តារា​ល្បី​របស់​បូលីវូដ​ឥណ្ឌា​ជាច្រើនរូប​ត្រូវបាន​ស៊ើបអង្កេត​ករណី​លាងលុយកខ្វក់​នៅក្រៅ​ប្រទេស​

1181

​លោក អា​មី​តាប់ បាច​ចាន់ (Amitabh Bachchan) តារា​ប្រចាំ​សហ​វត្សរ៍​របស់​ទស្សនា​វ​ដ្ដី Time កូនប្រសា​ស្រី​របស់គាត់ គឺ​នាង អៃ​ស្វា​រី​យ៉ា រ៉ៃ (Aishwarya Rai) និង​តារា​សម្តែង​ម្នាក់ទៀត ឈ្មោះ អា​ចៃ ដេ​វ​ហ្គា​ន (Ajay Devgan) កំពុង​ត្រូវបាន​ស៊ើបអង្កេត​ក្រោម​ច្បាប់​គ្រប់គ្រង​រូបិយ​បណ្ណ​បរទេស ពីព្រោះ​ឈ្មោះ​របស់​ពួកគេ​បានបង្ហាញ​នៅក្នុង​ឯកសារ​ប៉ា​ណា​ម៉ា​ដែល​បាន​លេច​ធ្លាយ​។​

​តារាភាពយន្ត​ឥណ្ឌា​ទាំងបី​រូបនេះ​បាន​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​របស់​ទីភ្នាក់ងារ​អនុវត្ត​ច្បាប់​នៅក្នុង​ប្រទេស​នេះ ដោយសារតែ​ភាពមិនប្រក្រតី​ដែល​ទាក់ទង​នឹង​ការនិយាយ​អំពី​ឈ្មោះ​របស់​ពួកគេ​នៅក្នុង​ឯកសារ​បែកធ្លាយ​របស់​ប៉ា​ណា​ម៉ា​។​

​លោក​បាច​ចាន់ និង នាង​រ៉ៃ បានដាក់​ឯកសារ​ពាក់​ព័ន្ធ​នឹង​ការស៊ើបអង្កេត​ករណីនេះ​កាលពី​ថ្ងៃ​ពុធ​ទី​២៧​កញ្ញា ជាមួយ​នាយកដ្ឋាន​អនុវត្ត​ច្បាប់ (ED) ដែលជា​ស្ថាប័ន​ស៊ើបអង្កេត​បទល្មើស​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​ឥណ្ឌា ដែល​ទាក់ទង​នឹង​ការលាង​លុយកខ្វក់​។​

​ប្រភព​នានា​នៅក្នុង​ក្រសួង​ហិរញ្ញវត្ថុ​ឥណ្ឌា​បាន​បង្ហាញថា​នាយកដ្ឋាន​ពន្ធ​លើ​ប្រាក់ចំណូល​របស់​ប្រទេស​នេះ​បាន​ផ្ដួចផ្ដើម​ការស៊ើបអង្កេត​សរុប​ចំនួន ៣៣ ករណី​ទាក់ទង​នឹង​ឈ្មោះ​ដែល​បានបង្ហាញ​នៅក្នុង​ឯកសារ​ប៉ា​ណា​ម៉ា និង​មួយចំនួនទៀត​កំពុង​ស្ថិតនៅ​ក្នុងការ​ដំណើរការ​ពិនិត្យមើល​។ គួរ​កត់សម្គាល់ថា នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន ណា​វ៉ាស សារី​ហ្វ (Nawaz Sharif) ត្រូវ​លាលែង​ពី​តំណែង​ដោយសារតែ​ការ​លាតត្រដាង​ឈ្មោះ​គាត់​នៅក្នុង​ឯកសារ​ប៉ា​ណា​ម៉ា​។​

​ការ​លេច​ធ្លាយ​ឯកសារ​ប៉ា​ណា​ម៉ា​គឺ​ផ្ទុក​ទិន្នន័យ​ពី​ក្រុមហ៊ុន​ក្រៅប្រទេស​ចំនួន ២១០.០០០ ដែល​ត្រូវបាន​រៀបរៀង​ដោយ​ក្រុមហ៊ុន​ច្បាប់ Mossack Fonseca នៅ​ប៉ា​ណា​ម៉ា​។​

​ឯកសារ​លេច​ធ្លាយ​ទាំងនេះ​បាន​ចោទប្រកាន់ថា លោក​បាច​ចាន់ គឺជា​ប្រធាន​ក្រុមហ៊ុន​ដឹកជញ្ជូន​ក្រៅប្រទេស​យ៉ាងហោចណាស់​បួន ដែល​បង្កើតឡើង​នៅ​ឆ្នាំ ១៩៩៣ នៅក្នុង​ប្រទេស​ដែល​គិត​ពន្ធ​ទាប​បំផុត​។ ក្នុងចំណោម​ក្រុមហ៊ុន​ទាំង​បួន គឺមាន​ក្រុមហ៊ុន​មួយ​ត្រូវបាន​រាយការណ៍​ថា​ស្ថិតនៅក្នុង​កោះ​ប្រ៊ី​ត​ធី​ស​វើ​ជីន (British Virgin) និង​បី​ទៀត​នៅ​កោះ​បា​ហា​ម៉ាស​។ ក្រុមហ៊ុន​ដែល​កំពុង​ជាប់​សង្ស័យ​ទាំងនោះ​មានដូចជា​ក្រុមហ៊ុន Sea Bulk Shipping Company Ltd ក្រុមហ៊ុន Lady Shipping Ltd ក្រុមហ៊ុន Treasure Shipping Ltd និង​ក្រុមហ៊ុន Tramp Shipping Ltd​។ លោក បាច​ចាន់ បាន​បដិសេធ​ការចោទប្រកាន់​ទាំងនេះ​។​

​ឯកសារ​ប៉ា​ណា​ម៉ា​ត្រូវបាន​ទម្លាយ​ដោយ​ក្រុមអ្នកកាសែត​ស៊ើបអង្កេត​អន្តរជាតិ​នៅ​ឆ្នាំ ២០១៦ និង​បាន​បញ្ចេញ​ឈ្មោះ​មេដឹកនាំ​និង​ជន​ល្បីល្បាញ​ជាច្រើន​នាក់​ដែល​ត្រូវបាន​ចោទប្រកាន់ថា​ផ្ទេរ​លុយ​ទៅ​ក្រៅប្រទេស​តាមរយៈ​ក្រុមហ៊ុន​ក្រៅ​ស្រុក​ជាច្រើន​៕ ដោយ៖ កញ្ញាដាលីស

លោក អា​មី​តាប់ បាច​ចាន់ និង​កូនប្រសា នាង អៃ​ស្វា​រី​យ៉ា រ៉ៃ