាំងស្រី មក​ប្រឡង​។​

​នៅក្នុង​សន្និសីទកាសែត​ប្រកាស​ការប្រឡង “Xeno Makeover” កាលពី​រសៀល​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៨ នៅ​មជ្ឈមណ្ឌល​ថែរក្សា​សម្រស់​របស់​អ្នកនាង សា​រ៉ា​យ ស​ក្ខ​ណា បានឱ្យដឹងថា កម្មវិធី​ប្រឡង​មួយ​នេះ គឺ​ដើម្បី​ផ្ដល់ឱកាស​ឱ្យ​បេក្ខជន បេ​ក្ខ​នារី រាប់រយ​នាក់ ដែល​បានដាក់​ពាក្យ​ចូល​ប្រកួត មានឱកាស​ឈ្នះ​បាន​ទឹកប្រាក់ រហូតដល់​ជាង​១២.០០០ ដុល្លារ ក្នុងការ​ថែរក្សា​សម្រស់​ពី​សក់​ក្បាល ដល់​ចុងជើង​ម្នាក់ ។ កម្មវិធី​នេះ តម្រូវឱ្យ​តារា ៣ ដួង ដែល​ជម្រើស​ជា​គណៈកម្មការ​នោះ មក បំពេញ​តួនាទី​ជា​គ្រូបង្វឹក និង​ជា​អ្នកផ្ដល់​ប្រឹក្សា​ពី​ការ កែ​សម្រស់ និង​ជា​ពិធី​ការិនី​ដើម្បី​សម្របសម្រួល​កម្មវិធី​។​

​លោក រ៉ា​ប៊ីត អ្នកគ្រប់គ្រង​មជ្ឈមណ្ឌល បាន​ថ្លែង​បញ្ជាក់ថា កម្មវិធី​ដែល​ផ្ដើម​ទទួល​ពាក្យ​ប្រកួត ប្រជែង ចាប់ពី​ថ្ងៃទី​១២ មិថុនា ដោយ​មិន​ប្រកាន់​ថា ប្រុស​ឫ​ស្រី នោះទេ ឱ្យតែ​ជា​អ្នក​ធាត់ ចាប់ពី​ទម្ងន់​ជាង ៧០ គីឡូ​នេះ មានបំណង​តែមួយគត់ គឺ​ចង់ឱ្យ​អ្នកមាន​គីឡូ​ធាត់ ដែល​ដាក់ពាក្យ ប្រកួត​ទាំងអស់ ដែល​ឈ្នះ ទទួលបាន​ឱកាស​សម្រក​ខ្លាញ់ សម្រក​រាង និង​កែទម្រង់​មុខ​ឱ្យក្លាយ ជា​មុខ V ដែល​គិត​ជា​ទឹកប្រាក់ គឺ​រហូតដល់​ជាង ១២.០០០​ដុល្លារ​។​

​លោក​ក៏បាន​បញ្ជាក់ថា កម្មវិធី​នេះ តារា ៣ ដួង នឹងមាន​តួនាទី​ដោយឡែក​ពីគ្នា ដោយ​កញ្ញា ទឹម រដ្ឋា ត្រូវបំពេញ​ការងារ​ជា​គ្រូបង្វឹក ជា​អ្នក​បង្ហាត់​បេក្ខជន បេ​ក្ខ​នារី ជា​អ្នក​សង្កេត​អត្ត​ច​រឹក និង​ការវិវត្តន៍ របស់​អ្នក​ប្រកួត​។ កញ្ញា ឌុ​ច លីដា គឺជា​អ្នក​បង្ហាញ​ពីបទ​ពិសោធន៍​ក្នុងការ​សម្រក​ខ្លាញ់​ដល់​បេក្ខជន ដោយ​ត្រូវ​ប្រាប់​របៀប​ថា មុនពេល​សម្រក​ខ្លាញ់ ត្រូវធ្វើ​យ៉ាងម៉េច ក្រោយ​សម្រក​ត្រូវធ្វើ​យ៉ាងម៉េច​ខ្លះ ដើម្បី​កុំឱ្យ​បេក្ខជន បេ​ក្ខ​នារី ដែល​ភ័យខ្លាច មុនពេល​បូម​ខ្លាញ់​។ ចំណែក​កញ្ញា ជី​មមី គឺជា​ពិធី​ការិនី ក្នុង​កម្មវិធី​តាំងពីដើម​ដល់​ចប់ ដែល​នាង​គឺជា​តួឯក​ធំ​មួយ សម្រាប់​ការប្រកួតប្រជែង​ទាំងមូល ខណៈដែល​ការប្រកួត​នេះ នឹងមាន​តែមួយគត់ ដើម្បីឱ្យ​អ្នកឈ្នះ​ដែលមាន​រូបរាង​ធាត់​មក​ក្លាយជា មនុស្ស​បាន​ស្អាត និង​ក្លាយជា​មនុស្ស​ថ្មី ក្រោយ​កែ​សម្រស់ នៅ​មណ្ឌល​កែ​សម្ផស្ស​មួយ​នេះ​។​

​លោក​បាន​បន្តថា ការប្រកួត​នេះ គ្រោង​នឹងមាន​អ្នកដាក់ពាក្យ រហូតដល់​រាប់រយ​នាក់ ដោយ​ក្នុង ចំណោម​អ្នកដាក់ពាក្យ នឹង​ជម្រុះ​យកតែ ២០ រូប តាម​រូបថត ហើយ​ជម្រុះ​យក ១០ នាក់ ឱ្យ​ឡើង​ប្រកួត ក្នុង​កម្មវិធី​ក្រោម​ការ​បង្វឹក​របស់​កញ្ញា ទឹម រដ្ឋា និង​កញ្ញា ឌុ​ច លីដា ហើយ​មាន​កញ្ញា ជី​មមី ធ្វើជា​ពិធី​ការិនី​មួយរូប​ដែល​សម្របសម្រួល តាំងពីដើម​កម្មវិធី រហូតដល់​ចប់​ផងដែរ​៕ ដោយ​: បូ​រិ​ន​